កីឡាជាតិ
ជាតិ
កីឡាករដែលត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ពី IOC
26, Dec 2020 , 9:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ NOCC, រូបពី Cambodia SEA Games 2023
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ NOCC, រូបពី Cambodia SEA Games 2023
ដោយ:
កីឡាករកីឡាការិនីកម្ពុជាដែលត្រូវចូលរួមការប្រកួតកីឡាអូឡាំពិក Olympic Games នៅទីក្រុងតូក្យូប្រទេសជប៉ុន នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC)។ មកទល់ពេលនេះ កម្ពុជាមានកីឡាពីរប្រភេទហើយ ដែលទទួលបានសិទ្ធិអនុគ្រោះ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំមួយនេះ។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងស្នើទៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីសុំសិទ្ធិអនុគ្រោះលើប្រភេទកីឡាមួយចំនួនក្នុងការចូលរួមការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាអំឡុងខែកក្កដា ឆ្នាំ២០២១។ កម្ពុជាមានប្រភេទកីឡាចំនួនពីរហើយរួមមានអត្តពលកម្ម និងហែលទឹក ដែលទទួលបានសិទ្ធិអនុគ្រោះនេះ។ 
 
បើតាមលោក វ៉ាត់ ចំរើន កម្ពុជាគ្រោងដាក់កីឡាចំនួន៤ប្រភេទទៀតរួមមានចំបាប់ គុនដាវ តេក្វាន់ដូ និងទូកក្តោង ដើម្បីសុំសិទ្ធិអនុគ្រោះសម្រាប់ព្រឹត្តិការណ៍ Olympic Games ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តង។ ជាលក្ខខណ្ឌក្នុងសម័យកូវីដ-១៩ កីឡាករកីឡាការិនីទាំងអស់ ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមុនសិន។ 
 
ពាក់ព័ន្ធការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លោក វ៉ាត់ ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា៖«គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសថា កីឡាករដែលត្រៀម(ចូលរួម)ព្រឹត្តិការណ៍កីឡាអូឡាំពិក ខែកក្កដា ឆ្នាំ២០២១ ទាំងអស់ ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ»។ 
 
បើតាមអគ្គលេខាធិការ NOCC រូបនេះ កីឡាករកីឡាការិនី ដែលកម្ពុជាត្រៀមដាក់សំណើរសុំសិទ្ធិអនុគ្រោះក្នុងការចូលរួមការប្រកួតកីឡាអូឡាំពិក មានប្រមាណ១០នាក់ប៉ុណ្ណោះ។ ប៉ុន្តែ លោក មិនទាន់ប្រាកដទេថា IOC នឹងយល់ព្រមតាមសំណើររបស់កម្ពុជា ឬយ៉ាងនោះទេ។ 
 
ដោយសារវិបត្តិកូវីដ-១៩ គណៈកម្មាធិការអូឡាំពិកអន្តរជាតិសម្រេចលុបចោលការប្រកួតជម្រុះអូឡាំពិក ដើម្បីស្វែងរកកីឡាករទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុន ដោយយកតាមចំណាត់ថ្នាក់របស់កីឡាករតាមប្រភេទកីឡានីមួយៗ។ 
 
«ការប្រកួតអូឡាំពិកឆ្នាំនេះ ខុសពីឆ្នាំមុនៗ។ អូឡាំពិកមុនៗគេធ្វើការជម្រុះ ប៉ុន្តែលើកនេះគេមិនអាចរៀបចំបានទេ ដោយសារតែកូវីដ-១៩។ អ៊ីចឹងគេយកតាមចំណាត់ថ្នាក់បច្ចេកទេសពិភពលោករបស់កីឡាករ។ ប៉ុន្តែកីឡាករកម្ពុជាយើងពុំទាន់មាននណារម្នាក់អាចឈរក្នុង Ranking ដែលគេត្រូវការនោះទេ»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន។ 
 
យើងសង្កេតឃើញថា កម្ពុជាយើងតែងតែចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រោមសិទ្ធិអនុគ្រោះពី IOC។ ប៉ុន្តែកាលពីឆ្នាំ២០១៦ កីឡាការិនី ស៊ន សៀវម៉ី ទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមការប្រកួតកីឡាអូឡាំពិកនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ក្រោយកីឡាការិនីរូបនេះ ទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតជម្រុះអូឡាំពិក។ ទោះបីយ៉ាងនេះក្តី កីឡាការិនី ស៊ន សៀវម៉ី ពុំទទួលបានមេដាយពីប្រកួតនោះទេ ដោយធ្លាក់ត្រឹមវគ្គជម្រុះ៕   
 

Tag:
 វ៉ាត់ ចំរើន
  IOC
  កូវីដ-១៩
  Olympic Games
© រក្សាសិទ្ធិដោយ thmeythmey.com