ជាតិ
សង្គមជាតិ
អភិបាលខេត្ត​សៀមរាប ប្រាប់​ពលរដ្ឋ ឲ្យ​រើ​សំណង់​ចេញពី​ចំណីផ្លូវ​លេខ​៦​និង​ផ្លូវ​លេខ​២៦៧
06, Jan 2021 , 4:29 pm        
រូបភាព
ទិដ្ឋភាព​​អ្នកជំនាញ​​​បានបាញ់​​ទឹក​លាងសម្អាត និងស្តារប្រព័ន្ធបង្ហូរ​ទឹកកខ្វក់​តាម​បណ្តោយ​ផ្លូវ​​ជាតិលេខ៦ ខេត្តសៀមរាប រូបភាពពីក្រសួងសាធារណការ និង​ដឹកជញ្ជូន
ទិដ្ឋភាព​​អ្នកជំនាញ​​​បានបាញ់​​ទឹក​លាងសម្អាត និងស្តារប្រព័ន្ធបង្ហូរ​ទឹកកខ្វក់​តាម​បណ្តោយ​ផ្លូវ​​ជាតិលេខ៦ ខេត្តសៀមរាប រូបភាពពីក្រសួងសាធារណការ និង​ដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បានចេញ​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​៤ ខែមករា ឲ្យ​ពលរដ្ឋ ដែលមាន​លំនៅដ្ឋាន និង​មាន​អាជីវកម្ម នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវ​លេខ​២៦៧ នៅ​ខេត្តសៀមរាប រួសរាន់​រុះរើ​សំណង់ សម្ភារ និង ទ្រព្យសម្បត្តិ​ផ្សេងៗ ចេញពី​ចំណីផ្លូវ​ទាំង​២​ខ្សែ​នេះ ក្នុង​រយៈពេល​១៥​ថ្ងៃជា​កំហិត ពីព្រោះ​ផ្លូវ​ទាំង​២​ខ្សែ​នេះ នឹងត្រូវ​ជួសជុល និង​កែលម្អ​ឡើងវិញ​។​
 
​លោក ទៀ សីហា បាន​ប្រាប់​ដល់​ពលរដ្ឋ​ដែលមាន​ទីលំនៅ និង​មាន​អាជីវកម្ម​នៅ​អម​សងខាង​ផ្លូវ​ស៊ី​សុវត្ថា ផ្លូវជាតិ​លេខ​៦ ចំណុច​ស្តុ​ប​សណ្ឋាគារ​សុខា​អង្គរ ដល់​រង្វង់​មូល​នាគ​បាញ់​ទឹក និង​ផ្លូវ​លេខ​២៦៧​ចាប់ពី​ចំណុច​ផ្លូវ​វាង​ក្រុង ដល់​ស្ថានីយ​បូម​វត្ត​ចក នៅ​ខេត្តសៀមរាប ដែល​ត្រូវបាន​អាជ្ញាធរ​ចុះ​វាស់វែង​កន្លងមក គឺ​ត្រូវ​រុះរើ​សំណង់ សម្ភារ និង ទ្រព្យសម្បត្តិ​ផ្សេងៗ ដែល​នៅលើ​ចំណីផ្លូវ​ទាំង​២​ខ្សែ​នេះ ដើម្បី​ឲ្យ​ការ​ឲ្យ​ជួសជុល និង​កែលម្អ​ផ្លូវ​ប្រព្រឹត្ត​ទៅដោយ​រលូន​។ 
 
«​កន្លងមក​ខ្សែ​ផ្លូវ​ទាំង​២​នេះ ក្រុមការងារ​ជំនាញ សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​វាស់វែង​តាម​ការសម្រេច​នៃ​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ (LMAP) ដែល​បាន​ចុះបញ្ជី​ដីធ្លី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រួចហើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ទៀ សីហា​ហើយ​លោក បាន​ព្រមាន​ថា ក្នុងករណី​ពលរដ្ឋ​មិន​អនុវត្តតាម​ទេ រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​រុះរើ​តាម​នី​តី​វិធី និង​ច្បាប់​ជា​ធរមាន ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត និង​បាត់បង់​ទ្រព្យសម្បត្តិ​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​ឡើយ​។ 
 
​សេចក្តីជូនដំណឹង​រប​ស់លោ​កលោក ទៀ សីហា បាន​ឲ្យ​ដឹងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​គម្រោង​ជួសជុល និង​កែលម្អ​ផ្លូវ​ស៊ីវ​ត្ថា និង​ផ្លូវ​លេខ​២៦៧​ចាប់ពី​ចំណុច​ផ្លូវ​វាង​ក្រុង ដល់​ស្ថានីយ​បូម​វត្ត​ចក ក្រោម​ជំនួយ​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៅ​ថ្ងៃ​ខាងមុខ​។  
 
​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូចធំ​ចំនួន​៣៨​ខ្សែ ដែល​ស្ថិតនៅ​ទី​រួម​ខេត្តសៀមរាប កំពុងតែ​ត្រូវបាន​កសាង​ឡើងជា​បណ្តើ​រៗ​ហើយ ដោយ​គ្រោង​ចំណាយ​ថវិកាជាតិ​ចំនួន​១៥០​លាន​ដុល្លារ​៕ 
 
 
 

Tag:
 ​ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com