COVID-19
អន្តរជាតិ
លោក ពូទីន ចុះហត្ថលេខាលើច្បាប់ផ្ដល់អភ័យឯកសិទ្ធិមួយជីវិតឲ្យអតីតប្រធានាធិបតី 23, Dec 2020 , 11:22 am
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាកិច្ចប្រជុំមួយនៅថ្ងៃទី២១ ខែធ្នូ។ រូបថតពីវេបសាយប្រធានាធិបតីរុស្ស៊ី
× ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលខាលើសេចក្ដីស្នើច្បាប់មួយដែលផ្ដល់អភ័យឯកសិទ្ធិមួយជីវិតឲ្យអតីតប្រធានាធិបតីគ្រប់រូបរបស់ប្រទេស។ ច្បាប់ថ្មីនេះជាផ្នែកមួយនៃវិសោធនកម្មដ៏ទូលាយលើរដ្ឋធម្មនុញ្ញរុស្ស៊ីដែលអនុញ្ញាតឲ្យលោក ពូទីន កាន់អំណាចដល់ឆ្នាំ២០៣៦ ឯណោះ។ លោក ពូទីន មិនទាន់សម្រេចចិត្តយ៉ាងណាឡើយទាក់ទងរឿងនេះ ខណៈអាណត្តិបច្ចុប្បន្នរបស់លោកត្រូវអស់នៅឆ្នាំ២០២៤។
អតីតប្រធានាធិបតីរុស្ស៊ី និងក្រុមគ្រួសារ នឹងទទួលបានអភ័យឯកសិទ្ធិរួចពីការដាក់ទោសទាំងអស់។ នេះបើតាមច្បាប់ថ្មីដែលលោក វ្ល៉ាឌីមៀ ពូទីន ទើបចុះហត្ថលេខា។ បើតាមសេចក្ដីស្នើច្បាប់ដែលចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ អតីតប្រធានាធិបតី និងសមាជិកគ្រួសារ មានសិទ្ធិរួចផុតពីការចាប់ខ្លួន ស៊ើបអង្កេត ឆែកឆេរ និងកាត់ទោសមួយជីវិតតែម្ដង។ ច្បាប់រុស្ស៊ីបច្ចុប្បន្ន ក៏ចែងពីការការពារអតីតប្រធានាធិបតីពីទង្វើខុសច្បាប់ណា ដែលកើតឡើងពេលកាន់តំណែងផងដែរ។
បន្ថែមពីលើនេះ ច្បាប់ថ្មីខាងលើ ក៏ផ្ដល់តំណែងឲ្យអតីតប្រធានាធិបតីរុស្ស៊ីជាសមាជិកព្រឹទ្ធសភាមួយជីវិត។ ច្បាប់មានស្រាប់របស់រុស្ស៊ី ក៏ផ្ដល់អភ័យឯកសិទ្ធិរួចផុតពីការចោទប្រកាន់ ឬការដាក់ទោសឲ្យសមាជិកព្រឹទ្ធសភាផងដែរ។ លោក ឌីមីទ្រី ម៉េដវ៉េដេវ ក៏ទទួលបានសិទ្ធិនេះដែរ ដោយលោកអាចចុះឈ្មោះពេលណាក៏បាន។ ចំណែកប្រធានាធិបតីដែលចប់អាណត្តិ អាចដាក់ពាក្យសុំអំឡុងបីខែ ឬក៏អាចបដិសេធទទួលយកក៏បានដែរ។
ច្បាប់នេះ អាចជាពន្លឺខ្លះសម្រាប់ការវិភាគពីអនាគតរបស់លោក ពូទីន ។ មកទល់ពេលនេះ លោកនៅតែមិននិយាយពីជំហានខាងមុខរបស់លោក ទោះជាវិសោធនកម្មរដ្ឋធម្មនុញ្ញដែលអនុម័តកាលពីពាក់កណ្ដាលឆ្នាំ២០២០ អនុញ្ញាតឲ្យលោកកាន់តំណែងដល់ឆ្នាំ២០៣៦ ក្ដី។ អាណត្តិប្រធានាធិបតីរបស់លោក ពូទីន នឹងចប់នៅឆ្នាំ២០២៤ ។ បើលោកសម្រេចចិត្តមិនបន្តឈរឈ្មោះទៀតទេនោះ តំណែងសមាជិកព្រឹទ្ធសភាមួយជីវិត និងអភ័យឯកសិទ្ធិមួយជីវិត នឹងរង់ចាំលោកជាស្រេច។
បើតាមសារព័ត៌មាន Moscow Times ច្បាប់នេះ ក៏បានចែងពីនីតិវិធីដ៏លំបាកដើម្បីដកអភ័យឯកសិទ្ធិពិសេសនេះដែរ។ ការដកនីតិវិធីមានច្រើនរាប់បញ្ចូលទាំងការយល់ព្រមដោយសំឡេងភាគច្រើនរបស់ព្រឹទ្ធសភាលើការចោទប្រកាន់ដែលធ្វើឡើងដោយរដ្ឋសភាដូចជាទោសក្បត់ជាតិ ឬបទឧក្រិដ្ឋធ្ងន់ធ្ងរណាមួយ៕
Tag:
រុស្ស៊ី
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com