ជាតិ
សង្គមជាតិ
CCHR៖ ពលរដ្ឋជាង១,៨ពាន់គ្រួសារ រងការបំពានសិទ្ធិដីធ្លី តាមប្រព័ន្ធតុលាការ
28, Dec 2020 , 5:50 pm        
រូបភាព
តំណាង​ពលរដ្ឋ​ប្រមាណ​៧០០​គ្រួសារ​ពី​ខេត្តកោះកុង កំពង់ស្ពឺ ឧ​ត្ត​រ​មានជ័យ និង ​ព្រះវិហារ បាននាំគ្នា​ទៅមុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០២០ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហាដីធ្លី​របស់​ពួកគាត់​។​
តំណាង​ពលរដ្ឋ​ប្រមាណ​៧០០​គ្រួសារ​ពី​ខេត្តកោះកុង កំពង់ស្ពឺ ឧ​ត្ត​រ​មានជ័យ និង ​ព្រះវិហារ បាននាំគ្នា​ទៅមុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០២០ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហាដីធ្លី​របស់​ពួកគាត់​។​
ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រកឃើញថា ពលរដ្ឋជាង១៨០០គ្រួសារ រងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើវិវាទដីធ្លី តាមប្រព័ន្ធតុលាការ ដោយមានការជំរុញពីរដ្ឋាភិបាលនិងក្រុមហ៊ុនវិនិយោគ។ ការរកឃើញនេះ ត្រូវបានCCHR ចេញជាកំណត់ត្រាមួយស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្ស ដោយមានចំណងជើងថា គណនេយ្យភាពសាជីវកម្ម ចំពោះការរំលោភបំពានលើសិទ្ធិដីធ្លី។


របាយការណ៍បានបង្ហាញថា ទំនាស់ដីធ្លី៤ករណី ដែលបង្កឡើងដោយក្រុមហ៊ុន៥ ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាង១៨០០គ្រួសារ តាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ។ លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលCCHR បានអះអាងថា តំបន់ផ្ដល់ដីសម្បទាននិងតំបន់សេដ្ឋកិច្ចករណីវិវាទទាំង៤នេះ ទទួលបានសិទ្ធិអភិវឌ្ឍន៍ ដោយមិនបានសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមបានច្បាស់លាស់ឡើយ។

«ច្បាប់យើងស្ដីពីការផ្ដល់ដីសម្បាទាននិងតំបន់អភិវឌ្ឍន៍ គឺតម្រូវឲ្យធ្វើការវាយតម្លៃសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គមជាមុនសិន មុនពេលប្រគល់គម្រោងដីឬគម្រោងអភិវឌ្ឍន៍ផ្សេងៗ។ ប៉ុន្តែដោយឡែកករណីទាំងអស់នេះ(ករណីទាំង៤ខាងលើ) ពុំមានករណីណាមួយ ដែលធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម ត្រូវបានធ្វើមុនពេលគម្រោងនេះអភិវឌ្ឍឡើយ»។ នេះបើតាមការលើកឡើងរបស់លោក វណ្ណ សុផាត ដោយចាត់ទុកថា ការធ្វើបែបនេះ គឺជារំលោភបំពានសិទ្ធិមនុស្សនិងសិទ្ធិដីធ្លីយ៉ាងធ្ងន់ធ្ងរ ដោយមានការអនុញ្ញាតពីរដ្ឋាភិបាល ហើយក្រុមហ៊ុនវិនិយោគអនុវត្តន៍បំពាន ដោយផ្អែកតាមគោលការណ៍របស់រដ្ឋ។

លោកសង្កេតឃើញថា ការរំលោភសិទ្ធិមនុស្សនិងដីធ្លីនេះ ភាគច្រើនគឺក្រុមហ៊ុននិងអាជ្ញាធរបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់សម្ពាធលើពលរដ្ឋ។ លោកបន្ថែមថា នៅពេលពលរដ្ឋទាមទាររកដំណោះស្រាយកន្លងមក គឺតែងតែមានការគំរាមកំហែងចោទប្រកាន់ថា ប្រឆាំងនឹងអាជ្ញាធរសាធារណៈ និងរងបទញុះញង់ ឬកាន់កាប់ដីសាធារណៈ រហូតដល់ចាប់ខ្លួនពលរដ្ឋ ដាក់ពន្ធធនាគារទៀតផង។ លោកសង្កត់ធ្ងន់ថា ការប្រើយុទ្ធសាស្រ្តជាប្រព័ន្ធបែបនេះ គឺមានប្រសិទ្ធភាពបំផុតនៅកម្ពុជា។

