ជាតិ
សង្គមជាតិ
ប៉ូលិសបំភ្លឺថា យោធាផ្កាយ១ យកកាំភ្លើងវាយក្បាលសន្តិសុខនៅគ្លីនិក គឺផ្តើមចេញពីរឿងបាត់ស្បែកជើង
05, Jan 2021 , 12:25 pm        
រូបភាព
កម្លាំងសមត្ថកិច្ច ចុះទៅកន្លែងកើតហេតុ ដែលយោធាផ្កាយ១ យកកម្លាំងវាយក្បាលបុរសជាសន្តិសុខ នៅគ្លីនិក សុខ ម៉េង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
កម្លាំងសមត្ថកិច្ច ចុះទៅកន្លែងកើតហេតុ ដែលយោធាផ្កាយ១ យកកម្លាំងវាយក្បាលបុរសជាសន្តិសុខ នៅគ្លីនិក សុខ ម៉េង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
យោធាម្នាក់ មានឋានៈជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានយកកាំភ្លើងខ្លី វាយក្បាលបុរសជាសន្តិសុខម្នាក់ នៅគ្លីនិច១កន្លែង ក្នុងខេត្តកណ្តាល។ បើតាមអង្គភាពនគរបាលខេត្តកណ្តាល ហិង្សានេះ កើតឡើងពីរឿងបាត់ស្បែកជើង១គូ។


តាមរយៈសេចក្តីសេចក្តីបំភ្លឺ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ របស់ស្នងការដ្ឋាននគរខេត្តកណ្តាល​ យោធាផ្កាយ១ បានប្រើកាំភ្លើងខ្លីម៉ាក CF98 លេខ006009 វាយក្បាលបុរសជាសន្តិសុខ ដែលយាមនៅមន្ទីរពេទ្យឯកជនឈ្មោះ មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង ស្ថិតក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ទុកហេតុការណ៍នេះ ថាជាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

បើតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល យោធាផ្កាយ១ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ហើយសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី។ យោធាផ្កាយ១ មានវ័យ៤១ឆ្នាំ ហើយបុរសសន្តិសុខជាជនរងគ្រោះ មានវ័យ៣០ឆ្នាំ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល អះអាងថា មន្រ្តីយោធា១ ជាបុគ្គលិកនៃមន្ទីរពេទ្យ សុខ ម៉េង មិនមែនជាម្ចាស់នៃមន្ទីរពេទ្យនេះឡើយ។ លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ បន្ថែមពីលើសេចក្តីបំភ្លឺថា យោធាផ្កាយ១ គឺជាបុគ្គលិក មិនមែនជាម្ចាស់នៃមន្ទីរពេទ្យ ដូចការចុះផ្សាយរបស់សារព័ត៌មាននានានោះទេ។

សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដដែល បានឲ្យដឹងថា ជនរងគ្រោះជាសន្តិសុខ បានរបួសបែកក្បាលផ្នែកខាងឆ្វេង និងលើត្រចៀក១កន្លែង ហើយបានដេរ៣ថ្នេរ។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សរសេរក្នុងសេចក្តីបំភ្លឺដូច្នេះថា៖«តាមចម្លើយសារភាពរបស់ជនសង្ស័យ [ជាយោធាផ្កាយ១] បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះ [ជាសន្តិសុខ] មែន ដោយសារខឹងជួលឲ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ»។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រៀបរាប់ពិស្តារពីហេតុការណ៍នេះថា៖

នៅម៉ោង៦ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បុរសជាសន្តិសុខ បានទៅយាមជំនួសបុរសជាសន្តិសុខម្នាក់ទៀត នៅមុខគ្លីនិច សុខ ម៉េង។ រហូតដល់ម៉ោងប្រមាណ៥ទៀបភ្លឺ ថ្ងៃទី៣ ខែមករា ក៏មានបុរសម្នាក់ សួរបុរសជាសន្តិសុខ ដែលទៅយាមជំនួសថា តើបុរសជាសន្តិសុខដែលយាមរាល់ថ្ងៃនៅគ្លីនិកនេះ ទៅណាហើយ? បុរសជាសន្តិសុខ ដែលទៅយាមជំនួស ឆ្លើយថា គាត់សម្រាក១ថ្ងៃ។ ពេលនោះ បុរសនោះ បានខ្ចីលុយ៣ពាន់រៀលពីបុរសជាសន្តិសុខ ហើយបុរសជាសន្តិសុខ ក៏ឲ្យលុយខ្ចី៣ពាន់រៀល បន្ទាប់មក បុរសនោះ ក៏ដើរចេញទៅវិញ ដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ (ស្បែកជើងស៊កស្បែក)។ នៅម៉ោង៦ព្រឹកថ្ងៃដដែល ទើបបុរសជាសន្តិសុខ ចេញទៅផ្ទះវិញ។

