ជាតិ
សង្គមជាតិ
សិស្ស​នៅ​កំពង់ចាម​ណែនាំ​ពីមុខ​ងារ APP របស់ខ្លួន​ដែល​បាន​លេខ​២ ក្នុង​កម្មវិធី​បច្ចេកវិទ្យា e-ICON
04, Jan 2021 , 8:59 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ យុវ​សិស្ស​ថ្នាក់​ទី​១១ ចំនួន​២​នាក់ នៅ​វិទ្យាល័យ​ហ៊ុនសែន​កំពង់ចាម បានទទួល​ជ័យលាភី​លេខ​២​ក្នុងការ​បង្កើត​App «​ឆ្លើយ​សំណួរ​ពី​របៀប​ប្រើប្រាស់​ទឹកស្អាត និង​អនា ម័យ​» ក្នុង​កម្មវិធី​ប្រកួតប្រជែង​អន្តរជាតិ ​ផ្នែក​បច្ចេកវិទ្យា​e-ICON​ លើក​ទី​១១ ដែល​រៀបចំឡើង​តាម​អន​ឡាញ​ដោយ​ក្រសួង​អប់រំ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​៩ ខែកញ្ញា។ ក្រុម​យុវ​សិស្ស​ខ្មែរ​ទាំងពីរ​រូបនេះ ទទួលបាន​ជ័យលាភី​លេខ​២ ក្នុងចំណោម​១០​ក្រុម ដែល​មកពី​ប្រទេស​ចំនួន​៨​។ តាមរយៈ​កម្មវិធី​នេះ យុវ​សិស្ស​ទាំងពីរ​នាក់ ទទួលបាន​ចំណេះដឹង​ផ្នែក​ទំនាក់ទំនង​ ជាមួយនឹង​យុវ​សិស្ស​បរទេស ​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​។
 
​យុវ​សិស្ស​ខ្មែរ​២​រូប​បាន​ចូលរួម​បង្កើត​App ភាសា​អង់គ្លេស​«​ឆ្លើយ​សំណួរ​ពី​របៀប​ប្រើប្រាស់​ទឹកស្អាត និង​អនាម័យ​»​សម្រាប់​ប្រកួត​ក្នុង​កម្មវិធី​ប្រកួតប្រជែង​អន្តរជាតិ​ផ្នែក​បច្ចេកវិទ្យា​ e-ICON ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ​កូរ៉េ​តាម​អន​ឡាញ​ តាំងពី​ខែសីហា រហូតដល់​ខែកញ្ញា ឆ្នាំ​២០២០​។ កម្មវិធី​នេះ ​តម្រូវ​ឲ្យ​បេក្ខជនក្រុមនីមួយៗមានសមាជិក​ចំនួន​៤​នាក់ ដោយ​២​នាក់​ជា​យុវ​សិស្ស​ខ្មែរ  និង​២​នាក់​ទៀត​ជា​យុវ​សិស្ស​កូរ៉េ ។ ក្រុម​យុវ​សិស្ស​ខ្មែរ​ទាំងពីរ​នេះ ទទួលបាន​ជ័យលាភី​លេខ​២ ក្នុងចំណោម​ក្រុម​យុវ​សិស្ស​អាយុ​១៧​ឆ្នាំ ចំនួន​១០​ក្រុម ដែល​មកពី​៨​ប្រទេស​ខុសៗ​គ្នា​។ 
 
​យុវ​សិស្ស​ថា្នក់​ទី​១១ ហេង ពុធ​ភា នៅ​វិទ្យាល័យ​ហ៊ុនសែន​កំពង់ចាម ខេត្តកំពង់ចាម បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការចូលរួម​បង្កើត ​App ដោយមាន​សមាជិក​ជា​យុវ​សិស្ស​ខ្មែរ​ផង និង​កូរ៉េ​ផង រួមទាំង​នៅ​ឆ្ងាយ​ពីគ្នា​ផង​នោះ មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​ក្រុម​ដែលមាន​សមាជិក​សញ្ជាតិ​ខុសគ្នា​ឡើយ​។  


មុខងារ​នៃ​App បែបហ្គេមឆ្លើយនឹងសំណួរអំពីការប្រើប្រាស់ទឹកស្អាត និងការអនាម័យ 

«​ពេល​បង្កើត​App​ហ្នឹង ក្រុម​របស់ខ្ញុំ​គឺ​នៅ​ឆ្ងាយ​ពីគ្នា​។ ពេល​ពួក​ខ្ញុំ​ត្រូវ​ការនិយាយ​គ្នា ពួក​ខ្ញុំ​គឺ​ត្រូវ​វីដេអូ​ខ​ល​ដោយនិយាយ​ជា​ភាសា​អង់គ្លេស​។ ដោយសារ​អ៊ីនធឺណិត​នៅ​កន្លែង​ខ្ញុំ​វា​ខ្សោយ​។ អ៊ីចឹង​យើង​និយាយ​គ្នា​អត់​សូវ​បាន​ដល់​កម្រិត​ដែល​យើង​ចង់​បានទេ​។ ហើយ​ការប្រើប្រាស់​ភាសា ពួកយើង​ប្រើ​ភាសា​គោល​មួយ​គឺ​ភាសា​អង់គ្លេស​។ ជួនណា​ខ្ញុំ​និយាយ​ទៅ​គាត់​ស្តាប់​អត់​សូវ​បាន​។ ពេលខ្លះ​ពួកគាត់​និយាយ​មក​ក៏​ពួក​ខ្ញុំ​ស្តាប់​មិនសូវ​បាន​។ ពេលវេលា​នៅ​ប្រទេស​កូរ៉េ និង​កម្ពុជា​គឺ​ខុសគ្នា​ចំនួន​២​ម៉ោង​»​។ នេះ​ជាការ​លើកឡើង​របស់​យុវ​សិស្ស ហេង ពុធ​ភា​។ 
 
