ជាតិ
ពីនេះ ពីនោះ
«រំហើយ» សរសេរជា «រម្ហើយ», «លំហើយ» ឬ«លម្ហើយ» ត្រឹមត្រូវដូចគ្នា
27, Dec 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យ«រំហើយ»អាចសរសេរបាន៣បែបទៀតដោយសរសេរជា«រម្ហើយ» ក៏បាន ឬ«លំហើយ» ឬក៏«លម្ហើយ»អ៊ីចេះក៏បានគឺសុទ្ធតែត្រឹមត្រូវដូចគ្នា។
 
 
«រំហើយ»,«រម្ហើយ»,«លំហើយ»ឬ«លម្ហើយ»មានថ្នាក់ពាក្យជាកិរិយាសព្ទផង និងជានាមសព្ទផង។   ជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យល្ហើយ,ហាលខ្យល់ឲ្យល្ហើយ។ ឈរលម្ហើយខ្លួន។ បើជានាមសព្ទ សំដៅលើរដូវដែលធ្លាក់ខ្យល់ពីទិសឧត្តរបក់មក។ រដូវលំហើយ ដែលគេអាចហៅម្យ៉ាងថា «សរទរដូវ»ឬ«សរទកាល»ដែលជារដូវចុះអ័ព្ទ ឬរដូវមានខ្យល់ ភ្លៀង និងទឹកសន្សើម។ 
 
ជាក់ស្តែងពាក្យ«រំហើយ»អាចសរសេរទៅជាព្យាង្គតម្រួតបាន«រម្ហើយ» ប៉ុន្តែវាក៏អាចសរសេរផ្តើមពីព្យញ្ជនៈ«រ» ឬព្យញ្ជនៈ«ល»ក៏បាន គឺ «រំហើយ» ទៅជា«លំហើយ» ហើយក៏អាចសរសេរទៅជាព្យាង្គតម្រួតបានផងដែរគឺ«លម្ហើយ»។ 
 
ដោយឡែកពាក្យខ្លះទៀតក៏អាចសរសេរជាព្យញ្ជនៈ«រ» ឬ«ល» ក៏បាននោះមានដូចជា លំហ,លម្ហ ឬរំហ,រម្ល, លំហាច,លម្លាច ឬរំហាច,លម្លាច,លំហែ,លម្លែ ឬរំហែ,រម្លែ, លំហោក ឬរំហោក, លំហុក ឬរំហុក ជាដើម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com