កីឡាជាតិ
ជាតិ
មន្ត្រី គ្រូបង្វឹក កីឡាករ និង​អតីត​កីឡាករ​៧​រូប មរណភាព​នៅ​ឆ្នាំ​២០២០
31, Dec 2020 , 7:29 pm        
រូបភាព
(រាប់ពីឆ្វេងទៅស្តាំ)លោក (កែវ សារិន) កញ្ញា (យ៉ុន សុគន្ធកញ្ញា) លោក (យ៉ែម វណ្ណៈ) លោក( ហែម លំផាត់)( លោក កែវ ថុន) (លោក ឡាច ច័ន្ទសុវណ្ណ) និងកីឡាករ អេលីត លីម៉ី
(រាប់ពីឆ្វេងទៅស្តាំ)លោក (កែវ សារិន) កញ្ញា (យ៉ុន សុគន្ធកញ្ញា) លោក (យ៉ែម វណ្ណៈ) លោក( ហែម លំផាត់)( លោក កែវ ថុន) (លោក ឡាច ច័ន្ទសុវណ្ណ) និងកីឡាករ អេលីត លីម៉ី
ដោយ:
​យ៉ាងហោចណាស់​មាន​មន្ត្រី គ្រូបង្វឹក កីឡាករ និង​អតីត​កីឡាករ​ចំនួន​៧​រូប បានទទួល​មរ​ភាព​នៅ​ឆ្នាំ​២០២០​។ ពួកគេ​ទាំងនោះ​ប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់ ប្រដាល់​គុន​ខ្មែរ ហែល​ទឹក កា​រ៉ា​តេ​ដូ សូ​រិ​ន​ហ្សិ​កាំ​ប៉ូ និង​កីឡា​តេ​ក្វាន់​ដូ ITF​។
 
​មន្ត្រី គ្រូបង្វឹក កីឡាករ និង​អតីត​កីឡាករ​ទាំង​៧​រូប ដែល​ទទួល​ទទួលមរណភាព​នៅ​ឆ្នាំ​២០២០ រួមមាន លោក កែវ ថុ​ន អតីត​ម្ចាស់​មេដាយ​សំរឹទ្ធ Asian GANEFO លើ​វី​ញ្ញា​សា​អត្តពលកម្ម​, លោក កែវ សារិន អតីត​គ្រូបង្វឹក​កីឡាបាល់ទាត់​, លោក ហែម លំផាត់ គ្រូបង្វឹក​កីឡាហែលទឹក​, លោក ឡា​ច ច័ន្ទ​សុវណ្ណ ប្រធាន​សហព័ន្ធ​កីឡា​សូ​រិ​ន​ហ្សិ​កាំ​ប៉ូ និង​ជា​អតីត​កីឡាករ​កា​រ៉ា​តេ​, យ៉ុ​ន សុគន្ធ​កញ្ញា កីឡាការិនី​តេ​ក្វាន់​ដូ ITF, កីឡាករ​ប្រដាល់​គុន​ខ្មែរ អេ​លី​ត លី​ម៉ី និង​លោក យ៉ែម វណ្ណៈ អ្នកវាយតម្លៃ​អាជ្ញាកណ្តាល​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ 
 
​លោក កែវ សារិន អតីត​គ្រូបង្វឹក​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​)​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ នៅ​អាយុ​៥៧​ឆ្នាំ ដោយសារ​ជំងឺ​គីស​បំពង់ក និង​រលាក​សាច់​ច្រមុះ​។ មុន​ទទួលមរណភាព​គ្រូបង្វឹក ដែល​រស់នៅ​ជាមួយ​ជំងឺ​រ៉ាំរ៉ៃ​ជាង​១​ឆ្នាំ​រូបនេះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​ក្នុងប្រទេស​កម្ពុជា វៀតណាម និង​ថៃ​ជាច្រើន​។   
​លោក កែវ សារិន បាន​ប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​តាំងពី​ឆ្នាំ​១៩៩០ ក្រោយមក​បាន​វិវត្តន៍​ខ្លួន​ជា​គ្រូបង្វឹក​របស់​ក្រុម​ស៊ីម៉ាក់​។ មុន​ក្រុម​ស៊ីម៉ាក់ ត្រូវ​រំសាយ​នៅ​ដើមឆ្នាំ​២០១៨ លោក បាន​បន្សល់​នូវ​ស្នាដៃ​ល្អប្រសើរ​មួយ គឺ​ការដឹកនាំ​ក្រុម​ស៊ីម៉ាក់ ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-Hun Sen Cup នៅ​ឆ្នាំ​២០១៦​។ លោក ក៏​ជា​គ្រូបង្វឹក​ក្លិប​បាល់ទាត់​ពាក់កណ្តាល​អាជីព Khmer United ផងដែរ​។​
 
