អន្តរជាតិ
កំណែទម្រង់របបរាជានិយម ជាមុខសញ្ញាអាទិភាពរបស់បាតុករថៃក្នុងឆ្នាំ២០២១
22, Dec 2020 , 10:52 am        
រូបភាព
បាតុករម្នាក់លើកបដាទាមទារឲ្យរំលាយមាត្រា១១២ នៃក្រមព្រហ្មទណ្ឌរបស់ថៃដែលចែងពីការដាក់ទោសអ្នកប្រមាថមហាក្សត្រ។ រូបភាព AFP
បាតុករម្នាក់លើកបដាទាមទារឲ្យរំលាយមាត្រា១១២ នៃក្រមព្រហ្មទណ្ឌរបស់ថៃដែលចែងពីការដាក់ទោសអ្នកប្រមាថមហាក្សត្រ។ រូបភាព AFP
ដោយ:
នៅថ្ងៃទី២១ ធ្នូ មេដឹកនាំបាតុករថៃនិយាយថា បាតុកម្មនៅឆ្នាំ២០២១ខាងមុខ នឹងផ្តោតជាអាទិភាពសំខាន់លើការទាមទារឲ្យមានកំណែទម្រង់របបរាជានិយម ខណៈបន្តដាក់សម្ពាធដល់រដ្ឋាភិបាលថៃដរាបណាការទាមទារផ្សេងទៀតត្រូវបានទទួលយក។ ជាផ្នែកមួយនៃកំណែទម្រង់រាជានិយមដ៏មានឥទ្ធិពល បាតុករក៏ទាមទារឲ្យលុបចោលច្បាប់ការពារមហាក្សត្រផងដែរ។
 
ចាប់តាំងបាតុកម្មផ្ទុះឡើងកាលពីខែសីហាកន្លងមក បាតុករថៃបានទាមទារលើបញ្ហាជាច្រើនដែលក្នុងនោះមានកំណែទម្រង់របបរាជានិយម ការទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែង និងវិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យមានលក្ខណៈប្រជាធិបតេយ្យជាងមុន។ ប៉ុន្តែ គេមើលឃើញថា បាតុករ ហាក់ទាមទារលើបញ្ហច្រើន និងមិនផ្តល់អាទិភាពឲ្យជាក់លាក់ឡើយ។
 
បើតាមកាសែតបាងកកប៉ុស្តិ៍ លោក Arnon Nampa មេដឹកនាំបាតុកម្មមួយរូបអះអាងថា ចាប់ពីឆ្នាំ២០២១ ទៅ បាតុករថៃ នឹងផ្តោតការទាមទាររបស់ខ្លួនលើកំណែទម្រង់របបរាជានិយមតែមួយមុខគត់។ កំណែទម្រង់របបរាជានិយមដែលពួកគេចង់មាន ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកាត់បន្ថយអំណាចមហាក្សត្រ មហា វជិរាលង្ករណ៍ ការទាមទារឲ្យស្ដេចបោះបង់ចោលការកាន់ទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លារ ក៏ដូចជាបញ្ឈប់ការគ្រប់គ្រងកងទ័ពដោយផ្ទាល់ផងដែរ។
 
ការលើកឡើងរបស់លោក Arnon បែបនេះធ្វើឡើងបន្ទាប់ពីលោក និងបាតុករ៧រូបផ្សេងទៀតបាន ត្រូវប៉ូលិសចោទពីបទចោទប្រមាថមហាក្សត្រតាមក្រមព្រហ្មទណ្ឌពាក់ព័ន្ធការជួបជុំនៅក្រៅបន្ទាយកងពលទី១១ នៅជាយក្រុងបាងកកដែលស្ថិតក្រោមបញ្ជាផ្ទាល់របស់ស្ដេច ដោយទាមទារស្ដេចឈប់គ្រប់គ្របអង្គភាពកងទ័ពនេះទៀត។ មាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃដាក់ទោសរហូតដល់១៥ឆ្នាំទៅលើបុគ្គលណាដែលប្រមាថមហាក្សត្រ។
 
ប្រាប់អ្នកសារព័ត៌មានពេលចេញប៉ូលិសដើម្បីបកស្រាយការចោទប្រកាន់នៅថ្ងៃទី២១ ខែធ្នូ លោក Parit Chiwarak មេដឹកនាំបាតុករម្នាក់ ក៏បានរិះគន់ប៉ូលិសដែលបម្រើអ្នកដឹកនាំផ្តាច់ការ និងប្រើប្រាស់ច្បាប់ការពារមហាក្សត្រដោយបំពាន។ លោកទទូចហើយទទូចទៀតឲ្យរដ្ឋាភិបាលលុបមាត្រានេះចោល។ បើតាមលោក Arnon និយាយថា មកទល់ពេលនេះមានបាតុករចំនួន១៥៧នាក់រងបទចោទពីការប្រមាថមហាក្សត្រនេះ។
 
បាតុកម្មដែលអូសបន្លាយជាច្រើនខែមកនេះ មិនទាន់បានទទួលលទ្ធផលអ្វីឡើយ។ ជាក់ស្តែងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ អះអាងថា លោកនឹងមិនចុះពីតំណែងឡើយ ចំណែកវិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏ពុំបានសម្រេចដូចបំណងដែរ ដ្បិតអីសេចក្តីព្រាងរដ្ឋធម្មនុញ្ញដែលតាក់តែងដោយអង្គការសង្គមស៊ីវិលiLaw ដែលមានលក្ខណៈប្រជាធិបតេយ្យ និងកែរាល់មាត្រាទាំងអស់នៃរដ្ឋធម្មនុញ្ញត្រូវបានរដ្ឋសភាថៃបដិសេធក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៨ វិច្ឆិកាទៅហើយ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com