COVID-19
ជាតិ
សុខភាព
អ្នកនាំពាក្យបំភ្លឺ៖ បុរស ដែលស្លាប់ក្នុងមណ្ឌលចត្តាឡីស័ក គឺដោយសារគាំងបេះដូង ហើយដួលប៉ះក្បាលនឹងចានបង្គន់ 03, Jan 2021 , 11:16 am
មណ្ឌលចត្តាឡីស័កមួយកន្លែង នៅខេត្តត្បូងឃ្មុំ (រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ)
× ភ្នំពេញ៖ បុរសជាពលករខ្មែរម្នាក់ ដែលទើបមកពីប្រទេសថៃ បានដួលបោកក្បាលនឹងចានបង្គន់ក្នុងបន្ទប់ទឹក បណ្តាលឱ្យស្លាប់ នាអំឡុងពេលធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យត្បូងឃ្មុំ។ នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដោយបញ្ជាក់ថា ពលកររូបនេះ បានស្លាប់នៅម៉ោងជាង៩ព្រឹក ថ្ងៃទី២មករា ឆ្នាំ២០២១។
ពលករ ដែលបានដួលស្លាប់ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ មានវ័យ៥២ឆ្នាំ មានអាសយដ្ឋាននៅឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ បុរសម្នាក់នេះ បានធ្វើដំណើរមកពីខេត្តឈុនបូរី នៃប្រទេសថៃ ចូលកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ធ្នូ ឆ្នាំ២០២០។ បើតាម លោកស្រី ឱ វណ្ណឌីន មុនពេលពលករម្នាក់នេះ ស្លាប់ ដោយ យថាហេតុនោះ មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល បានធ្វើតេស្តរកកូវីដ-១៩ លើកទីមួយរួចហើយ ដោយលទ្ធផលបង្ហាញអវិជ្ជមាននៃជំងឺនេះ។
លោកស្រី ឱ វណ្ណឌីន បានស្រង់សម្តីភរិយារបស់សពខាងលើមកបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន នាព្រឹកថ្ងៃទី៣មករា ថា បុរសដែលស្លាប់នោះ គឺធ្លាប់មានជំងឺបេះដូង និងបានព្យាបាលជំងឺនេះ នៅប្រទេសថៃកន្លងមក។ អ្នកនាំពាក្យរូបនេះ បានអះអាងដូច្នេះថា៖«ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យកោសល្យវិច្ច័យ គឺសាមីសព មានជំងឺចុកបេះដូង ហើយគាំងបេះដូងភ្លាមៗ ធ្វើឲ្យដួលបោកក្បាលនឹងកន្ថោរបង្គន់...»។
អ្នកស្រី បន្ថែមថា តាំងពីបុរសនោះ ចូលធ្វើចត្តាឡីស័កមកដល់ថ្ងៃមានហេតុការណ៍ដួលក្នុងបន្ទប់ទឹករហូតដល់បាត់បង់ជីវិត គឺមិនមានការផ្តល់ព័ត៌មានអំពីប្រវត្តិរបស់គាត់ ដែលធ្លាប់មានជំងឺបេះដូង និងបានព្យាបាល នៅប្រទេសថៃកន្លងមកឡើយ។
សូមរម្លឹកថា កាលពីថ្ងៃទី២៣កក្កដា ឆ្នាំ២០២០ មានបុរសខ្មែរវ័យ២១ឆ្នាំម្នាក់ ក៏បានបាត់បង់ជីវិតដែរ ក្នុងអំឡុងពេលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែង ក្នុងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕
Tag:
COVID-19
ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com