អន្តរជាតិ
ជម្លោះ​៣​ឆ្នាំ​រវាង​កាតា​និង​អា​រ៉ា​ប៊ី​សា​អូឌីត ឈានដល់​ទីបញ្ចប់ ក្រោយ​អាមេរិក​សម្រុះសម្រួល​
05, Jan 2021 , 2:27 pm        
រូបភាព
ព្រំដែនរវាងកាតា និងអារ៉ាប៊ីសាអូឌីត ថតចេញពីទឹកដីកាតា។ រូបថត AFP
ព្រំដែនរវាងកាតា និងអារ៉ាប៊ីសាអូឌីត ថតចេញពីទឹកដីកាតា។ រូបថត AFP
​ជម្លោះ​ជាង​៣​ឆ្នាំ​រវាង​កាតា និង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ឈាន​មកដល់​ទីបញ្ចប់ ក្រោយពេល​ប្រទេស​ទាំងពីរ​សម្រេចបាន​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ដោយ​បើក​ឡើងវិញ​ព្រំដែន​គោក ទឹក និង​អាកាស​ដល់​កាតា ហើយ​ភាគី​ទាំងពីរ​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី​៥ មករា​។ អាមេរិក ជា​អ្នកសម្របសម្រួល​ការបញ្ចប់​ជម្លោះ​នេះ ប៉ុន្តែ​អេ​ហ្ស៊ី​ប បា​រ៉ែ​ន និង​អេ​មី​រ៉ាត់​អារ៉ាប់​រួម មិនទាន់​ដក​ការហ៊ុមព័ទ្ធ​លើ​កាតា​នៅឡើយ​ទេ​។​
 
​ការហ៊ុមព័ទ្ធ​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​លើ​កាតា​ដែល​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៧ បាន​ឈានដល់​ទីបញ្ចប់ ក្រោយ​ភាគី​ទាំងពីរ​ឯកភាពគ្នា​បញ្ច​ប់​ជម្លោះ ដោយមាន​អាមេរិក​ជា​អ្នក​ជួយ​ចូក​ជួយ​ចែវ​។ កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ នឹងត្រូវ​ចុះហត្ថលេខា​រវាង​មហាក្សត្រ​កាតា តា​មី​ម ប៊ី ហា​ម៉ា​ដ អាល់​-​ថា​នី និង​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត មូ​ហា​ម៉ាត់ ប៊ី​ន សាល​ម៉ាន់ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។ 
 
​ព័ត៌មាន​នៃ​ការបញ្ចប់​ជម្លោះ ត្រូវបាន​ប្រកាស​ដោយនៅ​ថ្ងៃទី​៤ មករា មុន​ជំនួប​កំពូល​ប្រចាំឆ្នាំ​នៃ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែ​ក្ស ដោយ​រដ្ឋមន្ត្រីការបរទេស​កូ​វ៉ែត​។ តាំងតែ​ពី​មាន​ជម្លោះ​មក កូ​វ៉ែត ដើរតួនាទី​ជា​អ្នកស្វែងរក​ដំណោះស្រាយ​រវាង​កាតា និង​ប្រទេស​អារ៉ាប់​ផ្សេងទៀត​។ ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែ​ក្ស (GCC) ជា​អង្គការ​តំបន់​ដែលមាន​អា​រ៉ា​ប៊ី​សា​អូឌីត អេ​មី​រ៉ា​ត​អារ៉ាប់​រួម បា​រ៉ែ​ន កូ​វ៉ែត អូ​ម៉​ង់ និង​កាតា​៕
 
​បើទោះបីជា​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកាស​លុបចោល​បម្រាម​ធ្វើដំណើរ និង​ពាណិជ្ជកម្ម​ក្តី អេ​មី​រ៉ា​ត​អារ៉ាប់​រួម បា​រ៉ែ​ន និង​អេ​ហ្ស៊ី​ប​ពុំទាន់​បង្ហាញ​ពី​បំណង​ក្នុងការ​លុបចោល​បម្រាម​ទាំងនោះ​ភ្លាមៗ​ឡើយ​។ យ៉ាងណាក្តី មន្ត្រីការទូត​អាមេរិក រំពឹងទុក​ថា ប្រទេស​ទាំងនេះ នឹង​ដក​ចោល​បម្រាម​ទាំងនោះ​នាពេលខាងមុខ​។​
 
