ជាតិ
បទសម្ភាសន៍
វីដេអូ
ខេត្តពោធិ៍សាត់ នឹង​រៀបចំ​ពិព័រណ៍​សារមន្ទីរ ផ្តោតលើ​«​ជំនឿ និង​ពុទ្ធសាសនា​សម័យ​កណ្ដាល​»
30, Dec 2020 , 3:59 pm        
រូបភាព
ដោយ:
​ពោធិ៍សាត់​៖ ខេត្តពោធិ៍សាត់ កំពុងតែ​ប្រមែប្រមូល​វត្ថុ​បុរាណ ចម្លាក់​ថ្ម ចម្លាក់​ឈើ កុលាលភាជន៍ និង​វត្ថុ​ដែល​សេសសល់​ពី​បុរាណ​ពី​ទីកន្លែង​នានា​ទូទាំង​ខេត្ត ដើម្បី​រៀបចំ​ទៅជា​សារមន្ទីរ​ខេត្ត​។ លោក ឡា​ច ផេង​លី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា​សារមន្ទីរ​នេះ​នឹង​ក្លាយ​ជាទី​ទេសចរណ៍​ថ្មី​មួយ​សម្រាប់​ខេត្ត​នៅពេល​ខាងមុខ​។ លោក ឡា​ច ផេង​លី បាន​ឲ្យ​ដឹង​ទៀតថា ខេត្តពោធិ៍សាត់​ក៏ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជ្រើសរើស​ជា​ខេត្ត​ដំបូង ដើម្បី​ពិព័រណ៍​សារមន្ទីរ​ផងដែរ​។ ពិព័រណ៍​សារមន្ទីរ​លើកដំបូង​នៅក្នុង​ខេត្តពោធិ៍សាត់​នេះ នឹង​ផ្តោតលើ​ប្រធានបទ ជំនឿ និង​ព្រះពុទ្ធសាសនា​សម័យ​កណ្ដាល​។ ក្រោយ​ការតាំងពិព័រណ៍ សារមន្ទីរ​ខេត្តពោធិ៍សាត់ នឹង​បើកទទួល​សាធារណជន​ឲ្យ​ចូល​ទស្សនា​។
 
​សូម​អញ្ជើញលោក​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​សារព័ត៌មាន ThmeyThmey25 និង​លោក ឡា​ច ផេ​លី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់​ជុំវិញ​គម្រោង​តាំងពិព័រណ៍​សារមន្ទីរ និង​បន្ត​ស្វែងយល់​ពី​វត្ថុ​បុរាណ​នានា ដែល​ប្រមូលបាន​សម្រាប់​តាំង​ក្នុង​សារមន្ទីរ និង​ការតាំងពិព័រណ៍​ជាមួយ លោក មី​លី​យ៉ា សុវត្ថិ​ធី អ្នកគ្រប់គ្រង​សារមន្ទីរ​ខេត្តពោធិ៍សាត់ ដូចតទៅ​៖
 
​សារមន្ទីរ​ខេត្តពោធិ៍សាត់​កំពុង​ព្យាយាម​ប្រមូល​វត្ថុ​បុរាណ ដែល នៅ​សេសសល់​ក្នុង​ខេត្ត​ដើម្បី​យកមក​រៀបចំ​នៅក្នុង​សារមន្ទីរ​ដ៏​ថ្មី​សន្លាង​របស់ខ្លួន ក៏ដូចជា​សម្រាប់​ការបើក​ការតាំងពិព័រណ៍​សារមន្ទីរ ដែល​គ្រោង​រៀបចំ​ចុងឆ្នាំ​នៅក្នុង​ឆ្នាំ​២០២១​ខាងមុខ​ផងដែរ​។ លោក ឡា​ច ផេង​លី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ដូច្នេះ​ថា គម្រោង​តាំងពិព័រណ៍​នេះ នឹង​ផ្តោតលើ​«​ជំនឿ និង​ពុទ្ធសាសនា​សម័យ​កណ្តាល​»​។ លោក ផេង លី​បន្ថែម​ដូច្នេះ​៖«​សម័យ​កណ្ដាល​គឺ​យើង​ផ្ដោត លើ​ព្រះ​ពុទ្ធរូប ហើយ​យើង​ក៏​រៀបចំ​ការបើក​សម្ពោធ ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​រូប​ព្រះពុទ្ធ​បដិមា​សម័យ​កណ្ដា​ល ដោយមាន​ជាការ​រៀបចំ​ផ្លូវ​ចូល​ជាដើម​។ យើង​ប្រហែលជា​ត្រូវ​ស្នើសុំ​សហការ ជាមួយ​កន្លែង​អភិរក្ស​អង្គរ​ផងដែរ »​។ 
 
