COVID-19
ជាតិ
រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ហាម​អាជីវករ​ខ្មែរ​ចូល​ផ្សារ​រោង​ក្លឿ​ថៃ​បណ្តោះអាសន្ន​
07, Jan 2021 , 5:34 pm        
រូបភាព
ទិដ្ឋភាពនៅច្រកប៉ោយប៉ែត កាលពីឆ្នាំ២០២១៦
ទិដ្ឋភាពនៅច្រកប៉ោយប៉ែត កាលពីឆ្នាំ២០២១៦
លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសថា រដ្ឋបាល​របស់លោក បាន​ផ្អាក​ការអនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ ដឹកទំនិញ​ចេញចូល​ក្នុង​ផ្សារ​រោង​ក្លឿ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១​។ ការផ្អាក​នេះ គឺ​បន្ទាប់ពី​ឃើញ​ថៃ ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ កាន់តែខ្លាំង​។


​លោក គាត ហ៊ុល អះអាង​ក្នុង​សេចក្តីជូនដំណឹង​របស់​លោក ដែល​ចេញ​នៅ​ថ្ងៃទី​៦ ខែមករា​ម្សិលមិញ​ថា រដ្ឋាភិបាល​ថៃ ក៏​នឹង​ផ្អាក​ការអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូល​ដឹកទំនិញ​ក្នុង​ផ្សារ​រោង​ក្លឿ​ដែរ ចាប់ពី​ថ្ងៃទី​១០ ខែមករា​ទៅ​។ ជាមួយគ្នានេះ លោក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​ថៃ​និង​ក្នុង​ផ្សារ​រោង​ក្លឿ ឲ្យ​ចូលរួម​អនុវត្ត​វិធានការ​របស់​រដ្ឋាភិបាល​ថៃ ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ 
 
​ប្រទេស​ថៃ ដែល​បាន​ស្រាកស្រាន្ត​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​នោះ បានចាប់ផ្តើម​ផ្ទុះ​ជំងឺ​នេះ​ឡើងវិញ ក្នុងពេល​ថ្មីៗ​នេះ ដោយ​ការផ្ទុះ​នេះ គឺ​ផ្តើមចេញពី​ខេត្ត សាមុត សា​ខន​។ គិត​ត្រឹម​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ ថៃ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាង​៩,៦​នាក់​ហើយ ដោយ​ក្នុងនោះ ស្លាប់​៦៨​នាក់ និង​បានជា​សះស្បើយ​វិញ​ជាង​៤,៥​ពាន់​នាក់​។  
 
​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ថៃ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី ៧ មករា ឆ្នាំ​២០២១​នេះ​ដដែល អាជ្ញាធរ បាន​រកឃើញ​ពលករ​ខ្មែរ​១០៨​នាក់ ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ 
 
​ចំណែក ពលករ​ខ្មែរ មកពី​ថៃ ត្រូវបាន​ក្រសួងសុខាភិបាល​កម្ពុជា រកឃើញ​២០​នាក់​ហើយ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ចំនួន​សរុប​នៃ​ឆ្លង​ជំងឺ​នេះ​នៅ​កម្ពុជា ឡើងដល់​៣៨៥​នាក់ ដោយ​គិត​ត្រឹម​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ តែ​បានជា​សះស្បើយ​វិញ​៣៦២​នាក់​។ 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា អំពាវនាវ​ឲ្យ​ពលករ​កម្ពុជា ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ថៃ ជឿជាក់​លើ​សមត្ថភាពរ​ដ្ឋា​ភិ​បាល​ថៃ លើ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ហើយ​កុំ​ទាន់​អាល​ចាកចេញ​ពី​ថៃ វិល​មក​ស្រុក​វិញ​ក្នុងដំណាក់កាល​នេះ ដើម្បី​ជៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ដល់​ខ្លួនឯង និង​ដើម្បី​ជៀសវាង​ការនាំ​ជំងឺ​នេះ​ចូលមក​កម្ពុជា​៕ 
 
 

Tag:
 COVID-19
  ផ្អាក​ចូល​ផ្សារ​រោង​ក្លឿ​
© រក្សាសិទ្ធិដោយ thmeythmey.com