សារព័ត៌មានថ្មីៗ មិនសុំការបកស្រាយពីភាគីរដ្ឋាភិបាលបានឡើងជុំវិញ វិវាទដីធ្លីនិងការរំលោភសិទ្ធិមនុស្សនេះឡើយ ។ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឆ្លើយប្រាប់លោកជាប់ប្រជុំ ខណៈសារព័ត៌មានថ្មីៗហៅទូរស័ព្ទទៅលោកពីរថ្ងៃជាប់គ្នា។ ដោយឡែក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល សុំមិនបកស្រាយដោយរុញឲ្យសាកសួរទៅលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌វិញ ។ សារព័ត៌មានថ្មីៗ ក៏មិនអាចសុំការបកស្រាយពីលោក ជិន ម៉ាលីន បានឡើយ ដោយលោកមិនទទួលទូរស័ព្ទ។

ជុំវិញកំណត់ត្រាខាងលើនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានស្នើឲ្យរដ្ឋាភិបាល គិតពីផលប៉ះពាល់និងការវាយតម្លៃជាមុន មុនផ្ដល់ដីឬគម្រោងអភិវឌ្ឍន៍ទៅក្រុមហ៊ុនវិនិយោគ។ លើសពីនេះ រដ្ឋាភិបាលត្រូវដំណោះស្រាយទាន់ពេល តម្លាភាព ដល់ពលរដ្ឋរគ្រោះ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល ក្រុមហ៊ុនវិនិយោគ និងអាជ្ញាធរកងកម្លាំងមូលដ្ឋាន បញ្ឈប់ការគំរាមកំហែង ប្រើហិង្សា និងប្រព័ន្ធទុកតាលាដើម្បបំបាក់ស្មារតីពលរដ្ឋ ពិសេសស្រី្ត។ នេះបើតាមការបញ្ជាក់របស់លោក សុផាត ដែលស្នើឲ្យក្រុមហ៊ុនវិនិយោគទាំងអស់ អភិវឌ្ឍន៍ដោយត្រូវសិក្សាពីផលប៉ះពាល់ផ្សេងៗ និងបញ្ហារំលោភសិទ្ធិមនុស្ស ដោយកុំផ្អែកតាមការអនុញ្ញាតពីរដ្ឋាភិបាលឬអាជ្ញាធរ។

ករណីវិវាទទាំង៤ខាងលើ ដែលបង្កឲ្យគ្រួសារជាង១៨០០រងផលប៉ះពាល់នេះ គឺជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចំនួន៥ មានទំនាស់រវាងអ្នកភូមិក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាមួយក្រុមស្ករ មីតធ័រ, ទំនាស់ដីធ្លីរវាងសហគមន៍ជនជាតិដើមភាគតិចនៅ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុនចម្ការកៅស៊ូ សុក ហ្វិន ខេស៊ីឌី, ទំនាស់រវាងអ្នកភូមិក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាមួយក្រុមហ៊ុនអឹម.ឌី.អេស ថ្មដា និងទំនាស់អ្នកភូមិនៅស្រុកស្រែអំបិលនិងស្រុកបុទុមសាគរ ខេត្តកោះកុង ជាមួយក្រុមហ៊ុនឧស្សាហកម្មស្ករកោះកុង ខូ អែល ធី ឌី និងក្រុមហ៊ុនចម្ការកោះកុង ខូ អែល ធី ឌី។

លោក សុផាត ថាវិវាទទាំង៤នេះ មាន២ករណីកំពុងបន្តបណ្ដឹងឆ្លងប្រទេស គឺវិវាទនៅខេត្តឧត្តរមានជ័យកំពុងបន្តបណ្ដឹងនៅថៃ ហើយវិវាទមួយទៀត នៅមណ្ឌលគិរីកំពុងបន្តបណ្ដឹងនៅបារាំង។ ទំនាស់ទាំង៤នេះ បានធ្វើឲ្យពលរដ្ឋរងគ្រោះបានបាត់បង់ដីធ្លី ចាប់ពីតាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ននេះ មិនទាន់មានដំណោះស្រាយនៅឡើយ៕ 

អត្ថបទទាក់ទង

Tag:
 សិទ្ធិមនុស្ស
  សិទ្ធិដីធ្លី
  CCHR
© រក្សាសិទ្ធិដោយ thmeythmey.com