ជាតិ
សេដ្ឋកិច្ច
កម្ពុជា នាំចេញ​ម្ទេស ក្រូចឆ្មារ និង​ក្រូចថ្លុង ទៅ​ថៃ ជាង​៧៣​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០
08, Jan 2021 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ ពេញ​មួយឆ្នាំ​២០២០​នៃ​វិបត្តិ​កូ​វីដ​-១៩ កម្ពុជា​នាំចេញ​ម្ទេស ក្រូចឆ្មារ និង​ក្រូចថ្លុង ទៅ​ទីផ្សារ​ក្នុងប្រទេស​ថៃ បាន​៩២,១២៦​តោន ស្មើនឹង​ទំហំ​ទឹកប្រាក់​ជាង​៧៣​លាន​ដុល្លារ​អាមេរិក​។ បើតាម​របាយការណ៍​នាំចេញ​ប្រចាំ​២០២០ ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​ពី​លោក កែ មុ​ន្ធី​វុ​ធ នាយកដ្ឋាន​ការពារ​ដំណាំ​អនាម័យ  និង​ភូតគាម​អនាម័យ ។​
 
​របាយការណ៍​ដដែល បាន​បង្ហាញថា ក្នុងចំណោម​បរិមាណ​នាំចេញ​ខាងលើ គឺមាន​ម្ទេស ៧០,៥៤៦​តោន ស្មើនឹង​ទឹកប្រាក់​ជាង​៤៤​លាន​ដុល្លារ​។ ចំនួន​នេះ បាន​កើន​ជាង​២៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។​
 
​ដោយឡែក ការនាំចេញ​ក្រូចឆ្មារ​វិញ កម្ពុជា​សម្រេចបាន​២,៣០០​តោន មានតម្លៃ​ជាង​២​លាន​ដុល្លារ និង​ក្រូចថ្លុង​បាន​១៧,៤០០​តោន មានតម្លៃ​ជាង​២៦​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍ ដែល​បាន​បញ្ជាក់ថា ការនាំចេញ​ក្រូចឆ្មារ និង​ក្រូចថ្លុង​របស់​កម្ពុជា​នេះ គឺជា​ការសម្រេច​បានជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០២០​។ 
 
​សម្រាប់​ឆ្នាំ​២០២០​កន្លងមកនេះ ក្រៅ​មុខ​ពី​ដំណាំ​កសិកម្ម​ខាងលើនេះ កម្ពុជា​ក៏​សម្រេចបាន​នូវ​នាំចេញ​គ្រាប់ស្វាយចន្ទី​, គ្រាប់ពោត​, ផ្លែ​ចេក​, ផ្លែស្វាយ ម្រេច​, ល្ង​, សណ្តែកបាយ និង​គ្រាប់​ឈូក បាន​សរុប​ជិត​៧៧,៧​ម៉ឺន​តោន​ផងដែរ​។ នេះ​បើតាម​ទិន្នន័យ​របស់​គ្រឹះ​ភូតគាម​អនាម័យ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com