កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន អនុញ្ញាតឲ្យបើកក្លិបហាត់ប្រាណ លេងកីឡានិងប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ 31, Dec 2020 , 11:29 am
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យក្រុមកីឡាករកីឡាការិនីជម្រើសជាតិថ្នាល និងឈុតធំប្រមូលហ្វឹកហាត់ និងលេងកីឡាគ្រប់ប្រភេទជាជំហានៗឡើងវិញ ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ជាមួយគ្នានេះ អាជីវកម្មក្លិបហាត់ប្រាណ ក៏ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញផងដែរ។
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានដាក់សំណើរទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំការអនុញ្ញាតឲ្យមានការបើកអាជីវកម្មក្លិបហាត់ប្រាណ ការលេងកីឡា ប្រកួតកីឡា និងប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិហ្វឹកហាត់ឡើងវិញ។ ការដាក់សំណើរនេះ ធ្វើឡើងក្រោយ សម្តេច បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ព្រឹត្តិការណ៍២៨វិច្ឆិកា សំដៅលើការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ក្រសួងអប់រំបានសរសេរក្នុងលិខិតយ៉ាងដូច្នេះថា៖«ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ ក្រសួងអប់រំយុវជន និងកីឡា សូមគោរពស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ដើម្បីបើកដំណើរការឡើងវិញនូវអាជីវកម្មក្លិបហាត់ប្រាណ ការលេងកីឡាដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្តុំរបស់ក្រុមជម្រើសជាតិជាជំហានៗ»។
ជាការឆ្លើយតបសម្តេច ហ៊ុន សែន បានចារយល់ព្រមចំពោះសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា។ នៅក្នុងសំណើរខាងលើ ក្រសួងអប់រំ ប្តេជ្ញាថា ខ្លួននឹងបន្តណែនាំ និងគោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត។
ក្រសួងអប់រំអះអាងថា ការស្នើរបស់ខ្លួនធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សុខភាព និងការហ្វឹកហាត់ពង្រឹងបច្ចេកទេស និងគុណផលរបស់កីឡាករ សម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម នាឆ្នាំ២០២១ និងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួររំឮកថា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចឲ្យបិទអាជីវកម្មក្លិបហាត់ប្រាណ ការហាត់ប្រាណ ការលេងកីឡាគ្រប់ប្រភេទដែលមានលក្ខណៈប្រមូល និងរំសាយការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិបណ្តោះអាសន្ន ក្រោយមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ការឆ្លងនេះ ត្រូវបានសម្តេច ហ៊ុន សែន ដាក់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា៕
Tag:
ក្រសួងអប់រំយុវជននិងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com