COVID-19
ជាតិ
ពលការិនីខ្មែរ២នាក់ទៀត មកពីថៃ តេស្តវិជ្ជមានកូវីដ-១៩
03, Jan 2021 , 8:10 am        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល (រូបពីក្រសួងព័ត៌មាន)
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល (រូបពីក្រសួងព័ត៌មាន)
ក្រសួងសុខាភិបាល ប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះថា ស្រ្តីខ្មែរ២នាក់ទៀត ជាពលករមកពីថៃ ត្រូវបានរកឃើញមានជំងឺកូវីដ-១៩។


សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ស្រ្តីខ្មែរទាំង២នាក់នោះ មានអាសយដ្ឋាននៅស្រុកកំរៀង ខេត្តបាត់ដំបងជាមួយគ្នា ដោយម្នាក់អាយុ២៨ឆ្នាំ និងម្នាក់ទៀតអាយុ២៤ឆ្នាំ។ សេចក្តីប្រកាសព័ត៌មានបន្តថា អ្នកទាំង២ ចេញពីថៃ មកដល់កម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ 

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា អ្នកទាំង២ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ 

មកដល់ពេលនេះ ពលករខ្មែរមកពីថៃ មាន១៦នាក់ហើយ ជាស្រ្តីទាំងអស់ បានឆ្លងជំងឺកូវីដ-១៩។ បើគិតចំនួនសរុបត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ៣៨១នាក់ ដោយបានជាសះស្បើយវិញ៣៦២នាក់ ខណៈ១៩នាក់ កំពុងបន្តសម្រាកព្យាបាល៕  

© រក្សាសិទ្ធិដោយ thmeythmey.com