ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​អាហារ និង​រូបមន្ត​បែប​ធម្មជាតិ​អ្វីខ្លះ​អាចជួយ​ព្យាបាល​អាកា​រៈ “​ក្អក​ស្ងួត​” ឆាប់រហ័ស​?
07, Jan 2021 , 8:59 pm        
រូបភាព
​អាកា​រៈ​ក្អក​ជា​បញ្ហា​គួរឱ្យ​រំខាន​មួយ​និង​មិន​ងាយ​បាត់​ទៅវិញ​ដោយ​ឯកឯង​លឿន​ប៉ុន្មាន​ឡើយ​។ ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា អាហារ​មួយចំនួន​អាចជួយ​ព​ន្លឿ​នភា​ព​ជះ​សះស្បើយ​នៃ​បញ្ហា​ក្អក​ស្ងួត​។ ហើយ​ក្រៅពី​ថ្នាំពេទ្យ​ក៏​នៅមាន​ឱសថ​បែប​ធម្មជាតិ​មួយចំនួន​អាចជួយ​ព្យាបាល​អាកា​រៈ​ក្អក​និង​បំបាត់​អាកា​រៈ​រមាស់​ក្នុង​បំពង់​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ថា​តើ​ឱសថ​ធម្មជាតិ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន និង​រូបមន្ត​បែប​ធម្មជាតិ​ដើម្បី​ព្យាបាល​អាកា​រៈ​ក្អក​ស្ងួត ៖
 
១. ឪឡឹក​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ដែល​ប្រសើរ​សម្រាប់​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​និង​រមាស់​បំពង់ក​។ ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​ច្រើន​លើស​កម្រិត​ពេក​ដែរ​។​
 
២. បឺ​រី​
 
​ក៏មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​ដូច​ផ្លែ​ឪឡឹក​ដែរ​។ នេះ​មានន័យថា​ការទទួល​ទាន​ផ្លែ​បឺ​រី​ជាប្រចាំ​អាចជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ ហើយ​សម្រាល​អាកា​រៈ​ក្អក​ស្ងួត​បាន​យ៉ាង​ប្រសើរ​។ លើសពីនេះទៅទៀត​បឺ​រី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​
 
៣. ក្រូច​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ហើយ​នោះ ការទទួល​ទាន​ក្រូច​ក៏​ប្រសើរ​ដើម្បី​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​ឆាប់រហ័ស​ផងដែរ​។ អ្នក​អាច​ទទួលទាន​ទឹកក្រូច​ច្របាច់​ស្រស់​ដោយ​មិន​បន្ថែម​ស្ករ ឬ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ម្ខាង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួម​បន្ថែម​ទឹកឃ្មុំ ១ ឬ ២ ស្លាបព្រា​ចូល​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហៗ​។​
 
៤. ល្ហុង​ទុំ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta-carotene វីតាមីន C និង​វីតាមីន E ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ទប់ស្កាត់​ការ​រលាក​និង​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​។​
 
៥. ផ្លែ​ប៉ោម​
 
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការទទួល​ទាន​ផ្លែ​ប៉ោម ១ ឬ ២ ផ្លែ​ក្នុង​មួយថ្ងៃ​អាចជួយ​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​? មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ផងដែរ​។​
 
៦. ផ្កា​ខាត់ណា​ខៀវ​
 
​បន្លែ​ដែល​ប្រសើរ​បំផុត​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​បំបាត់​អាកា​រៈ​ក្អក​ស្ងួត គឺ​ផ្កា​ខាត់ណា​ខៀវ​។ នេះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​។​
 
៧. ទឹកឃ្មុំ​
 
​ជា​រូបមន្ត​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ព្យាបាល​អាកា​រៈ​ក្អក​ស្ងួត​! អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹកឃ្មុំ​ឆៅ ១ ស្លាបព្រា​បាយ​ឱ្យបាន ៣ ដង​ក្នុង​មួយថ្ងៃ​។ ឬក៏​អ្នក​អាច​លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ក៏មាន​ឥទ្ធិពល​ប្រសើរ​ដូចគ្នា​!
 
៨. ស៊ុប​មាន់​
 
​ការទទួល​ទាន​ស៊ុប​មាន់​នៅពេល​ក្អក​ស្ងួត គឺ​ល្អ​ណាស់​ដើម្បី​បំបាត់​អាកា​រៈ​នេះ​ឆាប់រហ័ស​។ ស៊ុប​មាន់​ជួយ​បំពេញ​សារធាតុ​រាវ​បន្ថែម​ដល់​រាងកាយ ហើយក៏​ផ្ដល់នូវ​ប្រូតេអ៊ីន​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ទប់​ទល់នឹង​មេរោគ​ឆ្លង​ផងដែរ​។​
 
​រូបមន្ត​ព្យាបាល​តាមបែប​ធម្មជាតិ​
 
១. ទឹកឃ្មុំ​
 
​ជា​រូបមន្ត​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ព្យាបាល​អាកា​រៈ​ក្អក​ស្ងួត​! អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹកឃ្មុំ​ឆៅ ១ ស្លាបព្រា​បាយ​ឱ្យបាន ៣ ដង​ក្នុង​មួយថ្ងៃ​។ ឬក៏​អ្នក​អាច​លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ក៏មាន​ឥទ្ធិពល​ប្រសើរ​ដូចគ្នា​!
 
២. ក្រូចឆ្មារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ម្ខាង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួម​បន្ថែម​ទឹកឃ្មុំ ១ ឬ ២ ស្លាបព្រា​ចូល​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហៗ​។​
 
៣. ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​
 
​រូបមន្ត​ធម្មជាតិ​ងាយៗ​មួយទៀត​ដើម្បី​ទប់ទល់​ជាមួយ​អាកា​រៈ​ក្អក គឺ​ការ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​។ ទឹកអំបិល​ជួយ​កាត់បន្ថយ​ការ​រលាក​និង​ហើម​ក្នុង​បំពង់ក ដូច្នេះ​អ្នកនឹង​មាន​អារម្មណ៍​ធូរស្បើយ​ពី​អាកា​រៈ​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។​
 
៤. តែ​ខ្ញី​
 
​តែ​ខ្ញី​អាចជួយ​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​បាន​យ៉ាង​ប្រសើរ​តាមរយៈ​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​វា​មាន​ផ្ទុក​។ ខ្ញី​ក៏មាន​ឥទ្ធិពល​កាត់បន្ថយ​ការឈឺចាប់​និង​ចង្អោរ​ចង់​ក្អួត​ផងដែរ​។ លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក​នៃ​ខ្ញី​អាចជួយ​ធ្វើឱ្យ​ផ្លូវដង្ហើម​មាន​ភាព​ធូរស្រាល​ដែល​បំបាត់​ការ​ក្អក​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ខ្ញី​ក្ដៅ​ឧណ្ហៗ ១ ពែង​ហើយ​ទទួលទាន​។​
 
​សម្គាល់​៖ ប្រសិនបើ​អាកា​រៈ​ក្អក​ស្ងួត​មិន​ព្រម​បាត់​ទៅវិញ​សោះ ឬ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ត្រឹម​រយៈពេល​ប៉ុន្មាន​ថ្ងៃ ហើយ​អម​មកជា​មួយ​នូវ​រោគសញ្ញា​ផ្សេងទៀត​រួមមាន​ក្ដៅខ្លួន​ជាដើម ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com