COVID-19
អន្តរជាតិ
WHO៖ គ្មាន​ភស្តុតាង​បង្ហាញថា កូ​វីដ​-១៩ ទម្រង់​ថ្មី មាន​គ្រោះថ្នាក់​ជាង​មុន​ឡើយ
22, Dec 2020 , 8:29 pm        
រូបភាព
ប្រធានកម្មវិធីអាសន្នរបស់អង្គការ WHO លោក Mike Ryan ថ្លែងនាពេលកន្លងទៅ ។ រូបពី AFP
ប្រធានកម្មវិធីអាសន្នរបស់អង្គការ WHO លោក Mike Ryan ថ្លែងនាពេលកន្លងទៅ ។ រូបពី AFP
ដោយ:
​អង្គការ​សុខភាព​ពិភពលោក (WHO) អះអាងថា ទម្រង់​ថ្មី​របស់​ជំងឺ​កូ​វីដ​-១៩ ដែល​កើតមាន​នៅក្នុង​ចក្រភព​អង់គ្លេស ជា​ផ្នែក​ធម្មតា​នៃ​ការវិវត្ត​របស់​ជំងឺ​រាតត្បាត​សកល​មួយ​។ ទន្ទឹមនេះ WHO ថា មិនទាន់មាន​ភស្តុតាង​ណា​បញ្ជាក់​ទម្រង់​ថ្មី​របស់​កូ​វីដ​-១៩​នេះ​ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ ឬ​ធន់​នឹង​វ៉ាក់សាំង​ដែលមាន​នៅពេល​បច្ចុប្បន្ន​ឡើយ​។
 
​អំឡុង​សន្និសីទ​ព័ត៌មាន​តាម​អន​ឡាញ នៅ​ថ្ងៃទី​២១ ខែធ្នូ ប្រធាន​កម្មវិធី​អាសន្ន​របស់​អង្គការ WHO លោក Mike Ryan និយាយ​ដល់​ទម្រង់​ថ្មី​របស់​ជំងឺ​កូ​វីដ​-១៩​ថា​៖«​យើង​ត្រូវតែ​ស្វែងរក​តុល្យភាព​មួយ​។ វា​សំខាន់​ដែលមាន​តម្លាភាព​។ វា​សំខាន់​ដែល​ប្រាប់​សាធារណរ​ជន​អំពី​វា​។ តែ​វា​ក៏​សំខាន់​ដែល​ត្រូវ​យល់ដឹង​ដែរ​ថា នេះ​ជា​ផ្នែក​ធម្មតា​នៃ​ការវិវត្ត​របស់​វីរុស​ប៉ុណ្ណោះ​»​។ 
 
​ដោយ​ស្រង់​ទិន្នន័យ​ពី​ចក្រភព​អង់គ្លេស មន្ត្រី​អង្គការ​សុខភាព​ពិភពលោក អះអាងថា ពួកគេ​គ្មាន​ភស្តុតាង​ណាមួយ​ដែល​បង្ហាញថា ទម្រង់​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ធ្វើ​ឲ្យ​មនុស្ស​ឈឺ​កាន់តែខ្លាំង ឬ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ជាង​ទម្រង់​ដើម​របស់​កូ​វីដ​-១៩​ឡើយ បើទោះបីជា​វា​មាន​ល្បឿន​ចម្លង​លឿន​ជាង​មុន​ក៏ដោយ​ក្តី​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Ryan អះអាងថា បណ្ដា​ប្រទេស​ដែល​បិទ​ព្រំដែន​ជាមួយ​អង់គ្លេស ជា​ទង្វើ​ដែល​កើតចេញពី​ការប្រុងប្រយ័ត្ន ខណៈ​ពួកគេ​វាយតម្លៃ​លើ​ហានិភ័យ​។ មន្ត្រី​អង្គការ WHO បញ្ជាក់ទៀតថា មកទល់ពេលនេះ ការ​បំប្លែង​ខ្លួន​របស់​កូ​វីដ​-១៩ ត្រូវបាន​សង្កេតឃើញថា​មាន​ភាពយឺត បើ​ធៀប​នឹង​ជំងឺ​ផ្ដាសាយធំ (influenza) ហើយ​ទម្រង់​ថ្មី​របស់​កូ​វីដ​-១៩​នេះ ក៏មាន​ល្បឿន​ចម្លង​ទាប​ផងដែរ បើ​ធៀប​នឹង​ជំងឺ​ដទៃ​ដូចជា​ស្រឡទែន (mumps) ជាដើម​។ 
 
