ដូចការចង់បានរបស់លោក សាន់ សៅយ៉ាន់ កីឡាករ ភួន ឡាំងកូស៊ីន ត្រូវប៉ះជាកីឡាករ រិន ដេវីត នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM ISI PIPE នៅសង្វៀនភីអិនអិន។ កីឡាករ រិន ដេវីត ត្រូវបានចៅក្រមកាត់សេចក្តីឲ្យឈ្នះកីឡាករ ខេម ចាន់ ជាឯកច្ឆន្ទនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ទីបំផុតក្តីបំណងរបស់លោក សាន់ សៅយ៉ាន់ ដែលចង់ឲ្យកូនសិស្សខ្លួនកីឡាករ ភួន ឡាំងកូស៊ីន ជួបជាមួយកីឡាករ រិន ដេវីត នៅវគ្គផ្តាច់ព្រ័ត្របានសម្រេចហើយ។ បន្ទាប់ពីយុវជនថ្នាលជម្រើសជាតិគុនខ្មែរ រិន ដេវីដ បានទម្លាក់កីឡាករ ខេម ចាន់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងកីឡាករ រិន ដេវីត ជាមួយកីឡាករ ខេម ចាន់ យើងសង្កេតឃើញកីឡាករទាំងពីរបានប្តូរកណ្តាប់ដៃ ជើង និងជង្គង់ទៅវិញទៅមក ដែលធ្វើឲ្យការប្រកួតកាន់តែជក់ចិត្ត។ ប៉ុន្តែនៅក្នុងការប្តូរនោះ ដេវីត ហាក់ប្រើកណ្តាប់ដៃចំគោលដៅល្អច្រើនជាងកីឡាករ ខេម ចាន់ ដែលព្យាយាមប្រើជើង និងបោះជង្គង់។
បើមើលការប្រកួតតាំងពីទឹកទី១ដល់ទឹកទី៥ យើងសង្កេតឃើញថា កីឡាករទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ប៉ុន្តែក្រោយឆ្លងកាត់ការប្រកួត៥ទឹកពេញចៅក្រមកាត់ក្តីឲ្យកីឡាករ រិន ដេវីត ឈ្នះកីឡាករ ខេម ចាន់ ដោយពិន្ទុឯកច្ឆន្ទ។ ជ័យជម្នះនេះជួយឲ្យ ដេវីត ឡើងទៅជួបកីឡាករ ភួន ឡាំងកូស៊ីន នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM ISI PIPE នៅសង្វៀនភីអិនអិន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
សម្រាប់ការជួបគ្នារវាងកីឡាករទាំងពីរត្រូវបានលោក សាន់ សៅយ៉ាន់ វាយតម្លៃថា វានឹងក្លាយជាការប្រកួតមួយដ៏ទាក់ទាញ និងជក់ចិត្តបំផុត ដ្បិតពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នា ទាំងការប្រើដៃ និងជើង។ ប៉ុន្តែកីឡាករ រិន ដេវីត ហាក់រហ័យជាងកីឡាករ ភួន ឡាំងកូស៊ីន។
កីឡាករទាំងពីរធ្លាប់ជួបគ្នាម្តងរួចមកហើយនៅក្នុងការប្រកួតជម្រុះតាមពូល ដោយកាលនោះកីឡាករ រិន ដេវីត បានយកឈ្នះ ឡាំងកូស៊ីន ដោយពិន្ទុ។ ប៉ុន្តែលោក សាន់ សៅយ៉ាន់ អះអាងថា កាលចាញ់លើកនោះ គឺ កូស៊ីន ចាញ់តិចតួចប៉ុណ្ណោះ។ ហើយការចាញ់ទៀតសោត ដោយសារកូនសិស្សខ្លួន ហ្វឹកហាត់ត្រៀមមិនបានល្អ។
ដោយឡែកកីឡាករ ភួន ឡាំងកូស៊ីន ធ្លាប់អះអាងកន្លងមកថា រូបគេជួបកីឡាកររូបណាក៏បានក្នុងចំណោមកីឡាករទាំងពីរ ដ្បិតខ្លួនបានហ្វឹកហាត់ត្រៀមបានយ៉ាងល្អសម្រាប់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។ ជាមួយគ្នានេះ រូបគេ ប្តេជ្ញាថា ខ្លួននឹងខិតខំហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ ដើម្បីត្រៀមទទួលគូប្រកួតរបស់ខ្លួន។
គួររំឮកថា កីឡាករ ភួន ឡាំងកូស៊ីន បានទម្លាក់កីឡាករ ពេជ្រ ប៊ុនសិទ្ធ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចៅក្រមកាត់ក្តីឲ្យរូបគេឈ្នះគូប្រកួតដោយពិន្ទុឯកច្ឆន្ទ ក្រោយឆ្លងកាត់ការប្រកួត៥ទឹក៕