ពីនេះ ពីនោះ
សុខភាព
ឧស្សាហ៍​ញ៊ាំ ប៉ុន្តែ​តិច​អត់​ដឹង “​ដំឡូងបារាំង​” អាច​យកមកប្រើ​ថែរក្សា​សម្រស់​
06, Jan 2021 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​បានដឹង​រួចមកហើយ​អំពី​អត្ថប្រយោជន៍​នៃ​ដំឡូងបារាំង​ចំពោះ​សុខភាព​រាងកាយ​!​ប៉ុន្តែ​ក្រៅពី​អត្ថប្រយោជន៍​សុខភាព តើ​អ្នក​ធ្លាប់បាន​ចាប់អារម្មណ៍​ទេ​ថា​ទឹក​ដំឡូងបារាំង​ស្រស់​ក៏​អាច​ផ្ដល់​ផល​ល្អៗ​អស្ចារ្យ​ជាច្រើន​ចំពោះ​សុខភាព​សម្រស់​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ប្រើប្រាស់​ដំឡូងបារាំង​ថែរក្សា​សម្រស់ ៖
 
១. ទប់ស្កាត់​បញ្ហា​សក់​ជ្រុះ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ត្រូវ​កិន​ដំឡូងបារាំង​ជាមុនសិន​ដើម្បី​យក​ទឹក​។ បន្ទាប់មក​លាយ​ទឹក​ដំឡូងបារាំង​ស្រស់​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​ក្នុង​បរិមាណ​ស្មើគ្នា​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ទឹក​ល្បាយ​លើ​ស្បែកក្បាល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ កុំ​ភ្លេច​ប្រើ​ក្រាស់​សិតសក់​ដើម្បីឱ្យ​ទឹក​ល្បាយ​ចូល​សព្វ​ពេញ​សក់​។ រងចាំ​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
២. កម្ចាត់​ស្នាម​មុន​និង​ស្នាម​អ៊ុច​ខ្មៅ​
 
​អ្វីដែល​អ្នកត្រូវការ គឺ​ទឹក​ដំឡូងបារាំង ១ ស្លាបព្រា​បាយ និង​ទឹក​ប៉េងប៉ោះ​ស្រស់ ១ ស្លាបព្រា​បាយ​។ ហើយ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹក​ដំឡូងបារាំង​ស្រស់ និង​ទឹក​ប៉េងប៉ោះ​ស្រស់​ចូលគ្នា​។ កូរ​ឱ្យ​សព្វ សឹម​លាបទឹក​ល្បាយ​នេះ​លើ​ស្នាម​មុន និង​ស្នាម​អ៊ុច​ខ្មៅ​លើ​ផ្ទៃមុខ​របស់​អ្នក​។ ទុកចោល​សម្រាប់​រយៈពេល​ប្រមាណ​ពី ៤០ ទៅ ៤៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់ ឬ​ទុកចោល​ពេញ​មួយ​យប់ សឹម​លាង​សម្អាត​ចេញ​នៅ​ព្រឹក​បន្ទាប់​ក៏បាន​។ អ្នក​អាចអនុវត្ត​រូបមន្ត​នេះ​រាល់ថ្ងៃ រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​
 
៣. ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​និង​ធ្វើឱ្យ​ស្បែ​កមុខ​ស​
 
​អ្វីដែល​អ្នកត្រូវការ គឺ​ដំឡូងបារាំង ១ មើម​តូច​, ការ៉ុត ១ មើម​តូច និង​ម្ស៉ៅ​រមៀត ១ ចិ​ប​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ស្ងោរ​ដំឡូងបារាំង និង​ការ៉ុត​ក្នុង​ទឹក​ធម្មតា​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​រហូតដល់​ទន់​។ ទុកឱ្យ​ចុះ​ត្រជាក់ សឹម​ហាន់​ជា​ដុំ​តូចៗ រួច​ចាប់ផ្ដើម​កិន​រហូតដល់​ក្លាយជា​ល្បាយ​ម៉ដ្ឋ​ខាប់ៗ ហើយ​បន្ថែម​ម្ស៉ៅ​រមៀត​ចូល និង​កូរ​ឱ្យ​សព្វ​។ លាប​ល្បាយ​នេះ​លើ​ផ្ទៃមុខ និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
៣. កម្ចាត់​ស្នាម​ខ្មៅ​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​
 