Relate 98867
 
​ជុំវិញ​ទម្រង់​ថ្មី​នេះដែរ នៅ​អាមេរិក លោក Brett Giroir ប្រធាន​ផ្នែក​ធ្វើតេស្ត​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២០ ខែធ្នូ បាន​ប្រាប់​ទូរទស្សន៍​អាមេរិក ABC ថា ស្ថានភាព​បច្ចុប្បន្ន មិនទាន់​ដល់ពេល​ប្រកាសអាសន្ន​ឡើយ​។ លោក​វេជ្ជបណ្ឌិត Moncef Slaoui ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​កម្មវិធី​វ៉ាក់សាំង​របស់​សេត​វិមាន​អាមេរិក ក៏បាន​សង្កត់ធ្ងន់ថា មកទល់ពេលនេះ គ្មាន​ប្រភេទ​វីរុស​ណា អាច​ធន់​នឹង​វ៉ាក់សាំង​កូ​វីដ​-១៩ ដែលមាន​ឲ្យ​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​ឡើយ​។ សម្រាប់​លោក វត្តមាន​ទម្រង់​ថ្មី​ដែល​កើតចេញពី​ការ​បំប្លែង​ខ្លួន​របស់​កូ​វីដ​-១៩ ក្នុង​ចក្រភព​អង់គ្លេស​នេះ មិន​ទំនងជា​រួច​គេច​ផុតពី​ប្រព័ន្ធ​ស៊ាំ​នៃ​វ៉ាក់សាំង​ឡើយ​។​
 
​មន្ត្រី WHO ក៏បាន​យល់ស្រប​នឹង​ការអះអាង​របស់​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់​អាមេរិក​ដែរ ហើយ​សង្កត់ធ្ងន់ថា WHO កំពុង​ត្រួតពិនិត្យ​ស៊ីជម្រៅ​លើ​ករណីនេះ​។  ប្រធាន​អ្នកវិទ្យាសាស្ត្រ​របស់ WHO អ្នកស្រី Soumya Swaminathan លើកឡើងថា ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ទម្រង់​ថ្មី​ដែល​កើតចេញពី​ការ​បំប្លែង​ខ្លួន​របស់​កូ​វីដ​-១៩​នៅ​អង់គ្លេស​នេះ នឹងមាន​ក្នុងពេល​ឆាប់ៗ​នេះ​។​
 
​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បាន​រកឃើញ​វត្តមាន​ទម្រង់​ថ្មី​របស់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខ្លួន​អ្នកជំងឺ​ម្នាក់ កាលពី​ខែកញ្ញា កន្លងទៅ​។ នាយករដ្ឋមន្ត្រី អង់គ្លេស បូរី​ស ច​ន​សុន បង្ហាញថា ទម្រង់​ថ្មី​នៃ​កូ​វីដ​-១៩ មាន​ល្បឿន​ឆ្លង​លឿន​ជាង​ទម្រង់​ចាស់​រហូតដល់​៧០​ភាគរយ​។​
 
​ក្រោយ​អង់គ្លេស បានប្រកាស​រកឃើញ​ទម្រង់​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រទេសមួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប បានចាប់ផ្ដើម​បិទ​ព្រំដែន​ជាមួយ​ប្រទេស​នេះ ក្នុងនោះ​ដូចជា កាណាដា បារាំង អាល្លឺម៉ង់ អៀរ​ឡង់ អ៊ីតាលី  ហូ​ឡង់ និង​បែលហ្ស៊ិក​ជាដើម​។ នៅ​ថ្ងៃ​បន្តបន្ទាប់ បណ្ដា​ប្រទេស​ផ្សេងទៀត នៅ​ជុំវិញ​សកលលោក ក៏បាន​អនុវត្ត​វិធានការ​នេះ​ដូចគ្នា​ជាមួយ​អង់គ្លេស ដូច​យ៉ាង ឥណ្ឌា ប៉ា​គី​ស្ថាន ប៉ូឡូញ អេ​ស្ប៉ា​ញ ស្វ៊ី​ស ស៊ុយអែត និង​រុស្ស៊ី ៕ 

Tag:
 WHO
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com