កីឡាជាតិ
កីឡាអន្តរជាតិ
Cavani ទទួលការពិន័យចំពោះសំណេរ «អរគុណប្អូនខ្មៅ» តែអះអាងថា បេះដូងខ្លួនសន្តិភាព
01, Jan 2021 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ Edinson Cavani បានទទួលយកការពិន័យរបស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ទាក់ទងនឹងការសរសេរមិនសមរម្យមួយនៅលើបណ្តាញសង្គម Instagram ប៉ុន្តែធានាអះអាងថា ខ្លួនពិតជាមានបេះដូងសន្តិភាព។
 
ខ្សែប្រយុទ្ធក្លិប Manchester United រូបនេះ ត្រូវព្យួរ៣ប្រកួត និងពិន័យជាទឹកប្រាក់ចំនួន១០ម៉ឺនផោន ដោយសារតែការបង្ហោះសារមួយនៅលើ Instagram ក្រោយបិសាចក្រហមឈ្នះ Southampton ៣-២ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលក្នុងនោះ គេបានស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់។
 
ក្រោយការប្រកួត Cavani បានបង្ហោះរូបជាមួយនឹងចំណងជើងជាភាសាអេស្ប៉ាញថា «Gracias negrito» ដែលមានន័យជាភាសាខ្មែរថា «អរគុណប្អូនខ្មៅ»។ ប៉ុន្តែក្រោយមក គេបានសម្រេចលុបចេញវិញ ដោយសារមានការរាយការណ៍ថា អត្ថន័យបែបនេះ នឹងត្រូវទទួលរងការពិន័យពី FA។
 
កីឡាករអន្តរជាតិអ៊ុយរូហ្គាយរូបនេះ បានបង្ហោះសារសុំទោសនៅលើបណ្តាញសង្គម Twitter ដោយបញ្ជាក់ថា ខ្លួនយល់ខុសពីវប្បធម៌ផ្សេងគ្នា។ «ខ្ញុំទទួលយកការពិន័យ ដោយដឹងច្បាស់ថា ខ្ញុំជាជនបរទេសដែលមិនដឹងច្បាស់ពីអត្ថន័យភាសាអង់គ្លេស ប៉ុន្តែវាមិនមែនជាការគិតរបស់ខ្ញុំនោះឡើយ»។ Cavani បានបកស្រាយយ៉ាងដូច្នេះ។
 
ជាមួយនឹងការសុំទោស Cavani បានអះអាងបន្ថែមថា៖ «បេះដូងរបស់ខ្ញុំ គឺសន្តិភាព ព្រោះខ្ញុំដឹងថា ខ្ញុំតែងតែបង្ហាញពីអារម្មណ៍ខ្លួនឯង ដោយភ្ជាប់ទៅនឹងវប្បធម៌ និងផ្លូវជីវិតរបស់ខ្ញុំ»។ 
បច្ចុប្បន្ន Cavani រកបាន៣គ្រាប់នាការបង្ហាញខ្លួន៩ប្រកួតក្នុង Premier League សម្រាប់ Manchester United។ ការរងពិន័យ៣ប្រកួតមានន័យថា គេត្រូវអវត្តមាននាជំនួបជាបន្តបន្ទាប់ជាមួយ Aston Villa, Manchester City និង Watford៕
 

© រក្សាសិទ្ធិដោយ thmeythmey.com