​កីឡាការិនី​តេ​ក្វាន់​ដូ ITF យ៉ុ​ន សុគន្ធ​កញ្ញា បានទទួល​មរណភាព​ក្នុង​វ័យ​១៨​ឆ្នាំ​ក្នុង​ឧបទ្ទវហេតុ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០​។ កីឡាការិនី​រូបនេះ​ធ្លាប់​ចូលរួម​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​កីឡា​ជាតិ និង​បាន​សាង​សា្ន​ដៃ​ជាច្រើន​ជូន​ខេត្តកំពង់ស្ពឺ​។ កញ្ញា​មាន​ស្រុកកំណើត​នៅ​ភូមិ​ភ្នំ​ដី ឃុំ​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​
 
 
 
​លោក យ៉ែម វណ្ណៈ អ្នកវាយតម្លៃ​អាជ្ញាកណ្តាល​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានទទួល​មរណភាព​ក្នុង​វ័យ​៣៩​ឆ្នាំ​ដោយសារ​ជំងឺ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម និង​ទឹក​ដក់​ក្នុង​សួត កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​។ 
 
 
 
​ក្រៅពី​អាជីព​ជា​មន្ត្រី​វាយតម្លៃ​អាជ្ញាកណ្តាល​បាល់ទាត់ អតីត​គ្រូ​អប់រំ​កាយ​និង​កីឡា​នៅ​វិទ្យាល័យ​ច្បារអំពៅ​រូបនេះ ក៏​ជា​អ្នក​បណ្តុះបណ្តាល​ធនធាន​អាជ្ញាកណ្តាល​បាល់ទាត់​មួយរូប​ផងដែរ​។ លោក យ៉ែម វណ្ណៈ ជា​អតីត​កីឡាករ​ជម្រើស​ប្រចាំខេត្ត​កំពង់ធំ​។ ក្រោយមក លោក បាន​ចូលរួម​ជាមួយ​ក្លិប​អគ្គ​ភស្តុភារ​ក្រសួងការពារជាតិ​(​កងយោធពល​ខេមរភូមិន្ទ​)​នៅ​ឆ្នាំ​២០០០​។  
 
​ក្នុងអំឡុងពេល​ប្រកប​អាជីព​ជាមួយ ទ័ព លោក ត្រូវបាន​សហព័ន្ធ​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ជាច្រើនលើក​។ ក្រោយមក លោក បាន​បែកគំនិត​ចូលរៀន​នៅ​សាលា​កីឡា ហើយ​បាន​ប្រឡង​ជាប់​ជា​គ្រូ​អប់រំ​កាយ​និង​កីឡា​រហូត​ទទួលមរណភាព​។ 
 
​លោក ហែម លំផាត់ គ្រូបង្វឹក​ក្រុម​កីឡាករ​ជម្រើសជាតិ​កីឡាហែលទឹក​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បានទទួល​មរណភាព​នៅ​អាយុ​៤៤​ឆ្នាំ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ដោយសារ​ធ្លាយ​ក្រពះ​។ លោក  លំផាត់ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ក្រោយ​មាន​អាការ​ចុកពោះ ហើយ​ក្អួត​ឈាម​។ តាមរយៈ​លទ្ធផល​ពិនិត្យ​របស់​ក្រុមគ្រូពេទ្យ លោក ហែម ផាត់ មាន​បញ្ហា​ធ្លាយ​ក្រពះ​។ 
 
 
​លោក ហែម លំផាត់ មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់ ជា​កូនប្រុស​បង្កើត​ទី​ពីរ​របស់លោក ថែម ថុ​ន ក្នុងចំណោម​បងប្អូន​៥​នាក់​។ លោក បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាហែលទឹក​នៅ​ឆ្នាំ​១៩៨៦ និង​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​គ្រូបង្វឹក​ក្នុងអំឡុង​ឆ្នាំ​២០០០​។ ពេល​នៅ​ជា​កីឡាករ លោក ធ្លាប់​តំណាង​កម្ពុជា​ចូលរួម​ការប្រកួត​លំដាប់​អន្តរជាតិ​ជាច្រើន ហើយ​លោក​ធ្លាប់​ដឹកនាំ​ក្រុម​កីឡាករ​កីឡាការិនី​ជនពិការ​ចូលរួម​ព្រឹត្តិការណ៍ ASEAN Para Games និង​ឈ្នះ​មេដាយ​ជាច្រើន​ផងដែរ​។​
 
