អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អា​បេ ត្រូវ​សាកសួរ​រឿងអាស្រូវ​លេខា​លោក​ចាយលុយ​រដ្ឋ​រៀបចំ​ពិធី​ជួបជុំ​អ្នកគាំទ្រ​
22, Dec 2020 , 9:59 pm        
រូបភាព
អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ។ រូបពី AFP
អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ។ រូបពី AFP
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ ស៊ិន​ហ្សូ ត្រូវបាន​សាកសួរ​ដោយ​រាជអាជ្ញា​ជប៉ុន​ជុំវិញ​ការចោទប្រកាន់ថា ការិយាល័យ​នយោបាយ​លោក បាន​ចាយលុយ​រដ្ឋ​ដើម្បី​រៀបចំ​កម្មវិធី​ជួបជុំ​សម្រាប់​អ្នកគាំទ្រ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន​NHK នៅ​ថ្ងៃទី ២២ ខែធ្នូ​។
 
​ក្រុម​រាជអាជ្ញា​ជប៉ុន ដែល​បាន​សាកសួរ​លោក អា​បេ ស៊ិន​ហ្សូ នៅ​ថ្ងៃទី ២១ ខែធ្នូ បាន​កសាង​សំណុំរឿង​រួចរាល់​ហើយ ដើម្បី​ប្ដឹង​ប្រឆាំង​លេខា​របស់លោក អា​បេ ដែល​អត់​កត់ត្រា​ចំណូល​និង​ចំណាយ​នានា​ពាក់ព័ន្ធ​នឹង​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​។ បើតាម​ទូរទស្សន៍ NHK ក្រុម​រាជអាជ្ញា​ជប៉ុន អះអាងថា ចំណូល​និង​ចំណាយ​សរុប​នេះ ដែល​ពុំបាន​ប្រកាស​ក្នុង​របាយការណ៍​មូលនិធិ​នយោបាយ ប្រហែល​មាន​ចំនួន​លើស​៣៨,៧​ម៉ឺន​ដុល្លារ​។ 
 
 
​លេខា​របស់លោក​អា​បេ ជា​ប្រធាន​រៀបចំ​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​របស់លោក​អតីត​នាយករដ្ឋមន្ត្រី​ចន្លោះ​ឆ្នាំ​២០១៣ និង​២០១៩​។ ការចំណាយ​លើ​ព្រឹត្តិការណ៍​ដែល​បានរៀបចំ​ឡើង​នៅ​សណ្ឋាគារ​ប្រណីត​២​ក្នុង​ទីក្រុង តូ​ក្យូ ត្រូវបាន​ប៉ាន់​ស្មានថា​អស់​សរុប​ជាង​២២​ម៉ឺន​ដុល្លារ​។ លុយ​ចំណាយ​នេះ គឺ​ច្រើនជាង​លុយ​ដែល​ប្រមូលបាន​ពី​អ្នកចូលរួម​។ 
 
​បើតាម NHK លោក អា​បេ ទំនងជា​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ​។ យ៉ាងណាមិញ រឿងអាស្រូវ​នេះ អាចធ្វើ​ឲ្យ​កេរ្តិ៍​នយោបាយ​របស់លោក ខូចខាត ហើយក៏​ជះឥទ្ធិពល​មិនល្អ​ដល់​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក គឺ​នាយករដ្ឋមន្ត្រី ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ផងដែរ​។ លោក ស៊ូ​ហ្កា ធ្លាប់ជា​ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រីរ​ប​ស់លោក អា​បេ ហើយក៏​ធ្លាប់​ទាំង​ចេញមុខ​ការពារ​លោក អា​បេ ក្នុង​រឿងអាស្រូវ​នេះ​អំឡុង​សន្និសីទ​ព័ត៌មាន និង​ក្នុង​សភា​ផងដែរ​។ 
 
​ឆ្លើយតប​ការទាមទារ​ពី​បក្សប្រឆាំង បក្ស​កាន់អំណាច​ជប៉ុន​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​លោក អា​បេ បាន​ដឹកនាំ​មកដល់​ខែកញ្ញា មាន​ផែនការ​កោះហៅ​លោក អា​បេ ចូលមក​បំភ្លឺ​នៅមុខ​សភា​ពាក់ព័ន្ធ​ការចោទប្រកាន់​នេះ​។ អតីត​នាយករដ្ឋមន្ត្រី អា​បេ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន បាន​បញ្ជាក់ថា លោក​នឹង​ឆ្លើយ​សំណួរ​ដោយស្មោះ​ត្រង់ ក្រោយ​រាជអាជ្ញា​បញ្ចប់​ការស៊ើបអង្កេត​របស់​ពួកគេ​។ 
 
​កង្វល់​ពាក់ព័ន្ធ​ឥទ្ធិពល​អវិជ្ជមាន​នៃ​រឿងអាស្រូវ​នេះ​លើ​រដ្ឋបាល​លោក ស៊ូ​ហ្កា កំពុង​កើនឡើង​ក្នុង​ផ្ទៃក្នុង​បក្ស​កាន់អំណាច​ជប៉ុន​។ តួយ៉ាង អគ្គលេខាធិការ​បក្ស LDP លោក Toshihiro Nikai ទទួលស្គាល់ថា រឿងអាស្រូវ​នេះ នឹង​ប៉ះពាល់​ដល់​រដ្ឋបាល​ជប៉ុន​បច្ចុប្បន្ន​។ ក្នុង​សន្និសីទ​ព័ត៌មាន​មួយ លោក​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​នឹងមិន​និយាយថា វា​នឹង​មិនមាន​ឥទ្ធិពល​អវិជ្ជមាន​ឡើយ​»​។​
 
​ប្រជាប្រិយភាព​របស់លោក ស៊ូ​ហ្កា ត្រូវបាន​មើលឃើញ​ថមថយ ដោយសារ​វិធានការ​រ​បស់​រដ្ឋាភិបាល​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែរ​។ កាលពី​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រីរ​ង​ការរិះគន់​ចាស់ដៃ​ក្រោយ​បាន​ចូលរួម​កម្មវិធី​ជួបជុំ​ដំណាច់ឆ្នាំ​មួយ ទោះបីជា​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ជប៉ុន​កុំ​ឲ្យ​ជួបជុំ ក្នុងពេលដែល​ករណី​ឆ្លង​កូ​វីដ​-១៩​ក្នុងប្រទេស​ហក់​ឡើង​ខ្ពស់​ក្ដី​។ 
 
​សូមបញ្ជាក់ថា លោក អា​បេ ដែល​ក្លាយជា​នាយករដ្ឋមន្ត្រី​កាន់អំណាច​យូរ​ជាងគេ​របស់​ជប៉ុន មុន​លាលែង​ក្នុង​ខែកញ្ញា​ដោយ​មូលហេតុ​សុខភាព បាន​បន្ត​ច្រានចោល​ការប្រព្រឹត្ត​ខុស​របស់លោក ចាប់តាំងពី​រឿងអាស្រូវ​នេះ​បាន​បែកធ្លាយ​កាលពី​ខែវិច្ឆិកា ឆ្នាំមុន​៕
 
 

Tag:
 ជប៉ុន​
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com