កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ នឹង​ប្រព្រឹត្តទៅ​នៅ​ដើមឆ្នាំ​២០២១
03, Jan 2021 , 5:19 pm        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ ត្រូវបាន​លើក​ពេល​ជា​បន្តបន្ទាប់ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ក្រោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគម​២៨​វិច្ឆិកា គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ បានកំណត់​ពេលវេលា​នៃ​ការប្រព្រឹត្តទៅ​របស់​ព្រឹត្តិការណ៍​នេះ​សាជាថ្មី ដោយ​គ្រោង​ធ្វើ​នៅ​ដើមឆ្នាំ​២០២១​។
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បាន​បញ្ជាក់ថា មកទល់ពេលនេះ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ បានកំណត់​ពេលវេលា​ថ្មី​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​រួចរាល់​ហើយ​។ បើ​ពុំមាន​ការប្រែប្រួល​ទេ​ព្រឹត្តិការណ៍ នឹង​ប្រព្រឹត្តទៅ​នៅ​អំឡុង​ខែមករា ឆ្នាំ​២០២១​។ 
 
«​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​ដែល​យើង​ខកខាន​ធ្វើ​នៅ​ដើមខែ​ធ្នូ ឥឡូវនេះ យើងទាំងអស់គ្នា​បាន​ឯកភាព​ជាមួយ​គណៈកម្មកា​រ​រៀបចំ គ្រោង​ដាក់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១»​។ លោក វ៉ា​ត់ ចំរើន បញ្ជាក់​បែបនេះ​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។  
 
​ប៉ុន្តែ​អគ្គលេខាធិការ NOCC រូបនេះ អះអាងថា កាលបរិច្ឆេទ​នេះ ពុំទាន់​ចូល​ជា​ផ្លូវការ​១០០​ភាគរយ​នោះទេ​។ ហើយ​លោក​នឹង​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរខេត្ត​សៀ​រាម និង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រៀបចំ​ឯកសារ​លម្អិត​ដាក់​ឆ្លង​ជូន​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​។​
 
​លោក វ៉ា​ត់ ចំរើន ចាត់ទុក​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ ជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដែល​ត្រូវ​រៀបចំ​ដោយ​មិនអាច​ខាន​បាន​។ ព្រោះ​វា​ជា​សមិទ្ធ​ទេសចរណ៍​ដ៏​ធំ​មួយ ក្នុង​ការជួយ​ទាក់ទាញ​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ​ក្នុង​ខេត្តសៀមរាប​។ ជាពិសេស វា​អាចជួយ​ស្រោចស្រង់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ដែល​រង​ផលប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​
 
​ទោះបី​យ៉ាងនេះ​ក្តី ការរៀបចំ​ឆ្នាំនេះ​អាច​ខុសប្លែក​ពី​ឆ្នាំមុនៗ ដ្បិត​ឆ្នាំនេះ​តម្រូវ​ឲ្យ​គណៈកម្មការ​រៀបចំ​ត្រូវ​កំណត់​ចំនួន​មនុស្ស​ក្នុងការ​ចូលរួម​។ ហើយ​ការរៀបចំ​ទៀតសោត គឺធ្វើឡើង​ក្នុង​ទម្រង់​បរិបទ​ថ្មី ក្រោម​យន្តការ​រឹតបណ្តឹង​ផ្នែក​សុវត្ថិភាព ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន បាន​ក្រើន​រំ​ឮ​ក​ដល់​អ្នក​ដែល​បាន​ចុះឈ្មោះ​រត់​ក្នុង​ព្រឹត្តិការណ៍​នេះ ឲ្យ​ត្រៀមខ្លួន​ចូលរួម​រត់​ទាំងអស់គ្នា​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​។ 
 
​គួររម្លឹកថា ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ ដំបូង​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ តែ​ត្រូវបាន​លើក​ពេល​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ជំងឺ​រាតត្បាត​ជា​សកល​នេះដែរ បានធ្វើ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយចំនួន​នៅ​ឆ្នាំ​២០២០ ត្រូវបាន​លុបចោល និង​លើក​ពេល​រៀបចំ​នៅ​ឆ្នាំ​២០២១៕ 
 

Tag:
 រត់ប្រណាំង​
  ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com