​លោក ហែម លំផាត់ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី អ៊ិត សុខ​ដា​នី ដោយមាន​កូនប្រុស​៣​រូប​ជា​ចំណងដៃ​។ កូនប្រុស​ច្បង ដែលមាន​អាយុ​១០​ឆ្នាំ មានឈ្មោះ ហែម ថុ​ន​ពុទ្ធា​វង្ស​, កូន​ទី​២​ឈ្មោះ ហែម ថុ​ន​រ៉ូ​ណា​ល់ និង​កូនពៅ​ឈ្មោះ ហែម ថុ​ន​រ៉ូ​ណូ​។​
 
 
 
​លោក កែវ ថុ​ន អតីត​ម្ចាស់​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​កីឡា​មិន​ចូលបក្ស​សម្ព័ន្ធ​អាស៊ី Asian GANEFO បានទទួល​មរណភាព​នៅ​អាយុ​៩១ ដោយ​ជរាពាធ​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០​។ លោក កែវ ថុ​ន មិន​ត្រឹមតែ​ជា​អតីត​កីឡាករ​អត្តពលកម្ម​ឆ្នើម​ប៉ុណ្ណោះ​ទេ លោក​ជា​ឥស្សរជន​ដ៏​សកម្ម​ក្នុង​ចលនា​កីឡា និង​អូឡាំពិក​។ មរណភាព​របស់លោក​បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន​និង​កីឡា NOCC និង​អតីត​កីឡាករ​ជំនាន់​លោក ក៏ដូចជា​កីឡាករ​ជំនាន់​ក្រោយ សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​ឥស្សរជន​ឆ្នើម​រូបនេះ​។ 
 
​លោក កែវ ថុ​ន មិន​ត្រឹមតែ​ជា​កីឡាករ​កម្ពុជា​ឆ្នើម​លើ​ឆាក​អន្តរជាតិ​នោះទេ លោក ក៏​ជា​គ្រូបង្វឹក​កីឡាអត្តពលកម្ម​ដ៏​មាន​ប្រជាប្រិយ ដែល​ធ្លាប់​បង្ហាត់​កូនសិស្ស​ជាច្រើនរូប​ផងដែរ​។ លោក​ជា​បុគ្គល​សកម្ម​មួយរូប​ក្នុង​ចលនា​អូឡាំពិក ដោយបាន​រួមចំណែក​ផ្តួចផ្តើម​បង្កើត NOCC ក្នុងអំឡុង​ឆ្នាំ​១៩៨៤​។ លើសពីនេះ លោក បាន​ជួយ​ឲ្យ NOCC ដែល​រង​ការព្យួរ​បេក្ខភាព ឲ្យ​ទទួលបាន​ការទទួលស្គាល់​ជា​លើក​ទី​ពីរ​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​។​
 
 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ចាត់​មរណភាព​របស់​ព្រឹទ្ធាចារ្យ កែវ ថុ​ន ជាការ​បាត់បង់​ធនធាន​ឆ្នើម​មួយរូប​ក្នុង​វិស័យ​កីឡា​កម្ពុជា និង​ចលនា​អូឡាំពិក​។ ការចាត់ទុក​បែបនេះ ដោយសារ​ព្រឹទ្ធាចារ្យ​រូបនេះ ជា​អតីត​កីឡាករ​អត្តពលកម្ម ដែល​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​មិន​ចូលបក្ស​សម្ព័ន្ធ Asian GANEFO ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​១៩៦៦​។ លោក វ៉ា​ត់ ចំរើន បន្ថែមទៀតថា NOCC នឹង​ចងចាំ​ជានិច្ច​នូវ​វីរភាព ស្នាដៃ និង​គុណូបការៈ​របស់លោក កែវ ថុ​ន ដែល​បាន​ជួយ​លើកស្ទួយ​វិស័យ​កីឡា​កម្ពុជា និង​ចលនា​អូឡាំពិក​។ 
 
