អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីរ៉ង់ គំរាមបណ្តេញមន្ត្រីត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់UN បើអាមេរិកមិនលុបចោលទណ្ឌកម្ម
10, Jan 2021 , 8:59 pm        
រូបភាព
អាគារទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិIAEA។ រូបភាព៖AFP
អាគារទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិIAEA។ រូបភាព៖AFP
 
អ៊ីរ៉ង់ នឹងបណ្តេញមន្ត្រីត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិចេញពីប្រទសខ្លួន បើសិនជាអាមេរិកមិនលុបចោលទណ្ឌកម្មត្រឹមថ្ងៃទី២១ កុម្ភៈនោះទេ។ អ៊ីរ៉ង់ រងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកជាថ្មី កាលពីឆ្នាំ២០១៨ ក្រោយលោកប្រធានាធិបតីដូណាល់ ត្រាំដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។


សភាអ៊ីរ៉ង់ បានអនុម័តច្បាប់ ដែលតម្រូវឲ្យរដ្ឋាភិបាលផ្អាកការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរ ដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) របស់អង្គការសហប្រជាជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ច្បាប់នេះ ក៏តម្រូវឲ្យរដ្ឋាភិបាលបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញូម ឲ្យហួសពីកម្រិតដែលបានចែងក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើសិនជាទណ្ឌកម្មមិនត្រូវបានបន្ធូរបន្ថយ។

«យោងតាមច្បាប់នេះ បើសិនជាអាមេរិកមិនលើកទណ្ឌកម្មលើវិស័យហិរញ្ញវត្ថុ ធនាគារ និងប្រេងត្រឹមថ្ងៃទី២១ កុម្ភៈ នោះអ៊ីរ៉ង់នឹងបណ្តេញមន្ត្រីត្រួតពិនិត្យរបស់IAEAពីប្រទេស និងបញ្ចប់ការអនុវត្តដោយស្ម័គ្រចិត្តនូវកាតព្វកិច្ចក្នុងពិធីសារបន្ថែម»។ នេះយោងតាមលោកAhmad Amirabadi Farahani តំណាងរាស្ត្រអ៊ីរ៉ង់ ថ្លែងនៅថ្ងៃទី៩ មករា។ពិធីសារបន្ថែម លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចែងពីបេសកកម្ម និងសកម្មភាពរបស់IAEA ក្នុងការធានាថាអ៊ីរ៉ង់អនុលោមតាមកិច្ចព្រមព្រៀងខាងលើ។

នាថ្ងៃទី៤ មករា អ៊ីរ៉ង់ប្រកាសសម្រេចបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញូមដល់កម្រិត២០ភាគរយ នៅស្ថានីយនុយក្លេអ៊ែរក្រោមដី។ ការចម្រាញ់នេះ ជាការបំពានទៅនឹងការកំណត់នៃកិច្ចព្រមព្រៀងនេះ ដោយអនុញ្ញាតឲ្យចម្រាញ់សារធាតុអ៊ុយរ៉ាញូមត្រឹមតែ៣ទៅ៤ភាគរយសម្រាប់វិស័យស៊ីវិលប៉ុណ្ណោះ។ ការចម្រាញ់សារធាតុអ៊ុយរ៉ាញូមដល់ទៅ៩០ភាគរយ ទើបអាចផលិតអាវុធបាន។

អ៊ីរ៉ង់ ចាប់ផ្តើមបំពានកិច្ចព្រមព្រៀងនេះ នៅក្នុងឆ្នាំ២០១៩ ជាការឆ្លើយតបទៅនឹងការដែលលោកត្រាំដកអាមេរិកចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្មជាថ្មី។ អ៊ីរ៉ង់ បញ្ជាក់ថាខ្លួននឹងបញ្ឈប់ការបំពានកិច្ចព្រមព្រៀងនេះ បើសិនជាអាមេរិកដកកទណ្ឌកម្ម។

នៅថ្ងៃទី៩ មករា មេដឹកនាំកំពូលអ៊ីរ៉ង់ លោកAyatollah Ali Khamenei និយាយថាអាមេរិកមិនចាំបាច់ប្រញាប់ប្រញាល់ចូលកិច្ចព្រមព្រៀងនេះវិញទេ ប៉ុន្តែអាមេរិកត្រូវដកទណ្ឌកម្មជាបន្ទាន់។ បន្ថែមពីនេះ លោកអះអាងថាអ៊ីរ៉ង់នឹងមិនចចារលើកម្មវិធីមីស៊ីលរបស់ខ្លួនឡើយ។ អាមេរិក នឹងមហាអំណាចឯទៀតទាមទារឲ្យអ៊ីរ៉ង់ចចារបន្ថែមពីកម្មវិធីមីស៊ីលរបស់ខ្លួន ត្បិតអីបញ្ហានេះពុំបានបញ្ចូលក្នុងកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ឺរ៉ង់ គឺជាកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង និងប្រទេសមហាអំណាចទាំង៥ រួមមានអាមេរិក បារាំង ចិន រុស្ស៊ី អង់គ្លេស និងអាល្លឺម៉ង់ក្នុងការកំណត់ការស្តុក និងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលអាចប្រើប្រាស់ជាក្នុងការបង្កើតថាមពល ក៏ដូចជាអាវុធនុយក្លេអ៊ែរ។ កិច្ចព្រមព្រៀងដែលចចារពីឆ្នាំ២០១៣ ដល់២០១៥ កំហិតអ៊ីរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញូមត្រឹមតែ៣ទៅ៤ភាគរយសម្រាប់វិស័យស៊ីវិលប៉ុណ្ណោះ។
 
នៅខែសីហា ឆ្នាំ២០១៨ លោកត្រាំបានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយចាត់ទុកថាវាជាកិច្ចព្រមព្រៀងដែលអាក្រក់បំផុត។ លោក ថាកិច្ចព្រមព្រៀងនេះមិនក្តោបសកម្មភាពម៉ីស៊ីលបាលីស្ទីក និងសកម្មភាពយោធារបស់អ៊ីរ៉ង់នៅមជ្ឈិមបូពា៍រ៕





Tag:
 អាមេរិក
  អ៊ីរ៉ង់
  UN
© រក្សាសិទ្ធិដោយ thmeythmey.com