ពីនេះ ពីនោះ
សុខភាព
តើ​មនុស្ស​យើង ពិតជា​ត្រូវការ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​បន្ថែម​ដែរ​ទេ​?
02, Jan 2021 , 6:59 pm        
រូបភាព
​សំណួរ​មួយ​ដែល​ប្រជាជន​ខ្មែរ​យើង​ច្រើនតែ​ចោទសួរ​មក​គ្រូពេទ្យ​ជា​ញឹកញាប់​មួយ​នោះ​គឺថា តើ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​មាន​សារៈសំខាន់ ឬ​ល្អ​ចំពោះ​សុខភាព​មនុស្ស​យើង​ដែរ​ទេ​? យ៉ាងណាមិញ មាន​គ្រូពេទ្យ​ជាច្រើន​តែងតែ​ចេញ​ជា​ថ្នាំ​គ្រាប់​ប្រភេទ​នេះ​ដល់​អ្នកជំងឺ​របស់ខ្លួន​ដែលមាន​បញ្ហា​ឆ្អឹង ឬ​សន្លាក់​។ ដូច្នេះ​បើសិនជា​អ្នក​នៅតែមាន​ចម្ងល់​អំពី​ការប្រើ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​បែបនេះ​ទៀត យក​ល្អ​គួរតែ​ចំណាយពេល​អាន​អត្ថបទ​នេះ​សិន​ទៅ​។​
 
​មុនពេល​ប្រើ​ថ្នាំ​នេះ ចូរ​វាយតម្លៃ​ទៅលើ​ការហូបចុក​របស់​អ្នក​សិន​
​បើសិនជា​របប​អាហារ​អ្នក​សម្បូរ​ជាតិ​កាលស្យូម​ស្រាប់​ដូចជា ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ និង​បន្លែ​ពណ៌​បៃតង​ហើយ​នោះ យក​ល្អ​អ្នក​មិនបាច់​ប្រើ​ថ្នាំ​គ្រាប់​ជាតិ​កាលស្យូម​បន្ថែម​ឡើយ ព្រោះថា​អ្នក​កំពុងតែ​ទទួលបាន​ជីវជាតិ​នេះ​យ៉ាង​គ្រប់គ្រាន់​រួចទៅហើយ​។​
 
​តែង​យល់ថា មិន​ទទួលបាន​កាលស្យូម​គ្រប់​គ្រាន់​ពី​ចំណីអាហារ​
​ទោះបីជា​យ៉ាងណាក៏ដោយ នេះ​មិនមែណជា​ហេតុផល​ដែល​ត្រឹមត្រូវ​ឡើយ​។ ទោះបីជា​អ្នកជា​មនុស្ស​ញ៉ាំ​អាហារ​បួស​ក៏ដោយ កាលណា​អ្នក​ញ៉ាំ​អាហារ​មាន​តុល្យភាព និង​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់ វា​កម្រ​នឹងធ្វើ​ឲ្យ​រាងកាយ​ទទួលបាន​ជាតិ​កាលស្យូម​មិន​គ្រប់​ណាស់​។​
 
​មនុស្ស​ជាច្រើន​គិតថា ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​លើ​មនុស្ស​ចាស់​
​យ៉ាងណាមិញ រឿងនេះ​មិនទាន់​ពិតប្រាកដ​នោះទេ ខណៈពេលដែល​ការស្រាវជ្រាវ​ជាច្រើន​បាន​អះអាងថា កាលស្យូម​គ្មានអ្វី​អាចជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​លើ​មនុស្ស​ធំ​ឡើយ​។ មាន​កត្តា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង ប៉ុន្តែ​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​គឺ​គ្មាន​អ្វីដែល​អាចជួយ​ទប់ស្កាត់​បានឡើយ​។​
 
