កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អនុញ្ញាតឲ្យពានរង្វាន់បាល់ទាត់ ចំនួន៥ ដំណើរការឡើងវិញ 05, Jan 2021 , 10:57 am
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)អនុញ្ញាតឲ្យដំណើរការឡើងវិញនូវការប្រកួតពានរង្វាន់បាល់ទាត់ចំនួន៥ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ ពានរង្វាន់ទាំង៥រួមមានពានរង្វាន់ក្របខណ្ឌលីគ២, ពានរង្វាន់លីគនារី, ពានរង្វាន់បាល់ទាត់ក្នុងសាល, ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំ។
បើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ការដំណើរការពានរង្វាន់ទាំង៥ធ្វើឡើង៣ដំណាក់កាលផ្សេងៗគ្នា។ ក្នុងនោះពានរង្វាន់លីគ២ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១២ ខែមករា ខណៈពាន់រង្វាន់បាល់ទាត់ក្នុងសាល Tiger Futsal Cup ធ្វើឡើងនៅថ្ងៃទី១៦ មករា។ ចំណែកពានរង្វាន់បាល់ទាត់នារី ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំ ធ្វើឡើងនៅថ្ងៃទី១៧ មករា ឆ្នាំ២០២១។
ការអនុញ្ញាតឲ្យពានរង្វាន់ទាំង៥ដំណើរការឡើងវិញនេះ ធ្វើឡើងក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ និងការអនុញ្ញាតឲ្យដំណើរការឡើងវិញនូវការប្រកួតកីឡា ហាត់ប្រាណ និងការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ពីក្រសួងអប់រំ យុវជន និងកីឡា។
គួររំលឹកថា ពានរង្វាន់ទាំង៥ខាងលើបានផ្អាកដំណើរភ្លាមៗ ក្រោយកម្ពុជាទទួលរងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយសម្តេច ហ៊ុន សែន ដាក់ឈ្មោះឲ្យថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com