កីឡាជាតិ
ជាតិ
សុខ លឹម​ហេង គ្រង​ជើងឯក​អុកចត្រង្គ​ថ្នាក់ជាតិ​ឆ្នាំ​២០២០ ក្រោយ​យកឈ្នះ ឈាវ បូរ៉ា ជា​លើក​ទី​២
08, Jan 2021 , 5:04 pm        
រូបភាព
កីឡាករ សុខ លឹមហេង (ឆ្វេង)ទទួលពានលេខ១ពីលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា, រូបពី Cambodia SEA Games 2023
កីឡាករ សុខ លឹមហេង (ឆ្វេង)ទទួលពានលេខ១ពីលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា, រូបពី Cambodia SEA Games 2023
ដោយ:
​កីឡាករ សុខ លឹម​ហេង គ្រង​ជើងឯក​ក្នុងការ​ប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ក្រោយ​យកឈ្នះ​កីឡាករ ឈាវ បូរ៉ា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​។ ជាមួយគ្នានេះ សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ក៏បាន​រក​កីឡាករ​ជម្រើសជាតិ​ចំនួន​៦​រូប សម្រាប់​ត្រៀម​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ឆ្នាំ​២០២១ ផងដែរ​។​
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិត​ស្វាយ​ចំនួន​៣​ថ្ងៃ ការប្រកួត​កីឡាករ​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ បានរ​កជើង​ម្ចាស់​ជ័យលាភី​ហើយ​។ ក្នុងនោះ​កីឡាករ សុខ លឹម​ហេង ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្រោយ​យកឈ្នះ​ស្តេច​អុកចត្រង្គ ឈាវ បូរ៉ា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ចំណែក​កីឡាករ យ៉ាន សុខ​លាង ទទួលបាន​លេខ​៣​ក្រោយ​យកឈ្នះ ទេស សា​រ៉ា​ឌី​។​
 
​នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​កីឡាករ សុខ លឹម​ហេង បានផ្តល់​ការខកចិត្ត​ដល់​ស្តេច​អុកចត្រង្គ ឈាវ បូរ៉ា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ពោលគឺ រូបគេ ធ្លាប់​យកឈ្នះ​កីឡាករ ឈាវ បូរ៉ា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ការប្រកួត​ដណ្តើម​តំណែង​ស្តេច​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កាលពី​ឆ្នាំ​២០១៨​។ 
 
​លោក ទុយ ប៊ុន​ហឿន អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​របស់​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ថា ជា​ចំណែក​មួយ​ក្នុងការ​អភិវឌ្ឍ​ធនធាន​ដើម្បី​ឈានឆ្ពោះ​ទៅធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ជាពិសេស វា​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​ផ្សព្វផ្សាយ និង​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា​ប្រ​វប្បធម៌​ប្រពៃណី​នេះ ឲ្យ​កាន់តែច្រើន​។ 
 
​លោក អះអាងថា អុកចត្រង្គ​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​កីឡា​សក្តានុពល​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ជូន​ជាតិ​មាតុភូមិ​។ បើតាម​លោក ប៊ុន​ហឿន CAMSOC បានកំណត់​កីឡា​ជា​៣​ប្រភេត​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា ក្នុងនោះ​កីឡា​មាន​សក្តានុពល​ខ្ពស់ និង​ប្រជាប្រិយ​មាន​១៧​ប្រភេទ កីឡា​មាន​សក្តានុពល​មធ្យម​១៥​ប្រភេទ និង​កីឡា​ត្រៀម​ដាក់​ប​ញ្ជូ​ល​មាន​១៣​ប្រភេទ​។  
 
​គោលបំណង នៃ​ការរៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ គឺធ្វើឡើង​ដើម្បី​ស្វែងរក​កីឡាករ​ជើង​ខ្លាំង សម្រាប់​ត្រៀម​ប្រមូល​ផ្តុ​ហ្វឹកហាត់​ប្រចាំឆ្នាំ​២០២១​។ បើតាម​លោក ក្រួច ច​ន្ធា​រិ​ទ្ធ អគ្គ​លេខ​ធិ​ការរង​នៃ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា សហព័ន្ធ​សម្រេច​ជ្រើស​រើសយក​កីឡាករ​ចំនួន​៦​រូប​(​ពី​លេខ​១​ដល់​លេខ​៦) ដើម្បី​ស្នើសុំ​គោលការណ៍​ប្រមូលផ្តុំ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
 
​ការរួមចំណែក​អភិរក្ស និង​អភិវឌ្ឍន៍​កីឡា​វប្បធម៌ ប្រពៃណី និង​អត្តសញ្ញាណ​ជាតិ និង​ការអភិវឌ្ឍន៍​ធនធាន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ការរៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះដែរ​។ 
 
​បើតាម​របាយការណ៍រ​បស់​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ មាន​កីឡាករ​ចំនួន​៦៤​នាក់​មកពី​១៧​ក្លិប​សមាគម​ចូលរួម​។ ការប្រកួត​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៥-៧ ខែមករា ឆ្នាំ​២០២១​នៅ​ក្លិប​សេះ​ខៀវ រាជធានី​ភ្នំពេញ​។ ការប្រកួត​លើក​ទី​៣​នេះ ទទួលបាន​ថវិកា​គាំទ្រ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​៕
 

Tag:
 អុកចត្រង្គ​
  ឈាវ បូរ៉ា​
  សុខ លឹម​ហេង
© រក្សាសិទ្ធិដោយ thmeythmey.com