​ដើម្បី​ដោះស្រាយ​ជម្លោះ​រយៈពេល​ជាង​៣​ឆ្នាំនេះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានតែងតាំង​លោក​Jared Kushner ដែលជា​កូនប្រសារ និង​ទីប្រឹក្សា​សេត​វិមាន ឲ្យ​ទទួលបន្ទុក​ដោះស្រាយ​ជម្លោះ​ខាងលើ​។ កូ​វ៉ែត ដែល​គេ​ចាត់ទុកជា​ប្រ​ទស​អ​ព្យា​ក្រឹត្យ​ក្នុង​តំបន់ ក៏​ដើរតួនាទី​យ៉ាងសំខាន់​ដែរ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នេះ ដោយ​មហាក្សត្រ​កូ​វ៉ែត​ជា​អ្នកស្នើ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ទៅកាន់​កាតា និង​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​ប្រទេស GCC បាន​បង្កើន​ការប្រឹងប្រែង​ក្នុងការ​ផ្សះផ្សា​ជម្លោះ​របស់​ប្រទេស​ទាំងនោះ អោយ​អះអាងថា សាមគ្គីភាព​របស់​ក្រុម​ប្រទេស GCC ជាការ​ចាំបាច់  ដើម្បី​ទប់ទល់​ជាមួយ​អ៊ីរ៉ង់​ដែលជា​សត្រូវ​រួម​។ អាមេរិក​មាន​មូលដ្ឋានទ័ព Al Udeid ដ៏​ធំ​បំផុត​របស់ខ្លួន​នៅ​កាតា​ជាមួយ​ទាហាន​ជាង​១​ម៉ឺន​នាក់ ឯ​បា​រ៉ែ​ន​វិញ​ជា​មូលដ្ឋាន​នៃ​កង​នាវាចម្បាំង​ទី​៥ របស់​អាមេរិក ខណៈ​ប្រទេស​បួន​ផ្សេងទៀត​សុទ្ធសឹង​តែមាន​វត្តមាន​កងទ័ព​អាមេរិក​រាប់ពាន់នាក់​ដែរ​។​
 
​នៅ​ឆ្នាំ​២០១៧ អា​រ៉ា​ប៊ី​សា​អូឌីត អេ​មី​រ៉ា​ត​អារ៉ាប់​រួម បា​រ៉ែ​ន និង​អេ​ហ្ស៊ី​ប បាន​ផ្តាច់ទំនាក់ទំនង​ការទូត ពាណិជ្ជកម្ម បិទ​ព្រំដែន​ផ្លូវគោក ទឹក និង​ដែនអាកាស ក៏ដូចជា​បណ្តេញ​ពលរដ្ឋ​កាតា​ចេញពី​ប្រទេស​រៀងៗ​ខ្លួន ដោយ​ចោទ​កាតា​ពី​ការគាំទ្រ​អំពើ​ភេរវ​និយម និង​មាន​ទំនាក់ទំនង​ជិតស្និទ​ជ្រុល​ជាមួយ​អ៊ីរ៉ង់​។ កាតា ម្តង​ហើយ​ម្តងទៀត​បាន​ច្រានចោល​ការចោទប្រកាន់​ពី​ប្រទេស​ទាំងនោះ ដោយ​អះអាងថា គ្មាន​ហេតុផល​សមស្រប​ក្នុងការ​ផ្តាច់ទំនាក់ទំនង​ការទូត​ឡើយ​៕
 
 

Tag:
 កាតា​
 ​អា​រ៉ា​ប៊ី​សា​អូឌីត​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com