​ទោះបី​ការពិភាក្សាគ្នា​តាម​អន​ឡាញ​ជួប​ផល​លំបាក​ក្តី តែ​យុវ​សិស្ស​ខ្មែរ​ចំនួន​២​នាក់​នេះ នៅតែ​បាន​បន្ត​សហការ និង​សាមគ្គី​គ្នា​ជាមួយនឹង​សមាជិក​ក្រុម​របស់ខ្លួន ដែល​នៅ​ប្រទេស​កូរ៉េ ដោយ​ពុំមាន​ភាព​ខ្វែងគំនិត​ពីគ្នា​ឡើយ​។ «​ពេល​ពួកយើង​មាន​ចម្ងល់ ឬ​ដឹង​អ្វី​អ៊ីចឹង យើង​តែងតែ​ចែករំលែក​បទពិសោធ និង​ចំណេះដឹង​គ្នា​ទៅវិញទៅមក​។ ពួក​ខ្ញុំ​អត់​មានទំនាស់​គ្នា​ទេ ពួក​ខ្ញុំ​តែងតែ​សាមគ្គី​គ្នា សហការគ្នា និង​ចេះ​ស្តាប់​ហេតុផល​គ្នា​ទៅវិញទៅមក​»​។ នេះ​ជាការ​រៀបរាប់​របស់​យុវ​សិស្ស ពុធ​ភា ដែល​តែងតែ​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយនឹង​សមាជិក​ក្រុម​របស់ខ្លួន​។ 


យុវសិស្សថា្នក់ទី១១  អឿ ធាមៈនី នៅវិទ្យាល័យ​ហ៊ុនសែនកំពង់ចាម​ ខេត្ត​កំពង់ចាម បាន​ទទួល​សៀវភៅ និងរង្វាន់​លើកទឹកចិត្ត​ពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា 

​តាមរយៈ​ការសហការ​គ្នា​បង្កើត​App សម្រាប់​ប្រកួត​នេះ ក្រុម​យុវ​សិស្ស​ខ្មែរ​ពីររូប ទទួលបាន​បទពិសោធ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជាង​មុន​។ យុវ​សិស្ស ហេង ពុធ​ភា​បាន​និយាយថា​៖«​នៅពេលដែល​ក្រុម​របស់ខ្ញុំ​បាន​ចូលរួម​កម្មវិធី​ហ្នឹង ខ្ញុំ​បាន​ហ្វឹកហាត់​ខ្លួន​របស់ខ្ញុំ​ច្រើន​មែនទែន​។ ខ្ញុំ​យល់​ពី​ការ​ចងកូដ សរសេរ​កូដ ឌី​ហ្សា​ញ​App ដែល​ការងារ​នេះ​ពីមុនមក​ខ្ញុំ​អត់​ដែល​បានធ្វើ​ទេ​។ វា​ជា​បទពិសោធ​ថ្មី​សម្រាប់​ខ្ញុំ​។ ដោយសារ​សិស្ស​កូរ៉េ​យល់ច្បាស់​ពី​បច្ចេកវិទ្យា​ខ្លាំង ដូច្នេះ​ជួយ​ឲ្យ​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ពី​ពួកគាត់​មក​។ យើង​ផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក​»​។ 
 
​យុវ​សិស្ស ហេង ពុធ​ភា បាន​ពន្យល់​ពីមុខ​ងារ​នៃ​App ដូច្នេះ​ថា​៖«App ហ្នឹង​យើង​ប្រើ ដោយមាន​សំណួរ (Quiz) បែប​ហ្គេម​ដែលមាន​រូបភាព ដើម្បី​ឲ្យ​ពួកគេ​ឆ្លើយ​សំណួរ  ដោយមាន​សំណួរ ហើយ​មាន​ចម្លើយ​៤​ឲ្យ​គាត់​ជ្រើសរើស និង​ឆ្លើយ ដែល​និយាយ​អំពី​ការប្រើប្រាស់​ទឹកស្អាត និង​អនាម័យ​»​។ 
 
​បើតាម​យុវ​សិស្ស ហេង ពុធ​ភា App បែប​ហ្គេម​ឆ្លើយ​នឹង​សំណួរ​អំពី​ការប្រើប្រាស់​ទឹកស្អាត និង​ការ​អនាម័យ​នោះ​មិនទាន់​អាច​ដំឡើង​នៅលើ​ទូរ​សព្ទ​បានឡើយ គឺ​ត្រូវ​រង់ចាំ​ការស្រាវជ្រាវ និង​សិក្សា​បន្ថែមទៀត​៕ 


យុវសិស្សថា្នក់ទី១១ ហេង ពុធភា នៅវិទ្យាល័យ​ហ៊ុនសែនកំពង់ចាម​ ខេត្ត​កំពង់ចាម បាន​ទទួល​សៀវភៅ និងរង្វាន់​លើកទឹកចិត្ត​ពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​

Tag:
 យុវ​សិស្ស​
 ​ជ័យលាភី​
 App
© រក្សាសិទ្ធិដោយ thmeythmey.com