COVID-19
ជាតិ
រដ្ឋមន្រ្តីការងារប្រាប់ពលករកុំទាន់មកស្រុក ព្រោះប្រឈមបញ្ហាសុខភាព និងអាជ្ញាធរថៃពិន័យ
01, Jan 2021 , 4:19 pm        
រូបភាព
សកម្មភាពពលករកម្ពុជា វិលមកពីតាមអូរស្មាច់មាន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
សកម្មភាពពលករកម្ពុជា វិលមកពីតាមអូរស្មាច់មាន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
ដោយ: ថ្មីៗ
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ បានចេញសេចក្តីអំពាវនាវមួយ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទៅកាន់ពលករកម្ពុជាក្នុងប្រទេសថៃ។

 
តាមរយៈសេចក្តីអំពាវនាវ ក្នុងនាមជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ លោក អ៊ិត សំហេង សុំឲ្យពលករកម្ពុជានៅប្រទេសថៃ គោរពតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការមិនឲ្យវិលត្រឡប់មកស្រុកកំណើតក្នុងដំណាក់កាលនេះ ដែលអាជ្ញាធរថៃ កំពុងដាក់បម្រាមប្រជាពលរដ្ឋថៃ និងជនបរទេស មិនឲ្យចល័តពីតំបន់មួយទៅតំបន់មួយ និងកំពុងដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ 
 
លោករដ្ឋមន្រ្តី បានអំពាវនាវឲ្យពលករកម្ពុជា រក្សាភាពនឹងននិងជឿទុកចិត្តលើសមត្ថភាពរបស់អាជ្ញាធរថៃ ក្នុងការទប់ស្កាត់និងការព្យាបាលជំងឺកូវីដ-១៩។ លោក ប្រាប់ទៅពលករកម្ពុជានៅថៃដូច្នេះថា៖«បងប្អូនពលករ ដែលាមានបំណងវិលត្រឡប់មកស្រុកកំណើតវិញក្នុងដំណាក់កាលនេះ គឺមានហានិភ័យខ្ពស់ទាំងផ្នែកសន្តិសុខនិងផ្នែកសុខភាព។ បងប្អូន អាចប្រឈមនឹងការឃាត់ខ្លួននិងរងការពិន័យរបស់អាជ្ញាធរថៃ ក្នុងពេលធ្វើដំណើរដោយខុសនឹងបម្រាមរបស់អាជ្ញាធរថៃ»។ 
 
យ៉ាងណា លោក អះអាងថា អាជ្ញាធរថៃ មិនឃាត់ខ្លួនឬពិន័យពលករបរទេសនិងនិយោជកណាមួយឡើយ បើពួកគេ អនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃ។ លោក បន្តថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រសួងមហាផ្ទៃថៃនិងក្រសួងការងារថៃ នឹងរួមគ្នាស្រង់ឈ្មោះពលករបរទេសនិងចេញបណ្ណពណ៌ស៊ីជម្ពូដល់ពលករបរទេស ក្នុងនោះ ក៏មានពលករកម្ពុជាដែរ។

នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារជាសំឡេងលើទំព័រហ្វេសប៊ុក អំពាវនាវឲ្យពលករកម្ពុជា កុំអាលប្រញាប់មកស្រុកកំណើតក្នុងដំណាក់កាលនេះ ដើម្បីទប់ស្កាត់ការរាលជំងឺកូវីដ-១៩ កុំឲ្យចូលមកកម្ពុជា។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បញ្ជាទៅអាជ្ញាធរខេត្ត ឲ្យពង្រឹងការធ្វើចត្តាឡីស័កចំពោះពលករដែលវិលមកពីថៃ។ ប្រមុខរដ្ឋាភិបាល ណែនាំថា ពេលពលករឆ្លងដែនចូលមកដល់ទឹកដីកម្ពុជា អាជ្ញាធរ ត្រូវទុកពួកគេ ឲ្យនៅធ្វើចត្តាឡីស័ក ក្នុងខេត្តជាប់ព្រំដែននោះតែម្តង ដោយមិនត្រូវដឹកពួកគេ ទៅស្រុកកំណើតនៅតាមបណ្តាខេត្តផ្សេងៗឡើយ។ 
 
រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការវិលត្រឡប់របស់ពលករពីថៃ បន្ទាប់ពីថៃ បានផ្ទុះខ្លាំងនូវការរាលជំងឺកូវីដ-១៩ សាជាថ្មី ដោយផ្តើមចេញពីខេត្ត សាមុត សាខន។ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ ថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៧,១ពាន់នាក់ហើយ ក្នុងនោះ ស្លាប់៦៣នាក់ និងបានជាសះស្បើយវិញ៤,៣ពាន់នាក់។

នៅព្រឹកថ្ងៃទី១ ខែមករានេះ ក្រសួងសុខាភិបាល ប្រកាសថា ពលករកម្ពុជា១២នាក់ ដែលមកពីថៃ បានផ្ទុកជំងឺកូវីដ-១៩។ មកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣៧៨នាក់ហើយ តែបានជាសះស្បើយវិញ៣៦២នាក់៕ 
 
 
 

Tag:
 ពលករខ្មែរនៅថៃ
  អ៊ិត សំហេង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com