ជាតិ
ចាប​ព្រៃវែង​ប្រភេទ​ជិត​ផុត​ពូជ ត្រូវ​ប្រទះឃើញ​វិញ ក្រោយ​បាត់​ខ្លួន​៣​ឆ្នាំ​
03, Jan 2021 , 3:10 pm        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​

​ថ្មីៗ​នេះ តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ផ្តើម​វត្តមាន​ចាប​ព្រៃវែង​ប្រមាណ​២០​ក្បាល​ម្ដងទៀត ដែលជា​ប្រភេទ​សត្វ​ស្លាប​ជិត​ផុត​ពូជ​បំផុត ក្រោយ​ការបាត់​ខ្លួន​អស់​៣​ឆ្នាំ​មកហើយ​។​
 
 
​លោក លី សម្ភ័ស មន្ត្រី​សម្របសម្រួល​អង្គការ BirdLife ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ ថា ការរកឃើញ​នៃ​សត្វ​ស្លាប​ព្រៃវែង នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​នេះ គឺ​បន្ទាប់ពី​ពួកវា បាន​បាត់​វត្តមាន តាំងពី​អំឡុង​២០១៧​។ លោក បន្តថា ការរកឃើញ​ពពួកសត្វ​ចាបព្រៃ​វែង​នេះ គឺ​នៅពេល​មន្ត្រី​ចុះ​ធ្វើ​ជំរឿន​សត្វ​ក្រៀល ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​។​
 
​សម្រាប់​លោក លី ស​ម្ព័​ស ការរកឃើញ​ពពួកសត្វ​ទាំងនេះ បញ្ជាក់ថា តំបន់​ការពារ​ព្រែក​ល្ពៅ មាន​សុ​វត្តិភាព​ដល់​ជម្រក​។ លោក បន្ថែមថា សត្វ​ចាប​ព្រៃវែង​នេះ ជា​ប្រភេទ​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​មួយ​ប្រភេទ ជិត​ផុត​ពូជ​បំផុត ស្ថិតនៅក្នុង​បញ្ជី​ក្រហម IUCN (The International Union for Conservation of Nature)​។​


 
​ការចេញផ្សាយ​របស់ BirdLife International Cambodia Programme បាន​ឲ្យ​ដឹងថា ការបង្ហាញ​ខ្លួន​នៃ​សត្វ​ចាប​ព្រៃវែង​នេះ បញ្ជាក់​ពី​សារសំខាន់​របស់​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ ក្នុងការ​ផ្ដល់​ជា​ជម្រក​ដល់​ការរស់នៅ និង​ពង​កូន​របស់​ពពួកសត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ​ផ្សេងទៀត​។ តែ​ទោះបី​យ៉ាងណាក៏ដោយ ការទន្ទ្រាន​ដី កង្វះ​ទឹក​នៅ​រដូវប្រាំង ការបំពុល​ពី​ការប្រើប្រាស់​ថ្នាំ និង ជី​កសិកម្ម នៅតែ​ជា​កត្តា​គំរាមកំហែង ដែល​កំពុង​កើត​មាននៅ​តំបន់​ការពារ​មួយ​នេះ​។​
 
​ការចេញផ្សាយ​របស់ BirdLife បញ្ជាក់ថា កាលពី​ឆ្នាំ ២០០០​កន្លងទៅ នៅ​ប្រទេស​កម្ពុជា​គេ​ឃើញ ពពួកសត្វ​ចាបព្រៃ​វែង​នេះ​ជា​ហ្វូង​ធំៗ រហូត​ជាង​១​ពាន់​ក្បាល តែ​សព្វថ្ងៃ គេ​ឃើញ​មាន​វត្តមាន​ជា​ក្រុម​តូចៗ ដែល​ជូន​កាល​មានតែ ២​ក្បាល​ប៉ុណ្ណោះ​។ តាមរយៈ​ប្រភព​ដដែល ចំនួន​សត្វ​ស្លាប​ប្រភេទ​នេះ មានការ​ថយចុះ​ជាង​៨០​ភាគរយ ក្នុង​ពិភពលោក​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​
 
BirdLife បញ្ជាក់ថា ចាបព្រៃ​វែង បង្ក​កំណើត​នៅ​អឺរ៉ុប និង​អាស៊ី​ខាងជើង ហើយ​ផ្លាស់​ទី​មកកាន់​តំបន់​អាស៊ី​រួមមាន កម្ពុជា ថៃ ឡាវ មី​យ៉ាន់​ម៉ា វៀតណាម ចិន​ភាគខាងត្បូង និង ឥណ្ឌា រហូតដល់រដូវ​ត្រជាក់​ពួកវា​នឹង​ត្រឡប់​ទៅ ប៉ែក​អឺរ៉ុប​វិញ​៕ 
 


 

Tag:
 ThmeyThmey25
  ចាបព្រៃ​វែង​
  តំបន់ការពារទេសភាព​ព្រែល​ល្ពៅ​
  BirdLife
  តាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com