នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី៧ ខែមករា បានប្រកាសដាក់ទីក្រុងតូក្យូ, ខេត្តSaitama, ខេត្ត Chiba និងខេត្ត Kanagawa ដាក់ក្នុងស្ថានភាពអាសន្ន ជាលើកទី២ បន្ទាប់ពីមានករណីឆ្លងកូវីដ-១៩ ហក់ឡើងខ្លាំង។ ចំណាត់ការនេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី៨ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ។
ករណីឆ្លងកូវីដ-១៩ នៅជប៉ុន បានហក់ឡើងយ៉ាងខ្លាំងមួយរយៈចុងក្រោយ។ នៅថ្ងៃទី៧ ខែមករា ករណីឆ្លងនៅក្នុងទីក្រុងតូក្យូ មានចំនួន ២៤៤៧ ករណីឯណោះ។ ចំណែកនៅថ្ងៃទី៦ ខែមករា ជប៉ុនមានករណីឆ្លងនៅទូទាំងប្រទេសចំនួន ៤៣៥៧ ករណី។
ដើម្បីទប់ស្កាត់ករណីឆ្លង ដែលនៅតែបន្តហក់ឡើងបែបនេះ រដ្ឋាភិបាលជប៉ុន បានប្រកាសដាក់ទីក្រុងតូក្យូ, ខេត្តSaitama, ខេត្ត Chiba និងខេត្ត Kanagawa នៅក្នុងស្ថានភាពអាសន្ន។ នេះជាការប្រកាសដាក់តំបន់ក្នុងស្ថានភាពអាសន្នជាលើកទី២ ហើយនៅជប៉ុន។ លោក ស៊ូហ្កា យូស៊ីហ៊ីដេ ជាអ្នកប្រកាសដំណឹងនេះដោយផ្ទាល់។
វិធានការដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី៨ ខែមករា ដល់ខែកុម្ភៈនេះ នឹងស្នើឲ្យប្រជាជនស្នាក់នៅផ្ទះ និងកាត់បន្ថយការទិញទំនិញនៅហាងផ្សេងៗ ឯភោជនីយដ្ឋាន បារ ត្រូវឈប់លក់ស្រា ត្រឹមម៉ោង៧យប់ និងបិទហាងនៅត្រឹមម៉ោង៨យប់។ ចំណែកកន្លែងហាត់ប្រាណ កន្លែងលក់ទំនិញ កន្លែងកម្សាន្តផ្សេងទៀត នឹងត្រូវបើកតិចម៉ោងជាងមុន។
បន្ថែមពីលើនេះ បុគ្គលិកក្រុមហ៊ុន ត្រូវបានលើកទឹកចិត្តឲ្យមកធ្វើការនៅផ្ទះ ដើម្បីកាត់បន្ថយបុគ្គលិកពីការិយាល័យឲ្យបាន ៧០ភាគរយ។ ចំណែកព្រឹត្តិការណ៍ផ្សេងៗ ត្រូវកាត់បន្ថយមនុស្សចូលរួមចំនួន ៥០ភាគរយ។ ខុសពីប្រទេសដទៃ ជប៉ុន មិនដាក់ពិន័យដល់ បុគ្គលដែលបំពាននឹងបញ្ញត្តិក្នុងពេលប្រកាសស្ថានភាពអាសន្នឡើយ។ ចំណែកការប្រលងចូលសកលវិទ្យាល័យ ត្រូវធ្វើឡើងដូចតាមការកំណត់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។
ទន្ទឹមនេះ ជប៉ុន ក៏បានចេញប្រាក់សំណង ដល់ហាងមួយចំនួន ដែលសហការជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយម៉ោងលក់ដូរទំនិញ និងអាហារផងដែរ។ សំណងទាំងនោះមានចាប់ពី ៣៩០ដុល្លារ ដល់ ៥៧៩ដុល្លារ ក្នុងមួយថ្ងៃ។
ការដាក់តំបន់ក្នុងស្ថានភាពអាសន្ននេះ ត្រូវបានរដ្ឋាភិបាលអះអាងថា ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យ ដែលកំពុងមានអ្នកជំងឺកូវីដ-១៩ ជាច្រើននាក់។ ម្យ៉ាងវិធានការនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការរាតត្បាតនៃកូវីដ-១៩ នៅក្នុងតំបន់ទាំងនោះផង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែមករា ជប៉ុនមានករណីឆ្លងសរុបចំនួន ២៥២៣១៧ករណី និងអ្នកស្លាប់មានចំនួន ៣៧១៩នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២០៧០៣៩នាក់៕