COVID-19
អន្តរជាតិ
តៃវ៉ាន់ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងស្រុក​ជា​លើកដំបូង​ក្នុង​រយៈពេល​៨​ខែ​
22, Dec 2020 , 4:46 pm        
រូបភាព
ការបាញ់សម្លាប់មេរោគតាមទីសាធារណៈនៅតៃវ៉ាន់។ រូបភាព៖AFP
ការបាញ់សម្លាប់មេរោគតាមទីសាធារណៈនៅតៃវ៉ាន់។ រូបភាព៖AFP
ដោយ:
​នៅ​ថ្ងៃទី​២២ ធ្នូ អាជ្ញាធរ​គ្រប់គ្រង​ជំងឺឆ្លង​តៃវ៉ាន់ ប្រកាសថា កោះ​នេះ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងស្រុក​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​៨​ខែ​។ តៃវ៉ាន់ មាន​ករណី​ឆ្លង​ក្នុងស្រុក​ជា​លើកចុងក្រោយ​នៅ​ថ្ងៃទី​១២ ខែមេសា​។​
 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន រដ្ឋមន្ត្រី​សុខាភិបាល​តៃវ៉ាន់ និង​ជា​ប្រធាន​អាជ្ញាធរ​គ្រប់គ្រង​ជំងឺឆ្លង និយាយថា ករណី​ឆ្លង​ក្នុងស្រុក​លើកទីមួយ ជា​ស្ត្រី​អាយុ​៣០​ឆ្នាំ និង​ជា​មិត្ត​ភ័ក្តិ​របស់​ក្រុម​អ្នកបើក​យន្តហោះ​មកពី​នូ​វែ​ល​សេ​ឡង់​ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ហើយ​បានមក​នៅ​តៃវ៉ាន់​កាលពី​ថ្ងៃទី​៨ ខែធ្នូ​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​Taiwan News​។ នៅ​ថ្ងៃ​ដដែល តៃវ៉ាន់​ប្រកាស​ពី​ករណី​នាំចូល​ចំនួន​៣​ផ្សេងទៀត​។ 
 
​ស្ត្រី​ដែលជា​ករណី​ឆ្លង​ក្នុងស្រុក​ថ្មី​នេះ បាន​ប៉ះពាល់​ជាមួយ​មនុស្ស​ចំនួន​១៦៧​នាក់ ក្នុងនោះ​១៣​នាក់​បានធ្វើ​ច​ត្តា​ឡី​ស័ក​។ អាជ្ញាធរ​សុខាភិបាល​តៃវ៉ាន់ ក៏បាន​ធ្វើតេស្ត​លើ​មនុស្ស​ចំនួន​២១​នាក់ ចំណែក​១៤៦​នាក់​ទៀត​កំពុង​រងចាំ​ការធ្វើ​តេស្ត​។ ក្រុមការងារ​សុខាភិបាល​ក៏បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីសាធារណៈ​ដែល​ស្ត្រី​នោះបាន​ឆ្លងកាត់ និង​នៅ​កន្លែងធ្វើការ​ផងដែរ​។ ស្ត្រី​រូបនេះ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទី​៧៧១ នៅ​តៃវ៉ាន់​។​
 
​យោងតាម​ច្បាប់​តៃវ៉ាន់ អ្នក​ដែល​បដិសេធ គេចវេស ឬ​ហាមឃាត់​មិន​ឲ្យ​ពិនិត្យ ឬ​ស៊ើបអង្កេត​ករណី​ជំងឺឆ្លង​អាច​នឹងត្រូវ​ពិន័យ​ជា​ប្រា​ក់ជាង​២​ពាន​ដុល្លារ ដល់​ជាង​១​ម៉ឺន​ដុល្លារ​។​
 
​ក្រៅតែពី​ករណី​ឆ្លង​ក្នុងស្រុក​នេះ អ្នកបើក​យន្តហោះ​ដឹកទំនិញ​ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខាងលើ ក៏បាន​ប៉ះពាល់​ជាមួយ​៩៤​នាក់​ដែរ​។ មនុស្ស​ចំនួន​៧៨​នាក់​ធ្វើតេស្ត​អវិជ្ជមាន ៦​នាក់​កំពុង​រងចាំ​លទ្ធផល និង​១០​នាក់​មិនទាន់​ធ្វើតេស្ត​នៅឡើយ​។​
 
​តៃវ៉ាន់ ត្រូវ​ចាត់ទុកជា​គំរូ​សម្រាប់​ពិភពលោក​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ តាំងពី​មុនពេល​ដែល​អ​ង្គ​ការ​សុខភាព​ពិភពលោក​(WHO)​ប្រកាស​ពី​ជំងឺឆ្លង​សាកល​ក្នុង​ខែមីនា តៃវ៉ាន់ ចាប់ផ្តើម​ធ្វើតេស្ត​អ្នកដំណើរ​មកពី​វូ​ហាន​តាំងពី​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៩​មកម្ល៉េះ​។ តៃវ៉ាន់ ក៏​ពុំបាន​ចាត់វិធានការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ​ខ្លួន​ឡើយ ចំណែក​សាធារណជន​វិញ​ក៏​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ដោយ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​វិធាន​គម្លាត​សុវត្ថិភាព និង​ការពាក់​ម៉ាស់​។​
 
​តៃវ៉ាន់​រាយការណ៍​ករណី​ទីមួយ​នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​។ ក្រោយមក កោះ​នេះ ក៏បាន​ហាមឃាត់​អ្នកធ្វើដំណើរ​ពី​វូ​ហាន ហើយ​ឲ្យ​អ្នកដំណើរ​មកពី​ដីគោក​រួមទាំង​ហុងកុង និង​ម៉ា​កាវ​ផង ត្រួតពិនិត្យ​សុខភាព​ទាំងអស់​។ ដល់​ខែមីនា តៃវ៉ាន់​ក៏​ផ្អាក​ទទួល​អ្នកដំណើរ​បរ​ទេស​ទាំងអស់ លើកលែង​អ្នកការទូត និង​អ្នក​ដែលមាន​ការអនុញ្ញាត​៕
 
 
 
 

Tag:
 តៃវ៉ាន់​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com