​ពាក់ព័ន្ធ​នឹង​គម្រោង​តាំងពិព័រណ៍​នេះ លោក មី​លី​យ៉ា សុវត្ថិ​ធី អនុប្រធាន​មន្ទីរ​វប្បធម៌​ខេត្តពោធិ៍សាត់ និង​អ្នកគ្រប់គ្រង​សារមន្ទីរ​ខេត្តពោធិ៍សាត់ បាន​លម្អិត​បន្ថែមថា ក្រសួង​វប្បធម៌ បាន​ណែនាំ​ឲ្យ​ខេត្ត​រៀ ប​ចំការ​តាំង​ពិ​ព័រ​ណ៌​នៅ​ចុងឆ្នាំ​២០២១ ហើយ​បង្កើត​សារមន្ទីរ​ខេត្តពោធិ៍សាត់ ទៅជា​សារមន្ទីរ​និយាយ​អំពី​ពុទ្ធសាសនា និង​ជំនឿ​សម័យ​កណ្ដាល​តែម្តង​។ 


 
​ក្រោយ​ការតាំងពិព័រណ៍​រួច សារមន្ទីរ​ខេត្តពោធិ៍សាត់ នឹង​បើក​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​ផងដែរ ដូច្នេះហើយ​បានជា​ពី​ពេលនេះ ទៅដល់​ចុងឆ្នាំ​២០២១​នោះ អ្នកជំនាញ​ត្រូវ​រៀបចំ​បច្ចេកទេស​ឲ្យ​រួចរាល់​ទាំង​ការរៀបចំ​តាំង​វត្ថុ​បុរាណ និង​ផែនទី​ទស្សនា​សម្រាប់​ទេសចរ​។ លោក សុវត្ថិ​ធី បន្ថែម​ដូច្នេះ​ថា​៖ «​ការ​ដំណើរការ​សារមន្ទីរ ត្រូវការ បច្ចេកទេស​ច្រើន​។ ទីមួយ​យើង​ត្រូវមាន​បច្ចេកទេស​សម្រាប់​ការដាក់​តាំង​វត្ថុ​បុរាណ​។ យើង​ត្រូវមាន​ជើង​ទម្រ  ត្រូវមាន​ផែនទី​សម្រាប់​ឲ្យ​ទេសចរ​ចូល​មើល​។ យើង​ក៏​ត្រូវមាន​លក្ខណៈសម្បត្តិ​ផ្សេងទៀត សម្រាប់​ការគាំទ្រ​ដូចជា ការផ្ដល់​សេវាកម្ម​ជាដើម​»​។ 
 
​បើតាម​លោក ឡា​ច ផេង​លី បច្ចុប្បន្ន​ក្នុង​សារមន្ទីរ​ខេត្តពោធិ៍សាត់ មាន​វត្ថុ​បុរាណ​សរុប​ប្រមាណ ៧០០ ដែល​បាន​ចុះបញ្ជី​ខ្លះ និង​មិនទាន់​ចុះបញ្ជី​ខ្លះ​។ ក្នុងចំណោម​វត្ថុ​បុរាណ​ទាំងនេះ មានដូចជា​ផ្ទាំងសិលា​ប្រាសាទ កុលាលភាជន៍ ព្រះពុទ្ធ​បដិមា និង​សម្ភារ​ប្រើប្រាស់​ក្នុងសម័យ​បុរាណ​ជាច្រើន​ទៀតផង​ដែរ​៕
 
































 
 
 

Tag:
 សារមន្ទីរ​
  ឡា​ច ផេង​លី​
  មី​លី​យ៉ា សុវត្ថិ​ធី​
  ទេសចរណ៍​
  វប្បធម៌​
  ThmeyThmey25
  ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com