 
​លោក ឡា​ច ច័ន្ទ​សុវណ្ណ ប្រធាន​សហព័ន្ធ​កីឡា​សូ​រិ​ន​ហ្សិ​កាំ​ប៉ូ​កម្ពុជា និង​ជា​ឧ​ត្ត​មកា​រ៉ា​តេ​ចា​រ្យ​នៃ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បានទទួល​មរណភាព​ក្នុង​វ័យ​៦៧​ឆ្នាំ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​។ លោក បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​កា​រ៉ា​តេ​នៅ​អំឡុង​ឆ្នាំ​១៩៧០ ហើយ​ត្រូវបាន​ដំឡើង​កម្រិត​ខ្មៅ​ជា​បន្តបន្ទាប់​។ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ លោក ទទួលបាន​ខ្សែក្រវាត់​៩​ដាន់​លើ​ប្រភេទ​កីឡា​កា​រ៉ា​តេ ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។ 
 
​លោក ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​២០០៨-២០១៤​។ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ លោក ទទួលបាន​គោរមងារ​ជា​ឧ​ត្ត​មកា​រ៉ា​តេ​ចា​រ្យ និង​ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​។ ក្រៅពី​កីឡា​កា​រ៉ា​តេ លោក ជា​ប្រធាន​សហព័ន្ធ​កីឡា​សូ​រិ​ន​ហ្សិ​កាំ​ប៉ូ​កម្ពុជា ដែលមាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់​។   
 
​ដោយឡែក អ្នកលេង​គុន​ខ្មែរ អេ​លី​ត លី​ម៉ី បានទទួល​មរណភាព​ក្នុង​វ័យ​១៨​ឆ្នាំ ដោយសារ​ធ្លាក់​ពីលើ​ជណ្តើរ​កាលពី​ថ្ងៃទី​២២  ខែវិច្ឆិកា ឆ្នាំ​២០២០​។ កីឡាករ​រូបនេះ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្របៅ​ទី​១ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។   
 
​លោក ស៊ន អេ​លី​ត គ្រូបង្វឹក​ក្លិប ប៉ែន កាក់ គុន​ខ្មែរ និង​ជា​គ្រូបង្វឹក​របស់​កីឡាករ អេ​លី​ត លី​ម៉ី បាន​បញ្ជាក់ថា លោក​មិនទាន់​អាច​កំណត់​មូលហេតុ​ជាក់លាក់​នៃ​ការស្លាប់​របស់​កីឡាករ​រូបនេះ​នៅឡើយ​ទេ​។ សម្រាប់​មូលហេតុ ដែល​លោក​ដាក់​ការសង្ស័យ​មាន​ពីរ គឺ​ស្លាប់​ដោយសារ​ត្រូវ​ខ្សែភ្លើង​ឆក់ និង​ធ្លាក់​ពីលើ​ជណ្តើរ​។​
 
​គ្រូបង្វឹក​រូបនេះ បាន​រៀបរាប់​ពី​ដើមចម​ដែល​នាំ​ឲ្យ​កើតហេតុ​ខាងលើ​ថា នៅ​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្លិប​មាន​គម្រោង​រៀបចំ​កម្មវិធី​ជប់លៀង​មួយ ដើម្បី​អបអរ​ដល់​កីឡាករ ដែល​ទទួលបាន​ជ័យលាភី​។ ពេលនោះ​លោក អេ​លី​ត ក៏បាន​ប្រាប់​កូនសិស្ស​ពី​គម្រោង​មួយ​នេះ​។​
 
​លោក​បន្តថា ក្រោយមក លោក ក៏បាន​ចេញទៅ​ក្រៅ ហើយ​កូនសិស្ស ក៏​នាំ​បាននាំគ្នា​បោសសម្អាត និង​រៀបចំ​អំពូល​ភ្លើង​នៅ​ផ្នែក​ខាងក្រោយ​នៃ​ក្លិប​។ នៅក្នុង​ការរៀបចំ​អំពូល​ភ្លើង​នោះដែរ ជនរងគ្រោះ​ខាងលើ បាន​ឡើងជណ្តើរ​ដើម្បី​លើក​អំពូល​ឲ្យ​ខ្ពស់ជាង​មុន ប៉ុន្តែ​ត្រូវបាន​ធ្លាក់​រងរបួស​ក្បាល​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ បន្ទាប់មក​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​កាល់ម៉ែត​។ តែ​ជា​អកុសល​គ្រូពេទ្យ​នៅ​ទីនោះ​អះអាងថា ឈាម​បាន​ចូល​កក​ក្នុង​ខួរក្បាល លី​ម៉ី បាត់ទៅហើយ ជាហេតុ​ធ្វើ​ឲ្យ​គេ​ស្លាប់​នៅ​ទីនោះ​តែម្តង​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com