កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ CAMSOC សម្រេចសមិទ្ធផលច្រើន នៅឆ្នាំ២០២០ តែធនធានមនុស្សមិនទាន់យល់ចិត្តគ្នា 04, Jan 2021 , 9:19 pm
× ទោះបីកម្ពុជាទទួលរង និងជួបវិបត្តិជំងឹកូវីដ-១៩ តែវាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការអនុវត្តការងាររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)នោះទេ។ ផ្ទុយទៅវិញ CAMSOC នៅតែបន្តដំណើរការរបស់ខ្លួនដូចប្រក្រតី និងសម្រេចបានសមិទ្ធផលការងារគួរឲ្យកត់សម្គាល់។ តែយ៉ាងណាការរាតត្បាតនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអាក្រក់ដល់ដំណើរការអភិវឌ្ឍសមត្ថភាពកីឡាករកីឡាការិនីរបស់កម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC)បានលើកឡើងពីឧបសគ្គ និងសមិទ្ធផលការងារ ដែល CAMSOC ជួបប្រទះ និងសម្រេចបានក្នុងឆ្នាំ២០២០។ ទោះបីកម្ពុជាទទួលរង និងជួបវិបត្តិជំងឺកូវីដ-១៩ តែគណៈកម្មការនេះ សម្រេចបានការងារជាច្រើន ពាក់ព័ន្ធការឯកភាពគ្នាក្នុងការជ្រើសរើសរូបនិមិត្តសញ្ញា(Logo), តុក្កតាតំណាង(Mascot) និងបាវចនា(Motto)ស៊ីហ្គេមឆ្នាំ២០២៣។ ជាពិសេសការងារសាងសង់ទីលានក្នុងពហុកីឡដ្ឋានជាតិមរតក។
ទន្ទឹមនឹងនេះ CAMSOC ក៏បានជួបឧបសគ្គមួយចំនួន ក្នុងការអនុវត្តការងារក្នុងរយៈពេល១ឆ្នាំកន្លងមកផងដែរ ដូចជាការមិនទាន់យល់ចិត្ត និងការងារគ្នា ហើយគណៈកម្មការជំនាញទាំង១៤នៃ CAMSOC ភាគច្រើនពុំមានបទពិសោធក្នុងការរៀបចំការប្រកួតកីឡាធំៗ ដែលធ្វើឲ្យការងាររបស់ CAMSOC មានភាពយឺតយ៉ាវ។
«យើងដឹងហើយថា CAMSOC ជាគណៈកម្មការមួយដែលប្រមូលធនធានមនុស្សមកពីគ្រប់មជ្ឈដ្ឋាន គ្រប់ស្ថាប័ន ក្រសួង និងអង្គភាពផ្សេងៗគ្នា មកច្របាច់បញ្ចូលគ្នា ដើម្បីធ្វើការរួមគ្នា។ នេះជាបញ្ហាមួយដែរ ដូចយើងដឹងហើយថា កាលណាយើងថ្មីទាំងអស់គ្នា ហើយធនធានមនុស្ស ដែលមកពីស្ថាប័នផ្សេងៗ គាត់មិនទាន់ជ្រួតជ្រាប និងយល់ច្បាស់ពីរបៀបធ្វើការក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន។
ការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ជាបញ្ហាមួយដែរសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកីឡាករ ដើម្បីត្រៀមទៅប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាមឆ្នាំ២០២១ និងដំណើរឆ្ពោះទៅត្រៀមធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។ ការរាតនៃជំងឺនេះ បានធ្វើឲ្យក្រសួងអប់រំយុវជននិងកីឡាប្រកាសរំសាយប្រមូលផ្តុំការហ្វឹកហាត់របស់ក្រុមកីឡាករជម្រើសជាតិថ្នាល និងឈុតធំម្តងហើយម្តងទៀត។
លោក វ៉ាត់ ចំរើន បានលើកឡើងពីបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ យ៉ាងនេះថា៖«ការមិនទាន់យល់គ្នា១០០ភាគរយក្នុងការធ្វើការជាក្រុមក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមក៏ជាបញ្ហាមួយដែរ។ បញ្ហាមួយទៀតយើងដឹងហើយថា កូវីដ-១៩ ជាបញ្ហាសកល និងបានជះឥទ្ធិពលខ្លាំងដល់ដំណើរការរៀបចំស៊ីហ្គេមរបស់យើង គឺវាបានទាញថយក្រោយក្នុងការកសាងសមត្ថភាពរបស់កីឡាករ ដូចយើងឃើញហើយថា មានការផ្អាកការហ្វឹកហាត់ ការប្រកួតផ្សេងៗ»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានបង្ហាញពីផែនការយុទ្ធសាស្ត្រ និងយន្តការជាច្រើន ដែល CAMSOC ត្រូវអនុវត្តការងារក្នុងឆ្នាំ២០២១ ដែលថ្នាក់ដឹកនាំចាត់ទុកជាឆ្នាំចាប់ផ្តើមអនុវត្តការងារឈានឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។ ការងារសំខាន់ៗទាំងនោះរួមមានការត្រៀមបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស ការកំណត់ប្រភេទកីឡា ដើម្បីបញ្ជូនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងការត្រៀមខ្លួនទទួលទង់ស៊ីហ្គេមពីវៀតណាមជាដើម៕
Tag:
CAMSOC
វ៉ាត់ ចំរើន
NOCC
© រក្សាសិទ្ធិដោយ thmeythmey.com