ពីនេះ ពីនោះ
«រៀរ៉ៃ»មានន័យដូចម្តេច? 23, Dec 2020 , 7:29 am
× «រៀរៃ»ជាភាសាសៀម ដែលសៀមអានថា រ្យើរៃ មានន័យថា អង្គាសប្រាក់កាស យកតាមស្ម័គ្រចិត្តរបស់អ្នកចូល។ ពាក្យនេះពលរដ្ឋខ្មែរយើងកម្រប្រើ ប៉ុន្តែពលរដ្ឋនៅខេត្តបាត់ដំបងភាគច្រើននិយាយពាក្យនេះ។ នេះបើតាមការបញ្ជាក់ពីវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
«រៀរ៉ៃ» មានថ្នាក់ពាក្យជាកិរិយាសព្ទ សំដៅលើ អង្គាសប្រាក់កាសជាដើម យកតាមស្ម័គ្រចិត្តរបស់អ្នកចូល។ រៀរ៉ៃប្រាក់ធ្វើបុណ្យ។ គេក៏អាចប្រើជា គុណសព្ទ ក៏បាន។ ឧទាហរណ៍៖ ប្រាក់រៀរ៉ៃ, កថិនរៀរ៉ៃ (ច្រើនប្រើតែខាងខែត្របាត់ដំបង)។
ខ្មែរយើងច្រើនតែនិយាយពាក្យ«អង្គាស ឬរ៉ៃអង្គាស» ជាកិរិយាសព្ទ មានន័យថា ឃោស្នាគ្នា ប្រកាសប្រាប់គ្នាឲ្យចូលប្រាក់កាស ឬទេយ្យទានផ្សេងៗតាមសទ្ធា ក្នុងការធ្វើទាន។ ឧទាហរណ៍៖ អង្គាសប្រាក់, អង្គាសអង្ករ ។ ប្រគេនចង្ហាន់ដល់ភិក្ខុសង្ឃដោយការខ្នះខ្នែងលៃលកឲ្យគ្រប់គ្រាន់ : ពួកទាយកអង្គាសចង្ហាន់ភិក្ខុសាមណេរ ។ គេក៏អាចប្រើជាគុណសព្ទក៏បាន។ ឧទាហរណ៍៖ ប្រាក់អង្គាស៕
© រក្សាសិទ្ធិដោយ thmeythmey.com