កីឡាជាតិ
ជាតិ
កម្ពុជា​នឹង​រៀបចំ Pre-SEA Games ដើម្បី​តេស្ត​សមត្ថភាព​កីឡាករ និង​ផ្តល់​បទពិសោធ​ដល់​សហព័ន្ធ​
28, Dec 2020 , 10:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ពេលចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ
លោក វ៉ាត់ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ពេលចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ
ដោយ:
​កម្ពុជា​នឹង​រៀបចំ​ការប្រកួត​សាកល្បង​មុន​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​(Pre-SEA Games) នា​ឆ្នាំ​២០២២ ខាងមុខ ដើម្បី​សាកល្បង​សមត្ថភាព​កីឡាករ​សមត្ថភាព ក៏ដូចជា​ផ្តល់​បទពិសោធ​រៀបចំ​ដល់​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​។ ការប្រកួត​នេះ ក៏​ធ្វើឡើង​ដើម្បី​តេស្ត​ឧបករណ៍ សម្ភារ និង​ទីលាន​ផ្សេងៗ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​គ្រោង​បញ្ចប់​នៅ​ខែឧសភា ឆ្នាំ​២០២១ ផងដែរ​។
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា មុន​ឈានដល់​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ផ្លូវការ​នៅ​ឆ្នាំ​២០២៣ កម្ពុជា​អាច​នឹង​រៀបចំ​ការប្រកួត Pre-SEA Games នា​ឆ្នាំ​២០២២ ដើម្បី​តេស្ត​សមត្ថភាព​កីឡាករ និង​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​។ ការប្រកួត​សាកល្បង​នេះ គឺ​ធ្វើ​ដូច​លំនាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ។ នេះ​បើតាម​ការអះអាង​របស់​លោក វ៉ា​ត់ ចំរើន​។  
 
លោក ថោង ខុន ចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ

​ក្រៅពី​វាស់​ស្ទង់​បច្ចេកទេស និង​សមត្ថភាព​កីឡាករ​កម្ពុជា ការប្រកួត Pre-SEA Games ក៏​ជា​វិធីសាស្ត្រ​មួយ​សម្រាប់​ស្ទាបស្ទង់​សមត្ថភាព​កីឡាករ​កីឡាការិនី និង​សិក្សា​ស្វែងយល់​ពី​ចំណុចខ្សោយ និង​ចំណុចខ្លាំង​របស់​ប្រទេស​ផ្សេងៗ​ផងដែរ​។ លើសពីនេះ ដើម្បី​បង្កើន​គុណភាព​ដល់​កីឡាករ និង​ផ្តល់​បទពិសោធ​ដល់​សហព័ន្ធ​កីឡា​ជាតិ​ក្នុង​ការត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​។ 
 
​ការសាកល្បង​ឧបករណ៍ សម្ភារ​បច្ចេកទេស និង​ទីលាន​ប្រកួត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរ​តេ​ជោ ក៏​ជា​ស្ថិតក្នុង​គោលបំណង​នៃ​ការរៀបចំ​ការប្រកួត Pre-SEA Games ផងដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ា​ត់ ចំរើន ដែល​អះអាង​បន្ថែមថា ក្រៅពី​ការប្រកួត​នេះ ក៏មាន​ការប្រកួត​លក្ខ​ណៈ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៀតផង​ដែរ​។    
 
«​នៅ​ឆ្នាំ​២០២២ កម្ពុជា​អាច​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត Pre-SEA Games ដោយ​បណ្តា​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍​ចំនួន​១០​ផ្សេងទៀត​អាច​បញ្ជូន​កីឡាករ កីឡាការិនី​របស់ខ្លួន​តាម​ប្រភេទ​កីឡា​នីមួយៗ​មក​ប្រកួត​ឆ្លាស់គ្នា​បាន ដើម្បី​ឲ្យ​ការប្រើប្រាស់​របស់​យើង​មាន​និរន្តរភាព ក៏ដូចជា​ជួយផ្តល់​ជា​បទពិសោធន៍​ដល់​ការរៀបចំ របស់​សហព័ន្ធ​កីឡា​ជាតិ​នានា​របស់​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។  
 
