កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ ទោះកម្ពុជាជួបវិបត្តិកូវីដ-១៩ តែ CAMSOC សម្រេចការងារលើសការរំពឹងទុក 30, Dec 2020 , 5:59 pm
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ NOCC ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ CAMSOC កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០
× ទោះបីប្រទេសកម្ពុជាទទួលរង និងជួបវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែវាមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការការងាររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)នោះឡើយ។ ផ្ទុយទៅវិញ CAMSOC សម្រេចបានសមិទ្ធផលការងារលើសការរំពឹងទុកនៅឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីបូកសរុបសមិទ្ធផលការងារឆ្នាំ២០២០ និងដាក់ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១។ ថ្នាក់ដឹកនាំ CAMSOC បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់គណៈជំនាញនីមួយៗថា ពួកគេសម្រេចបានលទ្ធផល និងមានវឌ្ឍនភាពការងារល្អប្រសើរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងថា នៅឆ្នាំ២០២០ CAMSOC សម្រេចបានសមិទ្ធផលការងារលើសការរំពឹងទុក ទោះបីមានឧបសគ្គមួយចំនួនពាក់ព័ន្ធការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ សមិទ្ធផលការងារ ដែល CAMSOC សម្រេចបាន គឺពាក់ព័ន្ធការរៀបចំឯកសារគតិយុត្ត របៀបរបបការងារ ផែនការយុទ្ធសាស្ត្រ និងយន្តការការងារជាដើម។
«ទោះបីឆ្នាំ២០២០ មានស្ថានភាពជំងឺកូវីដ-១៩ ប៉ុន្តែសមិទ្ធផលការងារ និងសកម្មភាពការងាររបស់គណៈកម្មការ CAMSOC គឺយើងធ្វើបានច្រើនលើសពីការរំពឹងទុក។ ទោះបីមានឧបសគ្គក្នុងការធ្វើការងារ តែជានិរន្តរភាពក្នុងការងារយើងបានជោគជ័យ ហើយគណៈកម្មការជំនាញនីមួយៗ ក៏ទទួលបានសមិទ្ធផលការងារ និងវឌ្ឍនភាពការងារល្អប្រសើរផងដែរ»។ នេះជាការវាយតម្លៃរបស់លោក វ៉ាត់ ចំរើន លើសមិទ្ធផលការងាររបស់ CAMSOC នៅឆ្នាំ២០២០។
ទន្ទឹមនឹងលើកឡើងពីសមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២០ និងដាក់ទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២១ អង្គប្រជុំ ដែលដឹកនាំដោយលោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ CAMSOC ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។
បើតាមលោក វ៉ាត់ ចំរើន បញ្ហាប្រឈមភាគច្រើន ពាក់ព័ន្ធការបណ្តុះបណ្តាលធនធានអាជ្ញាកណ្តាល ចៅក្រម និងការហ្វឹកហាត់របស់ក្រុមកីឡាករជម្រើសជាតិថ្នាល និងឈុតធំ ដែលត្រូវបានផ្អាកបណ្តោះអាសន្នជាបន្តបន្ទាប់ ដោយសារជំងឺកូវីដ-១៩។ កូវីដ-១៩ ក៏បានរាំងស្ទះដល់ដំណើរការអនុវត្តផែនការមួយចំនួនរបស់ CAMSOC ផងដែរ។
«ឆ្នាំ២០២១ គេហៅថា Games Operation Time បានន័យថា ជាពេលវេលាដែលត្រូវរាប់ ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ អ៊ីចឹងហើយបញ្ហាប្រឈមទាំងអស់ត្រូវដោះស្រាយនៅឆ្នាំ២០២១ ឲ្យបានរួចរាល់ ដោយសារយើងឃើញថា ឆ្នាំ២០២១ ជាឆ្នាំសំខាន់»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន៕
Tag:
វ៉ាត់ ចំរើន
CAMSOC
SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com