ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ឧស្សាហ៍​ក្រហាយ​ទ្រូង​? អាចមកពី​កត្តា​ទាំងនេះ​
31, Jan 2021 , 6:59 am        
រូបភាព
​កត្តា​អ្វីខ្លះ​អាច​បង្ក​អាកា​រៈ​ក្រហាយ​ទ្រូង​ឱ្យ​លេចឡើង​?  កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​ទូទៅ​បំផុត​នៃ​អាកា​រៈ​ក្រហាយ​ទ្រូង ៖
 
១. ការជក់បារី​
 
​ការជក់បារី​អាច​បន្ទះ​បិទ​បើក​ដែល​ស្ថិតនៅ​ចន្លោះ​បំពង់​អាហារ​និង​ក្រពះ​ចុះខ្សោយ​ដែល​បណ្ដាលឱ្យ​ទឹក​អាស៊ីត​ក្រពះ​ហូរ​ត្រឡប់​ទៅកាន់​បំពង់​អាហារ​វិញ​។ ជា​លទ្ធផល​អាកា​រៈ​ក្រហាយ​ទ្រូង​នឹង​លេចឡើង​។ ម្យ៉ាងវិញទៀត​ការជក់បារី​ក៏​បន្ថយ​ការផលិត​ទឹកមាត់​ដែលជា​ធម្មតា​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ជាតិ​អាស៊ីត​តាមបែប​ធម្មជាតិ (bicarbonate) ជួយ​ជម្រះ​អាស៊ីត​ក្រពះ​ពី​បំពង់​អាហារ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ចៀស​ផុតពី​បញ្ហា​ក្រហាយ​ទ្រូង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ចូរ​បញ្ឈប់​ការជក់បារី​។​
 
២. ទទួលទាន​ទឹក​មិនបាន​ច្រើន​គ្រប់គ្រាន់​
 
​ទឹក​ជួយ​សម្រួល​ដល់​ដំណើរការ​មុខងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។ ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​នោះ​បរិមាណ​នៃ​ជាតិ​រំអិល​ក្នុង​ក្រពះ​ត្រូវ​កាត់បន្ថយ​ដែល​បណ្ដាលឱ្យ​អាស៊ីត​ក្រពះ​អាច​បង្ក​ប៉ះពាល់​ខ្លាំង​ដល់​ផ្នែក​ខាងក្នុង​នៃ​រាងកាយ​ដូចជា ក្រហាយ​ទ្រូង និង​ពិបាក​រំលាយ​អាហារ​។​
 
៣. ថ្នាំ​
 
​ឧស្សាហ៍​ក្រហាយ​ទ្រូង​និង​ឈឺក្បាល​ណាស់​ឬ​? ប្រសិនបើ​ដូច្នេះ​ចូរ​គិត​ឱ្យបាន​ច្បាស់លាស់​មុននឹង​ទាញយក​ថ្នាំ​ប្រភេទ Ibuprofen យកមក​លេប​! នេះ​ក៏​ព្រោះតែ​ថ្នាំ​ប្រភេទ Ibuprofen នៅពេល​ប្រើប្រាស់​ជាប្រចាំ​អាច​បង្ក​អាកា​រៈ​ក្រហាយ​ទ្រូង​។ ថ្នាំ​ផ្សេងទៀត​ដូចជា​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក antibiotics ថ្នាំ bronchodilators និង​ថ្នាំ​ទប់ស្កាត់​កាល់ស្យូម (calcium channel blockers) ក៏បង្ក​អាកា​រៈ​ក្រហាយ​ទ្រូង​ផងដែរ​។​
 
៤. ថ្នាំ​គ្រាប់​ខ្លាញ់ត្រី​
 
​ត្រី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែលជា​អាហារ​បំប៉ន​ធម្មជាតិ​ដែល​អាចជួយ​គ្រប់គ្រង​ជំងឺ​បេះដូង ជំងឺ​បាក់​ទឹកចិត្ត (Depression) និង​បញ្ហា​សុខភាព​ជាច្រើន​ផ្សេងទៀត​។ ទោះជា​យ៉ាងណា​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក្នុង​ថ្នាំ​គ្រាប់​ខ្លាញ់ត្រី ក៏​អាច​បង្ក​អាកា​រៈ​ក្រហាយ​ទ្រូង​គួរឱ្យកត់សម្គាល់​។ ជាតិ​ខ្លាញ់​អាច​បង្កបញ្ហា​ដល់​ក្រពះ​ពោះវៀន​។ ត្រី​មាន​ជាតិ​ខ្លាញ់​ទាប ប៉ុន្តែ​ប្រូតេអ៊ីន​ខ្ពស់​ដែល​អាច​ប្រើ​ជា​អាហារ​សម្រាប់​អ្នក​ដែល​ជួបប្រទះ​អាកា​រៈ​ក្រហាយ​ទ្រូង ប្រសិនបើ​ចម្អិន​ក្នុង​របៀប​អាហារ​សុខភាព​ល្អ (​មិន​រួមបញ្ចូល​គ្រឿងផ្សំ​ដែល​បង្ក​អាកា​រៈ​ក្រហាយ​ទ្រូង​)​។​
 
៥. ញ៊ាំ​ហើយ​គេង​ភ្លាម​
 
​ជាធម្មតា​អាស៊ីត​ត្រូវបាន​ផលិតឡើង​នៅពេល​រំលាយ​អាហារ​ដែលមាន​ផ្ទុក​នៅក្នុង​ក្រពះ​។​ហើយ​ការ​គេង​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​អាហារ គឺអាច​នឹង​បណ្ដាលឱ្យ​អាស៊ីត​ក្រពះ​មិន​ហូរ​ចុះក្រោម ប៉ុន្តែ​បែរជា​ហូរ​ឆ្លងកាត់​ក្រពះ​ទៅ​ប៉ះ​ផ្នែក​ណាមួយ​នៃ​បំពង់​អាហារ​វិញ​ដែល​បង្ក​ជា​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ជា​លទ្ធផល​អ្នក​អាច​នឹង​ក្រហាយ​ទ្រូង ឬ​ក្នុង​បំពង់ក​។​
 
៦. ស្ត្រេ​ស​
 
​ស្ត្រេ​ស គឺជា​មូលហេតុ​ចម្បង​បំផុត​មួយ​ដែល​បង្ក​អាកា​រៈ​ក្រហាយ​ទ្រូង​ដោយ​បង្កើន​បរិមាណ​នៃ​ការផលិត​អាស៊ីត​ក្រពះ​ក្នុង​រាងកាយ​។​
 
៧. ទទួលទាន​អាហារ​ហិ​រ​ច្រើនពេក​
 
​នៅពេល​ទទួលទាន​ច្រើន​អាហារ​ហឹរ​និង​ជាតិ​អាស៊ីត​អាច​បណ្ដាលឱ្យ​ជញ្ជាំង​នៃ​ក្រពះ​ចាប់ផ្ដើម​រលាក​ក្រហាយ​។ រយៈពេល​យូរ​ទៅ​ស្ថានភាព​នេះ​អាច​នឹង​ធ្ងន់ធ្ងរ​ឡើង ហើយ​ក្លាយជា​រ៉ាំរ៉ៃ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​កុំ​ទទួលទាន​អាហារ​ហឹរ​ច្រើនពេក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com