កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ ២០២១ ជាឆ្នាំដែលគណៈកម្មការជំនាញទាំង១៤ ត្រូវចាប់ផ្ដើមការងារស៊ីហ្គេមឆ្នាំ២០២៣
26, Dec 2020 , 2:29 pm        
រូបភាព
លោក វ៉ាត់ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ CAMSOC, រូបពី Cambodia SEA Games 2023
លោក វ៉ាត់ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ CAMSOC, រូបពី Cambodia SEA Games 2023
ដោយ:
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានបន្តបើកកិច្ចប្រជុំមួយ ដោយមានការចូលរួមពីគណៈកម្មការជំនាញទាំង១៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២១។ ថ្នាក់ដឹកនាំ CAMSOC ចាត់ទុកឆ្នាំ២០២១ ជាឆ្នាំចាប់ផ្តើមអនុវត្តន៍ការងារក្នុងការសម្រួចទិសដៅទៅស៊ីហ្គេមឆ្នាំ២០២៣ និងជាឆ្នាំដែលគណៈកម្មការជំនាញទាំងអស់ត្រូវមានផែនការជាក់លាក់ក្នុងការអនុវត្តន៍របស់ខ្លួន។
 
 
បើគិតត្រឹមឆ្នាំ២០២១ នៅសល់តែជាងពីរប៉ុណ្ណោះ នឹងដល់ពេលវេលា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ CAMSOC តម្រូវឲ្យគណៈកម្មការជំនាញទាំង១៤ ដែលចម្រុះឲ្យខ្លួន ត្រូវរៀបចំផែនការយុទ្ធសាស្ត្រឲ្យបានរួចរាល់ និងចាប់ផ្តើមអនុវត្តចាប់ពីដើមឆ្នាំ២០២១ តទៅ ដើម្បីធានាថា កម្ពុជារួចរាល់ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍មួយនេះ។ 
 
លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃ CAMSOC តម្រូវឲ្យគណៈកម្មការជំនាញទាំងអស់ ត្រូវមកបំពេញការងាររៀងៗខ្លួននៅតាមការិយាល័យ ដែលមានទីតាំងស្ថិតនៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីរៀបចំ និងអនុវត្តន៍ផែនការរបស់ខ្លួន។ 


 
«ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃ CAMSOC ឲ្យគណៈកម្មការជំនាញទាំងអស់ គឺចាប់ផ្តើមថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មកចូលរួមមកធ្វើការនៅការិយាល័យរៀងៗខ្លួន។ អ៊ីចឹងបានន័យថា គណៈកម្មការជំនាញទាំងអស់គាត់ចាប់ផ្តើមធ្វើការ ចាប់អនុវត្តនូវយុទ្ធសាស្ត្ររបស់គាត់ និងចាប់ធ្វើកិច្ចការណា ដែលត្រូវធ្វើមុន កិច្ចការណាដែលត្រូវធ្វើក្រោយ»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ 
 
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមបានចាត់ទុកឆ្នាំ២០២១ ជាឆ្នាំដែលគណៈកម្មការជំនាញទាំង១៤ត្រូវអនុវត្តការងាររៀងៗខ្លួន ដើម្បីសម្រួចទិសដៅឈានទៅទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
 
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់យ៉ាងដូច្នេះថា៖«ឆ្នាំ២០២១ សូមជម្រាបថា ជាឆ្នាំដែលយើងហៅថា Games Operation Time បានន័យថា ស៊ីហ្គេមឆ្នាំ២០២៣ ត្រូវចាប់ផ្តើមពីឆ្នាំ២០២១ តទៅ ទាំងការរៀបចំ និងការអនុវត្តជាក់ស្តែង។ អ៊ីចឹងឆ្នាំ២០២១ យើងត្រូវធ្វើអ្វីខ្លះ ជាព្រឹត្តិការណ៍ ជាការរៀបចំដំបូង ជាការហ្វឹកហាត់អីខ្លះ ដើម្បីធ្វើឲ្យការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមបានប្រព្រឹត្តទៅដោយជោគជ័យ»។
 
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ក៏បានបង្ហាញពីផែនការក្នុងការបញ្ជូនកីឡាករកីឡាការិនីទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣។ បើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងបញ្ជូនអត្តពលិកឲ្យទៅហ្វឹកហាត់នៅប្រទេសចិន នាអំឡុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ 
 
ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមប្រព្រឹត្តទៅចាប់ថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣។ 
 

Tag:
 វ៉ាត់ ចំរើន
  CAMSOC
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com