ជាតិ
ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​២០២១ ខេត្តកំពត​មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ជាង​៣​ម៉ឺន​នាក់​
02, Jan 2021 , 4:59 pm        
រូបភាព
រូបភាពពីលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត
រូបភាពពីលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត
​ភ្នំពេញ​៖ ថ្ងៃទី​១ ខែមករា ដែលជា​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​សកល​២០២១ ខេត្តកំពត​មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត ចំនួន​៣២៦៨១​នាក់ ក្នុងនោះ​ក៏មាន​ទេសចរ​បរទេស​ចំនួន​២៩៤​នាក់​ផងដែរ​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​។​


​បើតាម​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត រមណីយដ្ឋាន​ទេសចរណ៍ និង​តំបន់​ទេសចរណ៍​គោលដៅ ក្នុង​ខេត្តកំពត​មាន​ជាង​២០​កន្លែង ប៉ុន្តែ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​សកល​នេះ ភ្នំ​បូកគោ និង​តំបន់​ទឹកឈូ ទទួលបាន​ភ្ញៀវទេសចរ​ទៅ​ច្រើនជាងគេ​។ លោក បញ្ជាក់​បន្ថែមថា ភ្ញៀវទេសចរ​ប្រមាណ​៧០​ភាគរយ​ហើយ ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ទាំង​២​នេះ ព្រោះ​តំបន់​ទឹកឈូ ភ្ញៀវទេសចរ​អាច​គយ​គន់​ទេសភាព​ស្រស់ស្អាត​ជាច្រើន​តាម​ដងព្រែក រហូត​ទៅដល់​ទឹកឈូ​។ 
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃ​៣១ ខែធ្នូ ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​ឆ្លង​ចូលឆ្នាំថ្មី​២០២១ មាន​ភ្ញៀវទេសចរ​ជាង​៧​ម៉ឺន​នាក់ បាន​ទៅ​កម្សាន្ត​ខេត្តកំពត ក្នុងនោះ​មាន​ភ្ញៀវទេសចរ​បរទេស​ត្រឹម​១៤៨​នាក់​ប៉ុណ្ណោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com