សហភាពអឺរ៉ុប នៅថ្ងៃទី២១ ខែធ្នូ បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុនឱសថ Pfizer ដែលសហការជាមួយក្រុមហ៊ុន BioNTech ស្របពេលប្រទេសអឺរ៉ុបមួយចំនួន កំពុងមានករណីឆ្លងកើនឡើង។ បើតាមផែនការ អឺរ៉ុបគ្រោងនឹងចាក់វ៉ាក់សាំងលើប្រជាជនរបស់ខ្លួនទាំងអស់ ដែលមានប្រមាណ ៤៥០លាននាក់។
បន្ទាប់ពីមានការផ្តល់ភ្លើងបៃតងពីទីភ្នាក់ងារឱសថអឺរ៉ុប (EMA) សហភាពអឺរ៉ុប បានផ្តល់ការយល់ព្រមចុងក្រោយក្នុងការឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងដៃគូសហការ BioNTech ។ បើសិនបើគ្មានការប្រែប្រួលទេ ប្រទេសអឺរ៉ុបមួយចំនួន ដូចជាអាល្លឺម៉ង់ បារាំង អូទ្រីស និងអ៊ីតាលី នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសនៅថ្ងៃទី២៧ ខែធ្នូ ខាងមុខ បន្ទាប់ពីបុណ្យណូអែល។
ទាក់ទិននឹងបញ្ហានេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ុឡា វ៉ុន ដឹ លៃអេន បានលើកឡើងថា វ៉ាក់សាំង នឹងមានសម្រាប់គ្រប់ប្រទេសអឺរ៉ុបទាំងអស់ និងគ្រប់លក្ខខណ្ឌ។ «យើងបានដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពដំបូងប្រឆាំងកូវីដ-១៩។ វ៉ាក់សាំងជាច្រើន នឹងមកដល់ក្នុងពេលឆាប់ៗនេះ»។ ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងបែបនេះ ដោយបន្ថែមថា នេះជាជោគជ័យមួយទៀតរបស់អឺរ៉ុប។
ចំណែករដ្ឋមន្ត្រីសុខាភិបាលអ៊ីតាលី លោក Roberto Speranza ក៏បានសាទរការអនុញ្ញាតរបស់សហភាពអឺរ៉ុបដែរ ដោយចាត់ទុកដំណឹងមួយនេះ ជាអ្វីដែលប្រទេសមួយចំនួនរង់ចាំ ហើយវាជាដំណាក់កាលថ្មីមួយ ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតសកល។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅដំណាក់កាលដំបូង។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុនទាំងពីរ វ៉ាក់សាំងសម្រាប់អឺរ៉ុប នឹងផលិតនៅក្នុងទីតាំងពីរផ្សេងគ្នា ដោយក្រុមហ៊ុន BioNTech ផលិតវ៉ាក់សាំងនៅអាល្លឺម៉ង់ និងក្រុមហ៊ុន Pfizer នឹងផលិតវ៉ាក់សាំងនៅបែលហ្ស៊ិក។
ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងនេះ ធ្វើឡើងស្របពេល អ្នកវិទ្យាសាស្ត្របានរកឃើញក្រុមកូរ៉ូណាវីរុសថ្មី ដែលឆ្លងខ្លាំងជាងមុនរហូតដល់ ៧០ភាគរយ នៅអង់គ្លេស។ ទាក់ទិននឹងបញ្ហានេះ មន្ត្រី EMA បានបញ្ជាក់ថា វ៉ាក់សាំងទំនងជាមានប្រសិទ្ធភាពខ្ពស់ដដែល ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមកូរ៉ូណាវីរុសថ្មី។ តាមការចុះផ្សាយរបស់សារព័ត៌មាន Sky News មេរោគទម្រង់ថ្មី បានរាតត្បាតដល់ដាណឺម៉ាក, អ៊ីតាលី, កោះហ្ស៊ីប្រាល់តា, ហូឡង់ និងអូស្ត្រាលី។
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ ក្រុមគ្រូពេទ្យថែទាំអ្នកជំងឺកូវីដ-១៩ និងប្រជាជនវ័យចំណាស់ នឹងទទួលបានការចាក់វ៉ាក់សាំងមុន។ កន្លងមក អឺរ៉ុប បានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន Pfizer ចំនួន ២០០លានដូស សម្រាប់ចាក់លើមនុស្សចំនួន ១០០លាននាក់សិន ដោយមួយដូសតម្លៃ ១៨,៩០ដុល្លារ។ បន្ថែមពីនេះ ចំនួនវ៉ាក់សាំងផ្សេងទៀត កំពុងស្ថិតក្រោមការចរចា។
សូមបញ្ជាក់ថា ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់អឺរ៉ុបនេះ ធ្វើឡើងក្រោយពេល អង់គ្លេស និងអាមេរិក បានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេស៕