ជាតិ
ក្រុមហ៊ុន​ភូមិ​ពង​ទា​ខ្មែរ ប្រកាស​ទិញ​ពង​ទា​ពី​កសិករ​ខេត្តតាកែវ និង​ព្រៃវែង ២០​ម៉ឺន​គ្រាប់ ក្នុងតម្លៃ​៤០០​រៀល​
24, Dec 2020 , 9:58 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន ភូមិ​ពង​ទា​ខ្មែរ បានប្រកាស​ទិញ​ពង​ទា របស់​កសិករ ក្នុង​ខេត្តតាកែវ និង​ខេត្តព្រៃវែង ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ទីផ្សារ​។ លោក សោម សុធា អគ្គនាយក​ក្រុមហ៊ុន ភូមិ​ពង​ទា​ខ្មែរ បាន​ប្រាប់ Thmeythmey25​ថា នៅក្នុង​ដំណាក់កាល​ដំបូង​នេះ ក្រុមហ៊ុន​ខ្លួន​នឹង​ជួយ​ទិញ​ពង​ទា​កសិករ​ទាំង​២​ខេត្ត​នេះ ចំនួន ២០​ម៉ឺន​គ្រាប់ ក្នុងតម្លៃ ៤០០​រៀល ក្នុង​មួយ​គ្រាប់ និង​តម្លៃ ២០០​រៀល ក្នុង​មួយ​គ្រាប់ សម្រាប់​ពង​ទា​ដែល​ខូចគុណភាព​។
 
​លោក សោម សុធា បន្ត​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​៖«​យើង​ត្រូវ​ការប្រមូលទិញ​ពង​ទា នេះ​ក្នុងដំណាក់កាល​ដំបូង ២០​ម៉ឺន​គ្រាប់ ពី​ខេត្តតាកែវ និង​ខេត្តព្រៃវែង ដោយសារ​កន្លងមក មាន​លក់​ពង​ទា ក្នុង​ខេត្ត​ទាំងពីរ មានកា​រអ៊ូរទាំ​ពី​បញ្ហា​ខ្វះ​ទីផ្សារ​។ ក្រុមការងារ ភូមិ​ពង​ទា​ខ្មែរ នឹង​ចាប់ផ្ដើម​ចុះ​ដល់ទី​តាំង​ចិញ្ចឹម​ទា​ផ្ទាល់ និង​ប្រមូល​ទិញ​ក្នុង​មួយ​គ្រាប់ ៤០០​រៀល ដើម្បី​រួមចំណែក ដោះស្រាយ​បញ្ហា​នេះ ជូន​អ្នក​ចិញ្ចឹម​ទា​»​។​
 
​លោក​បាន​បញ្ជាក់ទៀតថា លោក​មិន​ប្រមូល​ទិញ ពី​ឈ្មួញកណ្តាល​នោះទេ ដោយ​តម្រូវ​ឲ្យ​ក្រុមការងារ ចុះទៅ​ដល់ទី​តាំង​ចិញ្ចឹម​ផ្ទាល់ ដើម្បី​ពិនិត្យថា កសិដ្ឋាន​នោះ អាច​ត្រូវ​តាម​លក្ខខណ្ឌ ដែល​លោក​ចង់បាន​ឬ​អត់​។ លោក​បន្ថែមថា​៖«​យើង​ទទួល​ទិញ​ពង​ទា​របស់​កសិករ ដែល​ជួប​បញ្ហា ពិតប្រាកដ និង​ពិនិត្យមើល​ពី​ស្ដង់ដា​នៃ​ការចិញ្ចឹម​ទា​»​។ 


លោក សោម សុធា អគ្គនាយកនៃក្រុមហ៊ុន ភូមិពងទាខ្មែរ 

​ដ្បិត​ភូមិ​ពង​ទា​ខ្មែរ ជា​អ្នកផ្គត់ផ្គង់​ពង​ទា​លើ​ទីផ្សារ ដោយ​ប​ញ្ជូ​ល​បន្ត​ទៅដល់​អ្នក​ចែកចាយ​នានា តែ​បរិមាណ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ដែលជា​មូលហេតុ លោក​សម្រេច​ជួយ​ដល់​អ្នក​ចិញ្ចឹម​ទាយ​កពង​។ នេះ​គឺជា​ដំណាក់កាល ដំបូង​ប៉ុណ្ណោះ ក្នុង​ការជួយ ដល់​កសិករ​ខ្មែរ ដែល​ជួប​បញ្ហា ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩ ហើយ​លោក នឹង​ធ្វើតាម​ដំណាក់កាល ជា​បន្តបន្ទាប់​ដែល​អាច​ធ្វើទៅ​បាន​។​
 
​គួរ​កត់សម្គាល់ថា មួយរយៈ​ចុងក្រោយ​នេះ តម្លៃ​ពង​ទា​ក្នុងស្រុក​បាន​ធ្លាក់​ចុះក្រោម​៤០០​រៀល ហើយ​កសិករ​បន្ទោស​ថា ដោយសារ​ការនាំ​ចូល​ពី​ប្រទេស​វៀតណាម​ច្រើន​។ ឆ្លើយតប​នឹង​ការលើកឡើង​នេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ អះអាងថា​ក្រសួង​មិន​អនុញ្ញាត ឲ្យ​មានការ​នាំចូល​ពង​ទា ពី​ប្រទេស​វៀតណាម​នោះទេ​។ ក្រសួង​ពន្យល់ថា ការធ្លាក់ចុះ​នៃ​តម្លៃ​ពង​ទា គឺ​មកពី​នៅ​អំឡុង​វិបត្តិ​កូ​វីដ​-១៩​នេះ ការជួបជុំ​មួយចំនួន​ត្រូវបាន​ផ្អាក​ផង ហើយ​ចំ​ដូ​វប្រ​មូល​ផល​ត្រី ផង​នោះ ទើប​ពលរដ្ឋ​ងាក​មក​បរិភោគ​ត្រី​ច្រើនជាង​មុន​វិញ​។ 
 
​ប្រជាកសិករ អាចទាក់ទង​ទៅ​លោក សោម សុធា អគ្គនាយក​ក្រុមហ៊ុន ភូមិ​ពង​ទា​ខ្មែរ តាម​លេខ​ទូរ​សព្ទ ០៩៦ ២៧ ៧៧ ៨២០៕ 

Tag:
 ​ពង​ទា​
 ​តាកែវ​
 ​ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com