ភ្នំពេញ៖ ក្នុងករណីបើប្រទេសមហាអំណាចនានាក្នុងពិភពលោក ផលិតវ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធភាពនៅក្នុង ឆមាសទីមួយនៃឆ្នាំ២០២១ នោះ សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយ។ នេះជាការរំពឹងរបស់ធនាគារជាតិនៃកម្ពុជា(NBC) ។
ធនាគារជាតិ បានបញ្ជាក់ថា ក្រៅពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩នោះ ល្បឿននៃការងើបឡើងនៃកំណើនក្នុងប្រទេស ជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក គឺជាចលករយ៉ាងចម្បង ដែលជួយឲ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់៤ភាគរយ នៅក្នុងឆ្នាំ២០២១ដែរ។
«ក្នុងបរិការណ៍ ដែលថ្នាំបង្ការមានប្រសិទ្ធភាព អាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានក្នុងឆមាសទី១ ឆ្នាំ២០២១ នោះសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយ ហើយអត្រាអតិផរណា រំពឹងមានកម្រិតក្រោម៣ភាគរយ។ អតិផរណាក្នុងកម្រិត៣ភាគរយ ជាកម្រិតទាបដែលអាចគ្រប់គ្រងបាន ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ និងការរក្សាបាននូវកម្រិតខ្ពស់ នៃទុនបម្រុងអន្តរជាតិ»។ នេះបើតាមការព្យាកររបស់ធនាគារជាតិ នៅក្នុងរបាយការណ៍ នាថ្ងៃទី៣១ ធ្នូនេះ ។
ស្ថិតក្នុងកាលៈទេសៈទប់ស្កាត់កូវីដ-១៩នេះ ការបន្តពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុកថែមទៀត អាចជួយទ្រទ្រង់ និងកាត់បន្ថយការប៉ះពាល់លើកំណើនសេដ្ឋកិច្ចកម្ពុជា ដោយសារការធ្លាក់ចុះនៃវិស័យខាងក្រៅ។ ធនាគារជាតិ បានបញ្ជាក់ថា ការបន្តអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការលើកស្ទួយអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ការជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗលើគ្រប់វិស័យ គឺមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងមូលដ្ឋាននៃកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ស្របពេលដែលវិស័យកសិកម្មបន្តដើរតួនាទីយ៉ាងសំខាន់ និងមានសក្តានុពលក្នុងស្រូបឥទ្ធិពលបានមួយផ្នែ កនៃវិបត្តិកូវីដ-១៩ នៃភាពអត់ការងារធ្វើ និងគាំទ្រជីវភាពប្រជាជនក្រីក្រ។
មិនមែនតែកម្ពុជាទេ ដែលព្យាករណ៍ថា កំណើនសេដ្ឋកិច្ចខ្លួន អាចងើបឡើងវិញ។ ធនាគារពិភពលោក ក៏បានព្យាករថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ត្រឹមជិត៤ភាគរយប៉ុណ្ណោះ ស្របពេលដែលធនាគារអភិវឌ្ឍន៍អាស៊ី ថា សេដ្ឋកិច្ចកម្ពុជា នឹងហក់ឡើងដល់៦,១ភាគរយវិញ នៅក្នុងឆ្នាំ២០២១។
សម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករថា សេដ្ឋកិច្ចពិភពលោក អាចនឹងងើបឡើងវិញ ប៉ុន្តែមិនមានភាពស្មើសាច់ឡើយ និងអាចប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ នាឆ្នាំ២០២១ ។ IMF បញ្ជាក់ថា បញ្ហាទាំងនេះ អាចបន្តដាក់សម្ពាធលើវិស័យខាងក្រៅរបស់កម្ពុជា ដោយក្នុងនោះវិស័យទេសចរណ៍ អាចបន្តធ្លាក់ចុះទៀត ព្រោះការទទួលបានថ្នាំបង្ការទាមទារនូវពេលវេលា, ការលេចចេញមេរោគកូវីដ-១៩ ប្រភេទថ្មី, ការស្ទាក់ស្ទើរក្នុងការធ្វើដំណើររបស់ទេសចរអន្តរជាតិ ដោយសារការភ័យខ្លាចឆ្លង និងការថយចុះចំណូល និងសន្សំ។
បើតាម IMF វិស័យកម្មន្តសាលកម្ពុជា រំពឹងនឹងងើបឡើងជាលំដាប់ផងដែរ។ ជាពិសេស វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ខណៈវិស័យកសិកម្ម នឹងបន្តមានកំណើនល្អ ដូចឆ្នាំ២០២០។ IMF បានបន្តព្យាករថា កានាំចេញផលិតផលកសិកម្មកម្ពុជា ពិសេសអង្ករ និងកៅស៊ូ នឹងមានកំណើនខ្ពស់ ដែលគាំទ្រដោយការធ្វើពិពិធកម្មទីផ្សារកសិផលកម្ពុជា និងកំណើនតម្រូវការកៅស៊ូ ក្នុងស្ថានភាពនៃការប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោក។
ដោយឡែកវិស័យសំណង់ និងអចលនទ្រព្យវិញ នឹងងើបឡើងសន្សឹមៗ ស្របពេលជាមួយគ្នានឹងកំណើនវិយោគផ្ទាល់បរទេស (FDI), ការងើបឡើងវិញនៃចំណូល នឹងការរំពឹងទុកពីការរីកចម្រើនសេដ្ឋកិច្ចជារួម នាពេលអនាគត។ នេះជាការរំពឹងទុករបស់ IMF បន្តវាយតម្លៃថា វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ក៏ដូចវិស័យដឹកជញ្ជូនរបស់កម្ពុជា អាចបន្តកើនឡើងវិញ ប៉ុន្តែគឺស្ថិតនៅក្នុងល្បឿនយឺត ព្រោះតែការធ្លាក់ចុះនៃទេសចរអន្តរជាតិ។
គួរបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា អាចធ្លាក់ចុះជាងការំពឹងទុកកាលពីដើមឆ្នាំ ដែលថាអត្រាកំណើនអាចមានកម្រិត ដក១,៩ភាគរយ ស្របពេលដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា បានព្យាករចន្លោះពីដក២ភាគរយ ទៅដក៤ភាគរយ ។ ការធ្លាក់ចុះជាងការរំពឹងទុកនេះ ជាចម្បងដោយសារវិស័យទេសចរណ៍ មិនមានភាពប្រសើរឡើង ដោយបន្តធ្លាក់ចុះខ្លាំង នៅក្នុងឆមាសទី២ ស្របពេលដែលការនាំចេញក្នុងវិស័យកាត់ដេរ ដែលរួមចំណែករហូតដល់៧០ភាគរយ នៃការនាំចេញសរុប បន្តមាននិន្នាការធ្លាក់ចុះ៕