​អ្វីដែល​អ្នកត្រូវការ គឺ​ទឹក​ដំឡូងបារាំង​ស្រស់​ចំនួន ២ ស្លាបព្រា​កាហ្វេ និង​ទឹក​ត្រសក់​ស្រស់​ចំនួន ២ ស្លាបព្រា​កាហ្វេ​។ លាយ​ទឹក​ដំឡូងបារាំង និង​ទឹក​ត្រសក់​ចូលគ្នា​ឱ្យ​សព្វ សឹម​លាបទឹក​ល្បាយ​ក្រោម​ភ្នែក​មុនពេល​ចូល​គេង​យប់​។ លាង​សម្អាត​ចេញ​នៅ​ព្រឹក​បន្ទាប់​ជាមួយ​ទឹក​ត្រជាក់​។​
 
៤. ព្យាបាល​សក់​ខូច​
 
​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់ ២ ស្លាបព្រា​បាយ ជាមួយ​ទឹក​ដំឡូងបារាំង​ស្រស់ ៣ ស្លាបព្រា​បាយ និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ​ល្អ សឹម​លាប​ម៉ាស្សា​លើ​ស្បែកក្បាល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី បន្ទាប់មក​កុំ​ភ្លេច​សិតសក់​រហូតដល់​ចុង​។ រងចាំ​សម្រាប់​រយៈពេល ១ ម៉ោង ឬ​ច្រើនជាង​នេះ​អាស្រ័យ​លើ​ថា​តើ​សក់​របស់​អ្នក​ខូច​កម្រិតណា សឹម​លាង​សម្អាត​ចេញ​។​
 
៥. បំបាត់​បញ្ហា​ក្លៀក​ខ្មៅ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាបទឹក​ដំឡូងបារាំង​ស្រស់​ត្រង់​ក្លៀក រួច​ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​និង​ជូត​ផ្ដិតៗ​ឱ្យ​ស្ងួត​ជាការ​ស្រេច​។​
 
​របៀប​ធ្វើ​ទឹក​ដំឡូងបារាំង​ស្រស់ ៖ ដំបូង​ត្រូវ​លាង​សម្អាត​ដំឡូងបារាំង​ឱ្យ​ស្អាត​ជាមុនសិន រួច​សឹម​ចិត​សំបក​ចេញ ហើយ​កោស ឬ​ឈូ​សយ​កសាច់​ដំឡូងបារាំង​។ បន្ទាប់មក​យក​សាច់​ដំឡូងបារាំង​ដាក់​ក្នុង​ក្រណាត់​ស្បៃ​ស្អាត​មួយ ហើយ​ចាប់ផ្ដើម​ច្របាច់​យក​ទឹក​ដំឡូង​។ ឬក៏​អ្នក​អាច​ហាន់​ដំឡូង​ជា​ដុំៗ រួច​ដាក់​ចូលក្នុង​ម៉ាស៊ីន​កិន ឬ​កៀន​យក​ទឹក​ផ្លែឈើ ហើយ​សឹម​ត្រង​យកតែ​ទឹក​នៃ​ដំឡូងបារាំង​កុំឱ្យ​ដោយ​កាក​ជាការ​ស្រេច​។ អ្នក​អាច​រក្សាទុក​ទឹក​ដំឡូងបារាំង​ក្នុង​ទូរ​ទឹកកក​ដើម្បី​ប្រើប្រាស់​បាន​ដល់​ទៅ ២ ថ្ងៃ ប្រសិនបើ​ចាក់​វា​ក្នុង​ក្រឡ​កែវ​មាន​គំរប​បិទ​ជិត​មួយ​។​
 
​ចំណាំ ៖ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣​ដង​ក្នុង​មួ​យស​ប្តា​ហ៌ ទើប​ដំឡូងបារាំង​អាចជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ​ធ្វើឱ្យ​ស្បែក​កាន់​តែមាន​ពន្លឺ​និង​ស្រស់ថ្លា​បាន​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com