 
​លោក ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC)​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ នេះ បាន​ដឹកនាំ​ប្រតិភូ​ចុះទៅ​ត្រួតពិនិត្យ​វឌ្ឍនភាព​សាងសង់​កីឡដ្ឋាន​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ទោះបី​កម្ពុជា ក៏ដូចជា​ពិភពលោក​ជួប​វិបត្តិ​កូ​វីដ​-១៩ ប៉ុន្តែ​ដំណើរការ​សាងសង់​ពហុ​កីឡដ្ឋាន​នេះ ពុំបាន​ផ្អាក​នោះទេ គ្រាន់​តែមាន​ភាព​យឹត​យ៉ាវ​ខ្លះ​ពាក់ព័ន្ធ​ការដឹកជញ្ជូន​សម្ភារ​ផ្គត់ផ្គង់​ឲ្យ​ការសាងសង់​ប៉ុណ្ណោះ​។​
 
​បើតាម​លោក ថោង ខុន ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​សាងសង់ឡើង​សម្រាប់​ត្រៀម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹង​បញ្ចប់​ការសាងសង់​តាម​ការគ្រោងទុក​នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០២១​។ បច្ចុប្បន្ន​សមិទ្ធផល​ទី​ពីរ​នេះ សាងសង់​បាន​ជាង​៨០​ភាគរយ​ហើយ ពោលគឺ​នៅសល់​ប្រមាណ​ជាង​១០​ភាគរយ​ប៉ុណ្ណោះ នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​។     
 
«​ពេល​យើង​បាន​ទៅ​ពិនិត្យមើល​សំណង់​កីឡដ្ឋាន​ធំ​នេះ គឺជា​មោទកភាព​ជាតិ មោទកភាព​សម្រាប់​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​-​ចិន ដែល​នេះ​គឺជា​អនុស្សាវរីយ៍ មួយ​ដ៏​ធំធេង នាពេល​បច្ចុប្បន្ន ក៏ដូចជា​សម្រាប់​តទៅ​កូនចៅ​ខ្មែរ​យើង​តទៅ​អនាគត​»​។ នេះ​ជាការ​បង្ហាញ​អារម្មណ៍​របស់លោក ថោង ខុន ពេល​បាន​ទស្សនា​សំណង់​កីឡដ្ឋាន ដែល​កំពុង​ស្ថាបនា​។ 
 
​បើតាម​លោក វ៉ា​ត់ ចំរើន នៅ​ថ្ងៃ​សម្ពោធ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹងមាន​ការរៀបចំ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ចិន ដើម្បី​អបអរ​ក្នុង​ថ្ងៃ​សម្ពោធ​នោះ​។ ក្រោយ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ពហុ​កីឡដ្ឋាន​នេះ នឹង​ក្លាយជា​ទីតាំង​រៀបចំ​ការប្រកួត​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ​។ ជាពិសេស​ការប្រកួត​វគ្គ​ជម្រុះ​បាល់ទាត់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ទ្វីបអាស៊ី​ជាដើម​។  
 
 
​កីឡដ្ឋាន​លំដាប់​អន្តរជាតិ​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ចិន សាងសង់​លើ​ផ្ទៃដី​ជាង​១៦​ហិកតា ដោយ​គ្រោង​ចំណាយ​ថវិកា​១៥៨​លាន​ដុល្លារ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ​៦​ម៉ឺន​នាក់ និង​អាច​ជ​ម្លៀ​ង​ទស្សនិកជន​ត្រឹមតែ​៧​នាទី​ក្នុងករណី​មាន​ហេតុការណ៍​មិន​ប្រក្រតី​កើតឡើង​។ 
 
​សមិទ្ធផល​ទី​ពីរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៤ មេសា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​ដំណាក់កាល​ទី​១ រួមមាន​មជ្ឈមណ្ឌល​អាង​ហែល​ទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល​, ទីលាន​បាល់បោះ​, និង​អគារ​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​៕
 

 
 

Tag:
 ថោង ខុន​
  វ៉ា​ត់ ចំរើន​
  Pre-SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com