ជាតិ
អ្នក​កំពង់ហ្លួង ស្រុក​ពញាឮ មមាញឹក​ធ្វើ​ត្រី​ប្រហុក ផ្អក​
25, Dec 2020 , 2:32 pm        
រូបភាព
ពលរដ្ឋកំពុងមមាញឹកធ្វើត្រីប្រហុក ផ្អក នៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល
ពលរដ្ឋកំពុងមមាញឹកធ្វើត្រីប្រហុក ផ្អក នៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល
​កណ្ដាល​៖ ពលរដ្ឋ​ជាច្រើន កំពុង​មមាញឹក​ក្នុងការ​ធ្វើ​ត្រី​ប្រហុក ផ្អក នៅ​ទីតាំង ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល​។ សម្រាប់​តម្លៃ ត្រី នៅ​ទីតាំង​នេះ ក្នុង​ថ្ងៃទី​៤​នេះ មានតម្លៃ ៤ ០០០​រៀល ទៅ ៤ ៥០០​រៀល ក្នុង​មួយ​គីឡូ ខណៈ​ថ្ងៃ​ដំបូង មានតម្លៃ ៦៥០០​រៀល ក្នុង​មួយ​គីឡូក្រាម​។​
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​លោក​អ្នកនាង ទស្សនា​បទសម្ភាសន៍ របស់​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​thmeythmey25 ដូចតទៅ​
​ពលរដ្ឋ​ភាគច្រើន​ដែល​ធ្វើ​ត្រី​ប្រហុក ផ្អក ភាគច្រើន មកពី ខេត្តកំពង់ស្ពឺ និង​ពលរដ្ឋ នៅ​ខេត្តកណ្ដាល​ផ្ទាល់​។ បើតាម​ពលរដ្ឋ ដែល​បាន ទៅធ្វើ​ត្រី​ប្រហុក ផ្អក នៅ​ទីតាំង​នោះ បាន​ឲ្យ​ដឹងថា ពួកគាត់​ពិបាក ក្នុង​ការរក​ទិញ ត្រី​ប្រហុក ព្រោះ​មានតម្លៃ​ខ្ពស់ មិនសូវ​សម្បូរ ហើយ​ត្រី​ក៏មាន​ទំហំ​តូច ពិបាក​ក្នុង​ការធ្វើ​ត្រី​ប្រហុក ផ្អក ផងដែរ​។ 
 
​បើតាម​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម បាន​ព្យាករណ៍​ថា ទិន្នផល​ត្រី​ប្រហុក ផ្អក នៅក្នុង​ឆ្នាំ​២០២០​នេះ ធ្លាក់ចុះ ៣១​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩​។ ទិន្នផល​ត្រី​ធ្លាក់ចុះ ដោយសារ​កម្ពស់​ទឹកជំនន់ ទន្លេមេគង្គ ស្ថិតក្នុង​កម្រិត​ទាប ហើយ​បានអូសបន្លាយ​ជាង​មួយខែ វិសាលភាព​នៃ​ទឹកជំនន់​ក្នុង​បឹង​ទន្លេសាប និង​ការប្រែប្រួល​អាកាសធាតុ​។  តម្លៃ​ត្រី​ប្រហុក​ឆ្នាំនេះ ក៏​ខ្ពស់ជាង​ឆ្នាំមុន​ផងដែរ​។​
 
​សូមជម្រាបថា រដ្ឋបាល​ជលផល បាន​ជូនដំណឹង​ថា ត្រី​ប្រហុក ផ្អក ត្រីឆ្អើរ  នឹងត្រូវ​រយៈពេល​ពេញ​មួយ​សប្តាហ៍​គឺ​ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ដល់​ថ្ងៃទី​២៦ ខែធ្នូ​នេះ​៕










 
 

Tag:
 ត្រី​ប្រហុក​
 ​កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com