ការរីករាលដាលនៃជំងឹកូវីដ-១៩ជាសកល បានធ្វើឲ្យការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមកីឡាករជម្រើសជាតិថ្នាល និងឈុតធំត្រូវបានរំសាយទៅហ្វឹកហាត់តាមផ្ទះរៀងៗខ្លួនជាបន្តបន្ទាប់។ បញ្ហានេះ បានបង្កក្តីកង្វល់ដល់ថ្នាក់ដឹកនាំវិស័យកីឡាកម្ពុជាក្នុងការត្រៀមឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ និងការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម។ កម្ពុជាអាចនឹងប្រើការប្រមូលផ្តុំហ្វឹកហាត់ដំណាក់កាលទីពីរ បើសិនជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាល។
ដើម្បីជួយស្តារស្ថានការណ៍ដល់ការអភិវឌ្ឍបច្ចេកទេស និងសមត្ថភាពរបស់ក្រុមកីឡាករជម្រើសជាតិថ្នាល និងឈុតធំក្នុងវិបត្តិជំងឺកូវីដ-១៩ កម្ពុជា អាចនឹងប្រើការប្រមូលផ្តុំហ្វឹកហាត់ដំណាក់កាលទីពីរ ប្រសិនបើជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាល។ ការប្រមូលផ្តុំហ្វឹកហាត់ដំណាក់កាលទីពីរ គឺសំដៅសល់ការហ្វឹកហាត់ដែលតម្រូវឲ្យកីឡាករហ្វឹកហាត់ជុំគ្នានៅតាមសហព័ន្ធនីមួយៗ ដោយមិនចាំបាច់រំសាយ តាមរយៈបិទទ្វារមិនឲ្យមានការចេញចូល ក្រៅពីកីឡាករ គ្រូបង្វឹក និងអ្នកពាក់ព័ន្ធ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)អះអាងថា លោក នឹងយកបញ្ហានេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំយុវជននិងកីឡា។ អគ្គលេខាធិការរូបនេះយល់ថា បើបន្តឲ្យកីឡាកររំសាយការប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាទៅហាត់នៅតាមផ្ទះ វានឹងជះឥទ្ធិពលមិនល្អដល់ការអភិវឌ្ឍបច្ចេកទេស និងសមត្ថភាពកីឡាករ។
«យើងកំពុងតែពិក្សាគ្នាពីផែនការ B មានន័យថា បើវាមានស្ថានភាព(កូវីដ-១៩)តានតឹង ព្រោះកីឡាករមិនអាចហ្វឹកហាត់ក្នុងកម្រិតអសកម្ម ឬសកម្មតិចតួចអ៊ីចឹងបានទេ ក្នុងការហ្វឹកហាត់ជំនាញកម្រិតខ្ពស់។ ខ្ញុំនឹងពិភាក្សាជាមួយឯកឧត្តមអគ្គនាយកដ្ឋានកីឡា និងប្រធានមជ្ឈមណ្ឌល ដើម្បីស្វែងរកយន្តការសមស្របណាមួយ»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន។
អគ្គលេខាធិការនៃ NOCC រូបនេះ បានលើកឧទាហរណ៍ពីប្រទេសមួយចំនួន ដែលបន្តឲ្យកីឡាករហ្វឹកហាត់ជុំគ្នា ទោះបីពួកគេជួបប្រទះនូវវិបត្តិនៃការឆ្លងជំងឺកូវីដ-១៩។ លោកបានបញ្ជាក់ថា ប្រទេសទាំងនោះបានប្រើវិធីសាស្ត្របិទទ្វារមិនឲ្យមានការចេញចូល សម្រាប់ការហ្វឹកហាត់របស់កីឡាករសក្តានុពលរបស់គេ។
លោក បានរៀបរាប់ដូច្នេះថា៖«នៅប្រទេសគេកីឡាករដែលមានសក្តានុពលខ្ពស់ គេត្រូវប្រមូលផ្តុំមក Lock Down បានន័យថា គេប្រមូលផ្តុំមកដាក់នៅមួយកន្លែង ហើយគេបិទនៅកន្លែងនឹង ហូបនៅនឹង ស្នាក់នៅនឹង ហាត់នៅនឹង អត់ឲ្យចេញទៅក្រៅ។ យើងកំពុងស្វែងរកយុទ្ធសាស្ត្រក្នុងផែនការ B របស់យើង ដាច់ខាតនៅឆ្នាំនេះ យើងត្រូវតែមានផែនការយុទ្ធសាស្ត្រពីរ(A, B) ដើម្បីយើងត្រៀមលក្ខណៈបច្ចេកទេសកាន់តែល្អប្រសើរ»។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ បានបន្ថែមថា បើកម្ពុជាប្រើការប្រមូលផ្តុំហ្វឹកហាត់ដំណាក់កាលទីពីរ កម្ពុជានឺងជួលគ្រូបង្វឹកបរទេសដែលមានកម្រិតខ្ពស់មកបង្វឹកដល់កីឡាករកម្ពុជា។ តែយ៉ាងណា លោក ទទួលស្គាល់ថា ការហ្វឹកហាត់ក្នុងស្រុកពុំទទួលបានលទ្ធផលល្អ១០០ភាគរយនោះទេ ដោយសារគ្មានដៃគូខ្លាំងៗ ដើម្បីសមវាស់ស្ទង់សមត្ថភាព។
ផែនការហ្វឹកហាត់ដំណាក់កាលទីពីររបស់ក្រុមកីឡាករកីឡាការិនីជម្រើសជាតិថ្នាល និងឈុតធំអាចដំណើរការទៅបាន ប្រសិនបើការហ្វឹកហាត់ដំកាលទី១រងបរាជ័យ។ ការដំណាក់កាលទី១ គឺសំដៅដល់ការបញ្ជូនកីឡាករកីឡាការិនីជម្រើសជាតិទៅហ្វឹកហាត់នៅក្រៅប្រទេស ដែលបានពន្យាពេលជាបន្តបន្ទាប់ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ទោះបីយ៉ាងនេះក្តី កម្ពុជា នៅតែរក្សាជំហរក្នុងការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស។ បើតាមលោក វ៉ាត់ ចំរើន កម្ពុជានឹងបញ្ជូនក្រុមកីឡាករកីឡាការិនីទៅហ្វឹកហាត់នៅប្រទេសចិន នាអំឡុងខែមិថុនា ឆ្នាំ២០២១ ជាពេលវេលាដែលចិនអះអាងថា ខ្លួនទំនងជាអាចគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩។
គួររំលឹកថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យក្រសួងអប់រំ យុវជន និងកីឡា សម្រេចរំសាយការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមកីឡាករកីឡាការិនីជម្រើសជាតិថ្នាល និងឈុតធំចំនួន៣លើក។ ការរំសាយប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាទៅហ្វឹកហាត់តាមផ្ទះ បានបង្កជាក្តីកង្វល់ដល់ថ្នាក់ដឹកកីឡាក្នុងការត្រៀមឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣៕