COVID-19
អន្តរជាតិ
ឡាវ ត្រៀម​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឲ្យ​ប្រជាជន​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១
23, Dec 2020 , 4:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីសូលីត ។ រូបថត AFP
នាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីសូលីត ។ រូបថត AFP
​ប្រមុខ​រដ្ឋាភិបាល​ឡាវ លោក ថង​លួ​ន ស៊ី​សូលី​ត នៅ​ថ្ងៃទី​២២ ខែធ្នូ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ត្រៀម​រៀបចំ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ឲ្យ​ប្រជាជន​ខ្លួន នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១​។ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ដាក់ចេញ​វិធានការ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩ រាតត្បាត​នៅក្នុង​ប្រទេស ស្របពេល​ប្រទេសជិតខាង​កំពុងមាន​ករណី​ឆ្លង​កើនឡើង​។
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២២ ខែធ្នូ បន្ទាប់​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ​លើ​ការគ្រប់គ្រង និង​ទប់ស្កាត់​កូ​វីដ​-១៩ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​សូលី​ត បាន​ប្រាប់​អាជ្ញាធរ​ឲ្យ​ត្រៀម​រៀបចំ ក្នុង​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ លើ​ប្រជាពលរដ្ឋ​ខ្លួន​។ ប្រជាជន​ឡាវ​ប្រមាណ ២០​ភាគរយ​នៃ​ប្រជាជន​សរុប អាច​ទទួលបាន​វ៉ាក់សាំង​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២១ ខាងមុខ ខណៈ​កម្មវិធី​ផ្ដល់​វ៉ាក់សាំង អាច​ចាប់ផ្តើម​នៅក្នុង​ខែមេសា​។ 
 
​បើតាម​លោកនាយក​រដ្ឋមន្ត្រី ក្រុម​ងាយ​រងគ្រោះ​ដូចជា​គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​មុនគេ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន Vientiane Times លោក Phouthone Muongpak អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​លើ​ការគ្រប់គ្រង និង​ទប់ស្កាត់​កូ​វីដ​-១៩ បាន​អះអាងថា ឡាវ នឹង​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​ប្រទេស​ជា​មិត្ត និង​តាមរយៈ​គម្រោង COVAX ។ តាម COVAX ឡាវ ទទួលបាន​វ៉ាក់សាំង​ដែល​អាច​ចាក់​លើ​ប្រជាជន​ប្រមាណ​២០​ភាគរយ​។ 
 
​បន្ថែម​ពីលើ​នេះ ប្រមុខ​រដ្ឋាភិបាល​ឡាវ ក៏បាន​បញ្ជា​ឲ្យ ក្រុមការងារ​ថ្នាក់ជាតិ ត្រៀម​ថវិកា​មួយចំនួន ដើម្បី​ទិញ​វ៉ាក់សាំង​សម្រាប់​ប្រជាជន​មួយចំនួនទៀត​ផងដែរ​។ 
 
​ក្រៅពី​បញ្ហា​វ៉ាក់សាំង លោក ស៊ី​សូលី​ត ក៏បាន​លើកឡើង​ពី​ករណី​ឆ្លង​កូ​វីដ​-១៩ ដែល​កំពុងតែ​កើនឡើង និង​ក្រុម​កូ​រ៉ូ​ណា​វីរុស​ថ្មី​ផងដែរ​។ ប្រមុខ​រដ្ឋាភិបាល​ឡាវ បាន​បញ្ជា​ឲ្យ បន្ត​បិទ​ព្រំដែន​ឡាវ​ជាមួយ​ប្រទេសជិតខាង ផ្អាក​ការចេញចូល​របស់​ជន​បរទេស និង​បន្ត​ជួយ​ប្រជាជន​ខ្លួន ដែល​កំពុង​ជាប់គាំង​នៅក្រៅ​ប្រទេស និង​ស្នើ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន​ក្នុងស្រុក​។​
 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​ឡាវ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​រៀបចំ​អាពាហ៍ពិពាហ៍​ក្នុង​ទំហំ​តូច​ជាមុន មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រគុំ​តន្ត្រី​ផ្សេងៗ ឬ​ការជួបជុំ​មនុស្ស ត្រូវ​រក្សា​គម្លាត និង​ពាក់​ម៉ាស់​ជាដើម​។ ចំណែក​ក្នុងឱកាស​ឆ្នាំ​ថ្មី ឡាវ​ក៏បាន​ស្នើ​ឲ្យ​ប្រជាជន ប្រារព្ធ​ពិធី​នៅផ្ទះ​រៀងៗ​ខ្លួន​ផងដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២២ ខែធ្នូ ឡាវ​មាន​ករណី​ឆ្លង​សរុប​ចំនួន ៤១​ករណី និង​មិនមាន​អ្នកស្លាប់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៧​នាក់​៕  

Tag:
 ឡាវ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com