​ការប្រើ​ថ្នាំ​កាលស្យូម​ច្រើន​នាំ​ឲ្យ​ឈឺក្រពះ ទល់លាមក​ឡើយ និង​ផ្សេងៗ​ទៀត​
​មានការ​បារម្ភ​មួយ​ដែល​និយាយថា ការទទួល​ទាន​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ជា​ទៀងទាត់​អាច​បង្ក​ជា​គ្រួស​ក្នុង​តម្រងនោម​បាន ប៉ុន្តែ​រឿងនេះ​មិនទាន់​មានការ​អះអាងថា​ត្រឹមត្រូវ​ឬ​អត់​នៅឡើយ​ទេ​។ យ៉ាងណាក៏ដោយ ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​លើ​មនុស្ស​ធំ នឹង​កាន់តែ​ខ្ពស់​លើ​បុគ្គល​ណា​ដែល​ប្រើ​ថ្នាំ​គ្រាប់​បំប៉ន​ជាតិ​កាលស្យូម​ជា​ទៀងទាត់​។ ការសិក្សា​ផ្សេងទៀត​និយាយថា ថ្នាំ​បំប៉ន​ប្រភេទ​នេះ​ដើរតួនាទី​យ៉​ងា​សំខាន់​ក្នុងការ​បង្កើតជា​កំណក​ឈាម ដែល​នាំ​ឲ្យ​ស្ទះ​ដល់​សរសៃឈាម និង​ចុងក្រោយ​បង្ក​ការ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​តែម្តង​។ ដូច្នេះហើយ អ្នក​ដែល​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ច្រើនពេក​ប្រឈម​ខ្ពស់​នឹង​បញ្ហា​អស់ទាំង​នេះ ព្រមទាំង​បង្ក​ជា​ជំងឺ​ភ្លេចភ្លាំង​លើ​មនុស្ស​ចាស់​ផងដែរ​។​
 
​អ្នកជំងឺ​យល់ថា ការប្រើ​ថ្នាំ​នេះ​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​
​តាមពិតទៅ គឺថា ថ្នាំ​គ្រាប់​ជាតិ​កាលស្យូម​ត្រូវបាន​គេ​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុង​ទម្រ​ង​ច្រើន​ប្រភេទ​ណាស់ ហើយក៏​មាន​ទម្រ​ង​ខ្លះ​លាយ​ជាមួយនឹង​វីតាមីន D ទៀត​។ នេះហើយ​គឺជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួលទាន​វា មាន​អារម្មណ៍ល្អ ហើយ​អារម្មណ៍​នេះ​មិនមែន​ដោយសារតែ​កាលស្យូម​ទេ តែដោយសារ​វីតាមីន D ទៅវិញ​។​
 
​ដោយយោង​ទៅតាម​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា របប​អាហារ​ជា​របស់​មនុស្ស​ម្នាក់​ជា​មធ្យម​គឺមាន​ជាតិ​កាលស្យូម​គ្រប់គ្រាន់ ហើយក៏​មិនបាច់​ប្រើ​ថ្នាំ​បំប៉ន​ប្រភេទ​នេះ​បន្ថែមទៀត​ដែរ​។ ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ច្រើនតែ​ត្រូវបាន​គ្រូពេទ្យ​ចេញ​ឲ្យ​ប្រើប្រាស់​លើ​កុមារ​ដែល​កំពុងតែ​លូតលាស់ ស្ត្រី​មាន​ផ្ទៃពោះ ម្តាយ​បំបៅ​ដោះ​កូន និង​អ្នកជំងឺ​បាក់ឆ្អឹង ឬ​ញ៉ាំ​អាហារ​មិនបាន​គ្រប់គ្រាន់​ប៉ុណ្ណោះ​។ ក្រៅពីនេះ ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើនជាង​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ​ទៅវិញ​ទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ គ្រូពេទ្យ​តែងតែ​ចេញ​ជា​វីតាមីន D ដល់​អ្នកជំងឺ​ប្រើប្រាស់ ឬ​ឲ្យ​ពួកគេ​ចំណាយពេល ៣០​នាទី ជា​រៀងរាល់ថ្ងៃ​ក្នុងការ​ហាលថ្ងៃ​ដើម្បី​ជំរុញ​ដល់​ការបង្កើន​ជាតិ​កាលស្យូម​ក្នុង​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com