រហូតដល់ម៉ោង៨ព្រឹក ថ្ងៃទី៣ ខែមករាដដែល យោធាផ្កាយ១ បានដឹងថា បាត់ស្បែកជើងស៊កស្បែកនោះ ដែលដោះទុកនៅមាត់ទ្វារគ្លីនិក។ យោធាផ្កាយ១ ដែលជាបុគ្គលិកគ្លីនិកស្មានថា បងប្អូនរបស់អ្នកជំងឺពាក់ស្បែកជើងរបស់ខ្លួនសិន ទើបមិនបានរក។ រហូតដល់ម៉ោង៨យប់ នៅមិនទាន់ឃើញស្បែកជើងទៀត យោធាផ្កាយ១ ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ហើយបានឃើញបុរសម្នាក់ បានឈរនិយាយជាមួយបុរសជាសុខសន្តិសុខ និងហុចលុយឲ្យសន្តិសុខ ហើយបុរសនោះ បានពាក់ស្បែកជើងស៊កស្បែកដើរចេញទៅ។ (សកម្មភាពមើលតាមការមេរ៉ាសុខវត្ថិភាព មិនឃើញបុរសជាសនិ្តសុខហុចលុយឲ្យបុរសនោះទេ តែបែរជាឃើញបុរសនោះ ហុចលុយឲ្យបុរសជាសន្តិសុខទៅវិញ)។

បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ យោធាផ្កាយ១ បានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅបុរសជាសន្តិសុខ ដែលយាមជំនួសនៅគ្លីនិក សុខ ម៉េង ឲ្យទៅជជែកគ្នា។ រហូតដល់ម៉ោង១០ព្រឹក ថ្ងៃទី៤ ខែមករា យោធាផ្កាយ១ បានណាត់ជាមួយក្រុមហ៊ុនសន្តិសុខ សុំឲ្យនាំបុរសជាសន្តិសុខ ទៅជជែកគ្នានៅក្នុងគ្លីនិច សុខ ម៉េង តែដល់ម៉ោងកំណត់ហើយ នៅតែមិនឃើញក្រុមហ៊ុន នាំបុរសជាសន្តិសុខ ទៅជជែកគ្នា ទើបយោធាផ្កាយ១ ជិះឡានទៅផ្ទះវិញ នៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញ ទាំងមានកំហឹង។

ក្រោយមក នៅម៉ោង១២រសៀល ថ្ងៃទី៤ ខែមករា ដដែល ទើបតំណាងក្រុមហ៊ុនសុខ ទៅដល់គ្លីនិច សុខ ម៉េង។ ដោយមិនឃើញយោធាផ្កាយ១ តំណាងក្រុមហ៊ុនសន្តិសុខ បានហៅទូរស័ព្ទទៅមន្រ្តីយោធាផ្កាយ១ ឲ្យទៅកាន់គ្លីនិច ដើម្បីជជែកគ្នា។ ពេលទៅដល់គ្លីនិច ឃើញបុរសជាសន្តិសុខ ឈរនៅមុខ យោធាផ្កាយ១ ក៏យកកាំភ្លើងខ្លីពីចង្កេះវាយទៅលើបុរសជាសន្តិសុខចំក្បាលផ្នែកខាងឆ្វេង បណ្តាលឲ្យដួល។

ពេលវាយរួចហើយ យោធាផ្កាយ១ ក៏បានដើរចូលក្នុងគ្លីនិចបាត់ទៅ។ ចំណែកបុរសជាសន្តិសុខ ត្រូវបានបុគ្គលិកពេទ្យ យកទៅលាងរបួសនិងដេរ៣ថ្នេរ។ បន្ទាប់មក ជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ដល់សមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យជាយោធាផ្កាយ១និងជាបុគ្គលិកនៃគ្លីនិច សុខ ម៉េង។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់បែបនេះថា៖«តាមការឆែកកាមេរ៉ាសុវត្ថិភាព ឃើញថា មានមនុស្សប្រុសម្នាក់ បានមកហុចលុយឲ្យជនរងគ្រោះ [ជាសន្តិសុខ]»។

បើតាមការអះអាងរបស់លោក ឈឿន វិចិត្ត យោធាផ្កាយ១ យកកាំភ្លើងវាយក្បាលបុរសជាសន្តិសុខ ព្រោះយល់ថា បុរសជាសន្តិសុខ យល់ព្រមឲ្យគេ ពាក់ស្បែកជើង ដើម្បីទទួលបានប្រាក់៣ពាន់រៀល៕

Tag:
 ហិង្សា
  យោធា
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com