រដ្ឋាភិបាលថៃ នៅថ្ងៃទី២២ ខែធ្នូ បានប្រកាសករណីឆ្លងកូវីដ-១៩ ចំនួន ៤២៧ករណីបន្ថែមទៀត ដែលភាគច្រើនជាកម្មករចំណាកស្រុក។ រដ្ឋាភិបាលថៃ ចាត់វិធានការជាបន្តបន្ទាប់នៅក្នុងប្រទេស និងនៅតំបន់ព្រំដែន ដើម្បីទប់ស្កាត់ការរាតត្បាត ស្របពេលកងទ័ព ដែលល្បាតនៅតាមតំបន់ព្រំដែន បានសារភាពថា មិនអាចទប់ស្កាត់កម្មករចំណាកស្រុកខុសច្បាប់មកពីមីយ៉ាន់ម៉ាបានទាំងអស់ទេ។
ករណីឆ្លងនៅថៃ នៅតែបន្តកើនឡើងខ្លាំង ពិសេសនៅខេត្តសាមុតសាខនដែលជាកន្លែងផ្ទុះការរាលដាល។ ស្របពេលអាជ្ញាធរបង្កើនការធ្វើតេស្ត នៅថ្ងៃទី២២ ខែធ្នូ ថៃមានករណីឆ្លងចំនួន ៤២៧ករណីបន្ថែមទៀត ដោយក្នុងនោះ ៣៩៧ នាក់ ជាកម្មករចំណាកស្រុក។ យ៉ាងហោចណាស់ អ្នកផ្ទុក១៦នាក់ ជាជនជាតិថៃ ដែលបានឆ្លងកូវីដ-១៩ ដែលមានពាក់ព័ន្ធនឹងផ្សារបង្គារ។ ចំណែក ១៤នាក់ផ្សេងទៀត ជាករណីឆ្លងមកពីក្រៅប្រទេស។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 ថៃ (CCSA) លោក Taweesilp Visanuyothin បានបញ្ជាក់ថា មានឈ្មួញគ្រឿងសមុទ្រប្រមាណ ១០០០នាក់ ដែលមកពីខេត្តចំនួន ២២ បានទិញគ្រឿងសមុទ្រជាញឹកញាប់ពីផ្សារលក់បង្គាក្នុងខេត្តសាមុតសាខន។ ពេលនេះ អាជ្ញាធរបានប្រកាសអាសន្ន និងស្វែងរកអ្នកទាំងនោះ ក៏ដូចជាអ្នកពាក់ព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យ CCSA បានបន្តទៀតថា ៩០ ភាគរយនៃករណីឆ្លងក្នុងចំណោមកម្មករចំណាកស្រុក មិនមានចេញរោគសញ្ញាឡើយ។ កម្មករចំណាកស្រុកទាំងនោះ ភាគច្រើនមកពីមីយ៉ាន់ម៉ា។
ទាក់ទិននឹងលំហូរកម្មករចំណាកស្រុកនេះ ថៃ បានពង្រាយកងទ័ពជាច្រើននៅតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា-ថៃ ដើម្បីទប់ស្កាត់។ យ៉ាងណាក៏ដោយ ឧត្តមសេនីយ៍ឯក Santipong Thammapiya អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានបញ្ជាក់ថា កងទ័ពថៃ មិនអាចទប់ស្កាត់ កម្មករចំណាកស្រុកមកពីមីយ៉ាន់ម៉ាបានទាំងអស់ទេ ដោយសារលក្ខខណ្ឌភូមិសាស្ត្រ និងប្រវែងព្រំដែនរវាងប្រទេសទាំងពីរ ដែលមានប្រវែង ៥,៥២៦ គីឡូម៉ែត្រ។
បើតាមការពន្យល់របស់លោក Santipong កម្មករចំណាកស្រុកមីយ៉ាន់ម៉ា នៅតែបន្តចូលថៃ តាមតំបន់មួយចំនួនមានភូមិសាស្ត្រស្មុគស្មាញនៅក្នុងខេត្ត Tak, ខេត្ត Chiang Rai, និងខេត្ត Kanchanaburi ជាដើម។ ដើម្បីទប់ស្កាត់ការចំណាកស្រុក កងទ័ពថៃ បានប្រើប្រាស់ដ្រូន, ពង្រាយរបងបន្លាលួស និងបច្ចេកវិទ្យាផ្សេងទៀត ដើម្បីត្រួតពិនិត្យ។
កន្លងទៅនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានអំពាវនាវកុំឲ្យប្រជាជនថៃភ័យខ្លាច ហើយថៃនឹងអាចគ្រប់គ្រងស្ថានការណ៍បានក្នុងរយៈពេល ៧ ថ្ងៃខាងមុខ ។ ប្រសិនបើគ្រប់គ្រងមិនបាន ថៃនឹងដាក់ចេញវិធានការផ្សេងទៀត។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីសុខាភិបាលថៃ រៀបចំគោលការណ៍ណែនាំឲ្យច្បាស់លាស់បន្ថែមទៀត ដើម្បីដាក់ចេញក្នុងករណីថៃ បិទខេត្ត ឬតំបន់ផ្សេងទៀត។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ករណីឆ្លងសរុបរបស់ថៃ បានកើនដល់ ៥៧១៦ករណី និងអ្នកស្លាប់មានចំនួន ៦០នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៤០៧៨ នាក់៕