COVID-19
អន្តរជាតិ
ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ លោក បៃឌិន ប្រាប់ពលរដ្ឋអាមេរិកកុំឲ្យបារម្ភ 22, Dec 2020 , 9:53 am
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃឌិន ចាក់វ៉ាក់សាំងនៅថ្ងៃទី ២១ ខែធ្នូ ។ រូបពី AFP
× ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន នៅថ្ងៃទី២១ ខែធ្នូ បានទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ទៀតផង ដើម្បីបង្កើនទំនុកចិត្តពលរដ្ឋអាមេរិកពាក់ព័ន្ធសុវត្ថិភាពរបស់វ៉ាក់សាំង។ ក្រោយចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer រួច លោកប្រាប់ពលរដ្ឋអាមេរិកកុំព្រួយបារម្ភអ្វី ហើយលើកទឹកចិត្តឲ្យពួកគេត្រៀមខ្លួនចាក់នៅពេលមានវ៉ាក់សាំង។
នៅវ័យ៧៨ឆ្នាំ លោក ចូ បៃឌិន ស្ថិតក្នុងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ចំពោះជំងឺកូវីដ-១៩។ អនាគតប្រធានាធិបតីទី៤៦របស់អាមេរិករូបនេះ បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នៅមន្ទីរពេទ្យមួយ ដែលមិនឆ្ងាយប៉ុន្មានទេពីផ្ទះរបស់លោកនៅរដ្ឋ Delaware។ ប្រពន្ធលោក អ្នកស្រី Jill Biden ក៏បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅថ្ងៃតែមួយរួចរាល់ផងដែរ។
លោក បៃឌិន អះអាងថា អ្វីដែលលោកកំពុងធ្វើនេះ គឺដើម្បីបង្ហាញប្រាប់ពលរដ្ឋអាមេរិកឲ្យត្រៀមខ្លួនចាក់វ៉ាក់សាំងដែលមាន ហើយគ្មានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ ក៏ប៉ុន្តែលោក បៃឌិន ក៏កត់សម្គាល់ថា ខណៈការចាក់វ៉ាក់សាំង នឹងត្រូវការពេលច្រើន ពលរដ្ឋគួរស្ដាប់តាមអ្នកជំនាញវេជ្ជសាស្រ្ត និងកុំធ្វើដំណើរក្នុងថ្ងៃឈប់សម្រាកនាថ្ងៃខាងមុខ បើអាចទៅរួច។
ជាមួយគ្នានេះ លោក បៃឌិន បានអរគុណដល់បុគ្គលិកសុខាភិបាល និងបានចាត់ទុកពួកគេថា «វីរបុរស»។ លោកក៏បានឲ្យក្រេឌីតអ្នកវិទ្យាសាស្រ្តដែលបានអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងជារដ្ឋបាលលោកត្រាំ ដែលដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ។
អនុប្រធានាធិបតីជាប់ឆ្នោតអាមេរិក កាម៉ាឡា ហារីស និងស្វាមីអ្នកស្រី រំពឹងនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នាសប្ដាហ៍។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ត្រាំ មួយចំនួន បានចូលរួមក្នុងកិច្ចប្រឹងប្រែងជំរុញទំនុកចិត្តពលរដ្ឋលើសុវត្ថិភាពវ៉ាក់សាំង ដូចយ៉ាង អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ប្រធានសភាតំណាងអាមេរិក ណានស៊ី ផេឡូស៊ី និងមេដឹកនាំសំឡេងភាគច្រើនព្រឹទ្ធសភា លោក Mitch McConnell ជាដើម បានចាក់វ៉ាក់សាំងរួចរាល់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
យ៉ាងណាមិញ ប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ កំពុងពិភាក្សាជាមួយក្រុមគ្រូពេទ្យលោក ជុំវិញពេលវេលាសមរម្យសម្រាប់ឲ្យលោកចាក់វ៉ាក់សាំង។ ពាក់ព័ន្ធនឹងការយឺតយ៉ាវជាងគេនេះ សេតវិមានអាមេរិក បានផ្ដល់ហេតុផលថា លោក ដូណាល់ ត្រាំ ចង់បង្ហាញការគាំទ្រសម្រាប់ក្រុមមនុស្សដែលងាយរងគ្រោះ ឲ្យចាក់វ៉ាក់សាំងមុនគេ។
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងរបស់លោក បៃឌិន នេះ ធ្វើឡើងចំថ្ងៃតែមួយដែលវ៉ាក់សាំងទី២អាមេរិក របស់ក្រុមហ៊ុន Moderna នឹងចាប់ផ្ដើមដឹកចែកចាយដល់មណ្ឌលសុខភាពនានាតាមរដ្ឋជុំវិញសហរដ្ឋអាមេរិក។ វ៉ាក់សាំងនេះ បានចូលដៃជាមួយវ៉ាក់សាំង Pfizer ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នសម្លាប់ពលរដ្ឋអាមេរិកជាង ៣១៧ ០០០នាក់ហើយនោះ៕
Tag:
ចូ បៃឌិន
វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com