ជាតិ
​យុវជន​ម្នា​ក់នៅ​កោះសូទិន ជោគជ័យ​ក្នុងការ​ចិញ្ចឹម​ឃ្មុំ​ ប៉ុន្តែ​មិនទាន់​រកឃើញ​ទីផ្សារ​
05, Jan 2021 , 3:32 pm        
រូបភាព
លោក ធី សំណាង អ្នកចិញ្ចឹមឃ្មុំ ក្នុងខេត្តកំពង់ចាម (រូបភាពពីហ្វេសប៊ុកលោក ធី សំណាង)
លោក ធី សំណាង អ្នកចិញ្ចឹមឃ្មុំ ក្នុងខេត្តកំពង់ចាម (រូបភាពពីហ្វេសប៊ុកលោក ធី សំណាង)
ដោយ:
​លោក ធី សំណាង ចាប់ផ្ដើម​ចិញ្ចឹម​ឃ្មុំ នៅ​ដើមឆ្នាំ​២០១៩ ព្រោះតែ​សម្លឹង​ឃើញ​សក្តានុពល​ដើម​គ​ដែល​នៅ​តំបន់​ដែល​ខ្លួន​រស់នៅ គឺ​នៅ​ក្នុងភូមិ​ខ្ព​ប់ ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ មាន​វ័យ​២៥​ឆ្នាំ យុវជន​សំណាង បាន​គូសបញ្ជាក់ថា ដើម​គ​មាន​អំណោយផល​ក្នុងការ​ចិញ្ចឹម​ឃ្មុំ ព្រោះ​សត្វ​ឃ្មុំ នឹង​ក្រេប​យក​ទឹកដម​របស់​ផ្កាគ​ដើម្បី​ផលិត​ចេញ​ជា​ទឹកឃ្មុំ ដែល​ពលរដ្ឋ​ខ្មែរ​និយម​ប្រើប្រាស់​ជា​ផលិត​ថែរក្សា​សម្រស់ និង​ជា​ឱសថ​ផ្សេងៗ​។   
 
​នៅក្នុង​ឆ្នាំ​២០១៩ យុវជន ធី សំណាង បានចាប់ផ្តើម​ស្រាវជ្រាវ​របៀប​ចិញ្ចឹមសត្វ​ឃ្មុំ ពី​បណ្តាញ​យូ​ធូប​។ ក្រោយ​មានចំណេះដឹង​ខ្លះ​ពី​របៀប​ចិញ្ចឹម និង​ចិត្ត​ស្រឡាញ់​ការងារ​កសិកម្ម​ផង​នោះ យុវជន ដែលមាន​ទីលំនៅ​ក្នុងភូមិ​ខ្ព​ប់ ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ យុវជន​រូបនេះ បានសម្រេច​ចិត្ត​ទិញ​ឃ្មុំ​គេ​មួយ​ធុង ក្នុងតម្លៃ​១៧០​ដុល្លារ មក​ចិញ្ចឹម​សាកល្បង នៅក្នុង​ចម្ការ​គ​មួយកន្លែង​នៅ​ក្នុងភូមិ​របស់ខ្លួន​។  ការសាកល្បង​បាន​ជោគជ័យ យុវជន ធី សំណាង ដែល​បច្ចុប្បន្ន មា​នេះ​វ័យ​២៥​ឆ្នាំ ក៏បាន​បំបែកសំបុក​ឃ្មុំ ជា​បន្តបន្ទាប់ រហូត​បាន​១០​សំបុក​(​ធុង​) មកទល់នឹង​បច្ចុប្បន្ន​។ 


រូបពីហ្វេសប៊ុកលោក ធី សំណាង 

​អាច​ផលិត​បាន​ទឹកឃ្មុំ ចេញពី​ការសិក្សា​តាម​យូ​ធូប ប៉ុន្តែ​យុវជន​រូបនេះ ជួប​ប្រឈម​នឹង​ការពិបាក​ស្វែងរក​ទីផ្សារ​លក់ ដោយសារតែ​ខ្លួន​ទើបតែ​ចាប់ផ្តើម​ចិញ្ចឹម និង​មិនទាន់​បណ្តាញ​ជាមួយ​អ្នក​ចិញ្ចឹម​ឃ្មុំ​ដទៃទៀត​។ យុវជន ធី សំណាង ពន្យល់​យ៉ាង​ដូច្នេះ​៖«​ដោយសារ​ចិញ្ចឹម​ថ្មីៗ ពិបាក​រក​ទីផ្សារ​បន្តិច មិន​ដូច​អ្នក ចិញ្ចឹម​មុនៗ គេ​មាន​ទីផ្សារ​ស្រាប់ ពេល​ផលិត​ទឹកឃ្មុំ​បាន ក៏មាន​អ្នកទិញ​»​។​
 
​ទោះយ៉ាងណា​ក៏ដោយ យុវជន​វ័យ ២៥​ឆ្នាំ​រូបនេះ មិនមាន​ចិត្ត​ចង់​បោះបង់​ការចិញ្ចឹម​ដែល​ខ្លួន​ចេះ​នេះ​ដោយ​លំបាក​នោះទេ​។ ផ្ទុយទៅវិញ រូបគេ​មានតែ​គម្រោង​ពង្រីក​ការចិញ្ចឹម ហើយ​ថែមទាំង​មាន​គម្រោង​ដាំ​ដំណាំ​ផងដែរ​។  
 
​បើតាម យុវជន ធី សំណាង រដូវ​កាល​ប្រមូល​ផល​ទឹកឃ្មុំ ចាប់ផ្តើម​ពី​ពាក់កណ្ដាល​ខែធ្នូ រហូតដល់​ចុងខែ​មករា​។ ក្នុង​មួយរ​ដូ យុវជន ធី សំណាង អាច​ទទួលបាន​ទឹកឃ្មុំ ប្រមាណ ៦០​លីត្រ ជា​មធ្យម​ពី​ឃ្មុំ​ដែល​ខ្លួន​កំពុង​ចិញ្ចឹម​ចំនួន​១០​ធុង​។ ទឹកឃ្មុំ​មួយ​លីត្រ លោក សំណាង អាច​លក់បាន​ពី ៦​ម៉ឺន​រៀល ដល់​៨​ម៉ឺន​រៀល​៕


រូបពីហ្វេសប៊ុកលោក ធី សំណាង 

Tag:
 ចិញ្ចឹម​ឃ្មុំ​
 ​កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com