ពីនេះ ពីនោះ
ខ្លះ​ថា​ណូអែល « Noël» តាម​បារាំង ឯ​ខ្លះ​ហៅ បុណ្យ​គ្រី​ស្មាស់ «Christmas» តាម​អង់គ្លេស​
25, Dec 2020 , 7:29 am        
រូបភាព
​បុណ្យ​ណូអែល​(Noël) ឬ​បុណ្យ​គ្រី​ស្មាស់​(Christmas)​តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​២៥ ខែធ្នូ​។ ទាំង​អ្នក​គោរព​សាសនា​គ្រិស្ត និង​សាសនាព្រះពុទ្ធ គឺ​សុទ្ធតែ​និយម​ប្រារព្ធ​ពិធី​នេះ​។ ពិធីបុណ្យ​សាសនា​គ្រិស្ត​នេះ​អ្នកខ្លះ​ហៅថា​បុណ្យ​ណូអែល​អ្នក​ខ្លះទៀត​ហៅថា​បុណ្យ​គ្រី​ស្មាស់​។
 
​បុណ្យ​ណូអែល​«Noel» ជា​ភាសា​ដើម​របស់​បារាំង ដែល​ពលរដ្ឋ​បារាំង​គ្រប់គ្នា តែង​ច្រៀង​បទ​«The first Noel» ដែល​មានន័យថា រីករាយ​ថ្ងៃបុណ្យ​ណូអែល​។ ក្រៅពី​ច្រៀង​ចម្រៀង​ណូអែល ពួកគេ​រៀបចំផ្ទះ​សម្តែង តុបតែង​ដើមឈើ​អម​ជាមួយ​អំណោយ​ផ្សេងៗ​ផងដែរ​។​
 
​សម្រាប់​ពាក្យ «Christmas» ជា​ពាក្យ​ដើម​មកពី​ភាសា​អង់គ្លេស​បុរាណ​ថា Christes Maesse ឬ Christ’s Mass ដែល​មានន័យថា ពិធី​អបអរសាទរ​ជួបជុំគ្នា​រវាង​អ្នក​គោរព​សាសនា​គ្រិស្ត​។ ប្រជាពលរដ្ឋ​អាមេរិក និង​អង់គ្លេស ចាត់ទុក​បុណ្យ​«Christmas» នេះ ជា​ថ្ងៃ​ដែល​លោកតា Santa Claus ផ្តល់​ជា​អំណោយ និង​ជា​ថ្ងៃ​ដែល​គេ​ជួបជុំ​ឲ្យ​កាដូ​គ្នា​ទៅវិញទៅមក ច្រៀង​លេង​កម្សាន្ត ជួន​ពរ​គ្នា​ទៅវិញទៅមក ឬ​ការ​បួងសួង​ជាដើម​។ ពួកគេ​ជឿជាក់ថា​ការ​បួងសួង​របស់​ពួកគេ​នឹង​បាន​ទៅដល់​លោកតា Santa Claus នៅពេល​គេ​បោះ​សំបុត្រ​ចូលក្នុង​ភ្នក់ភ្លើង​។​
 
​សម្រាប់​ប្រទេស​អង់គ្លេស ក៏​គេ​មានជំនឿថា នៅពេល​គេ​យក​ស្រោមជើង​ទៅ​ព្យួរ​នៅ​ដើមឈើ​នៅក្រោម​បំពង់​បង្ហុយផ្សែង ដើម្បី​ទទួលបាន​ប្រាក់​មាស​ពី​លោកតា Santa Claus​។ ចំណែក​ការព្យួរ​ស្លឹក​ដើមឈើ នៅ​ជុំវិញ​ដើមឈើ គេ​រំលឹក​ដល់​រដូវ​ធ្លាក់​ទឹកកក និង​រំលឹក​ដល់​ថ្ងៃ​ផ្កា​រីក​ដែល​ជិត​មកដល់​ឆាប់ៗ​របស់​ប្រទេស​អង់គ្លេស​។ 
 
​ជារួម ពាក្យ​ថា «Noel» ឬ​«Christmas» ឬ​ម្យ៉ាងទៀត «X’ mas» ត្រូវបាន​គេ​កំណត់ថា​ជា​ថ្ងៃ​ដែល​រំលឹក​ដល់​ព្រះ​យេស៊ូ​ដែល​បានប្រសូត​នៅ​ភពផែនដី​នៅ​ថ្ងៃទី​២៥ ខែ​ឆ្នូ​។ ប៉ុន្តែ​ពួកគេ​ភាគច្រើន​មិន​ហៅថា បុណ្យ​ព្រះ​យេស៊ូ​ប្រសូត​នោះទេ​។ ពលរដ្ឋ​តែងតែ​ហៅថា​បុណ្យ​ណូអែល «Noel» ឬ​ហៅថា​បុណ្យ​គ្រី​ស្មាស់ «Christmas»​។ 
 
​បច្ចុប្បន្ន​មិនមែន​មានតែ​ប្រជាជន​ដែល​កាន់សាសនា​គ្រិស្ត​ប្រារព្ធ​ពិធី​នេះ​ទេ សូម្បីតែ​ប្រទេស​ដែល​មិន​គោរព​សាសនា​គ្រិស្ត ក៏​គេ​ចូលរួម​ប្រារព្ធ​ពិធី​នេះ​ផងដែរ​។ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ប្រារព្ធ​ពិធី​នេះ​យ៉ាង​ផុស​ភុល​ផងដែរ​។ 
 
​ពលរដ្ឋ​ខ្មែរ​ខ្លះ​តែង​រៀបចំ​កាដូ​ជូន​គ្នា​ទៅវិញទៅមក ឬ​ការចែក​ស្ករ​គ្រាប់​គ្នា​ទៅវិញទៅមក​ផងដែរ​។ ចំណែក​នៅតាម​ស្ថាប័ន ក្រុមហ៊ុន សាលារៀន ឬ​ផ្ទះ​សម្តែង​នានា ក៏មាន​ការរៀបចំ​ដាក់​បង្ហាញ​ដើម «Christmas» ដោយមាន​ភ្លើង​ភ្លឺ​ផ្លេក និង​ប្រអប់​កាដូ​យ៉ាង​ស្រស់ស្អាត​ផងដែរ​៕ 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com