ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ខេត្តពោធិ៍សាត់ នឹងរៀបចំពិព័រណ៍សារមន្ទីរ ផ្តោតលើ«ជំនឿ និងពុទ្ធសាសនាសម័យកណ្ដាល» នៅឆ្នាំ២០២១
10, Jan 2021 , 10:30 pm        
រូបភាព
ដោយ:
 
ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ កំពុងតែប្រមែប្រមូលវត្ថុបុរាណ ចម្លាក់ថ្ម ចម្លាក់ឈើ កុលាលភាជន៍ និងវត្ថុដែលសេសសល់ពីបុរាណពីទីកន្លែងនានាទូទាំងខេត្ត ដើម្បីរៀបចំទៅជាសារមន្ទីរខេត្ត។ លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មានThmeyThmey25 ថាសារមន្ទីរនេះនឹងក្លាយជាទីទេសចរណ៍ថ្មីមួយសម្រាប់ខេត្តនៅពេលខាងមុខ។ លោក ឡាច ផេងលី បានឲ្យដឹងទៀតថា ខេត្តពោធិ៍សាត់ក៏ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជ្រើសរើសជាខេត្តដំបូង ដើម្បីពិព័រណ៍សារមន្ទីរផងដែរ។ ពិព័រណ៍សារមន្ទីរលើកដំបូងនៅក្នុងខេត្តពោធិ៍សាត់នេះ នឹងផ្តោតលើប្រធានបទ ជំនឿ និងព្រះពុទ្ធសាសនាសម័យកណ្ដាល។ ក្រោយការតាំងពិព័រណ៍ សារមន្ទីរខេត្តពោធិ៍សាត់ នឹងបើកទទួលសាធារណជនឲ្យចូលទស្សនា។


សូមអញ្ជើញលោកអ្នកនាងទស្សនាបទសម្ភាសរវាងសារព័ត៌មាន ThmeyThmey25 និងលោក ឡាច ផេលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ជុំវិញគម្រោងតាំងពិព័រណ៍សារមន្ទីរ និងបន្តស្វែងយល់ពីវត្ថុបុរាណនានា ដែលប្រមូលបានសម្រាប់តាំងក្នុងសារមន្ទីរ និងការតាំងពិព័រណ៍ជាមួយ លោក មីលីយ៉ា សុវត្ថិធី អ្នកគ្រប់គ្រងសារមន្ទីរខេត្តពោធិ៍សាត់ ដូចតទៅ៖

សារមន្ទីរខេត្តពោធិ៍សាត់កំពុងព្យាយាមប្រមូលវត្ថុបុរាណ ដែលនៅសេសសល់ក្នុងខេត្តដើម្បីយកមករៀបចំនៅក្នុងសារមន្ទីរដ៏ថ្មីសន្លាងរបស់ខ្លួន ក៏ដូចជាសម្រាប់ការបើកការតាំងពិព័រណ៍សារមន្ទីរ ដែលគ្រោងរៀបចំចុងឆ្នាំនៅក្នុងឆ្នាំ២០២១ខាងមុខផងដែរ។ លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា គម្រោងតាំងពិព័រណ៍នេះ នឹងផ្តោតលើ«ជំនឿ និងពុទ្ធសាសនាសម័យកណ្តាល»។ លោក ផេង លីបន្ថែមដូច្នេះ៖«សម័យកណ្ដាលគឺយើងផ្ដោត លើព្រះពុទ្ធរូប ហើយយើងក៏រៀបចំការបើកសម្ពោធ ឲ្យភ្ញៀវចូលទស្សនារូបព្រះពុទ្ធបដិមាសម័យកណ្ដាល ដោយមានជាការរៀបចំផ្លូវចូលជាដើម។ យើងប្រហែលជាត្រូវស្នើសុំសហការ ជាមួយកន្លែងអភិរក្សអង្គរផងដែរ »។

ពាក់ព័ន្ធនឹងគម្រោងតាំងពិព័រណ៍នេះ លោក មីលីយ៉ា សុវត្ថិធី អនុប្រធានមន្ទីរវប្បធម៌ខេត្តពោធិ៍សាត់ និងអ្នកគ្រប់គ្រងសារមន្ទីរខេត្តពោធិ៍សាត់ បានលម្អិតបន្ថែមថា ក្រសួងវប្បធម៌ បានណែនាំឲ្យខេត្តរៀ បចំការតាំងពិព័រណ៌នៅចុងឆ្នាំ២០២១ ហើយបង្កើតសារមន្ទីរខេត្តពោធិ៍សាត់ ទៅជាសារមន្ទីរនិយាយអំពីពុទ្ធសាសនា និងជំនឿសម័យកណ្ដាលតែម្តង។
ក្រោយការតាំងពិព័រណ៍រួច សារមន្ទីរខេត្តពោធិ៍សាត់ នឹងបើកឲ្យភ្ញៀវទេសចរចូលទស្សនាផងដែរ ដូច្នេះហើយបានជាពីពេលនេះ ទៅដល់ចុងឆ្នាំ២០២១នោះ អ្នកជំនាញត្រូវរៀបចំបច្ចេកទេសឲ្យរួចរាល់ទាំងការរៀបចំតាំងវត្ថុបុរាណ និងផែនទីទស្សនាសម្រាប់ទេសចរ។ លោក សុវត្ថិធី បន្ថែមដូច្នេះថា៖ «ការដំណើរការសារមន្ទីរ ត្រូវការ បច្ចេកទេសច្រើន។ ទីមួយយើងត្រូវមានបច្ចេកទេសសម្រាប់ការដាក់តាំងវត្ថុបុរាណ។ យើងត្រូវមានជើងទម្រ ត្រូវមានផែនទីសម្រាប់ឲ្យទេសចរចូលមើល។ យើងក៏ត្រូវមានលក្ខណៈសម្បត្តិផ្សេងទៀត សម្រាប់ការគាំទ្រដូចជា ការផ្ដល់សេវាកម្មជាដើម»។

បើតាមលោក ឡាច ផេងលី បច្ចុប្បន្នក្នុងសារមន្ទីរខេត្តពោធិ៍សាត់ មានវត្ថុបុរាណសរុបប្រមាណ ៧០០ ដែលបានចុះបញ្ជីខ្លះ និងមិនទាន់ចុះបញ្ជីខ្លះ។ ក្នុងចំណោមវត្ថុបុរាណទាំងនេះ មានដូចជាផ្ទាំងសិលាប្រាសាទ កុលាលភាជន៍ ព្រះពុទ្ធបដិមា និងសម្ភារប្រើប្រាស់ក្នុងសម័យបុរាណជាច្រើនទៀតផងដែរ៕

















Tag:
 សារមន្ទីរ
  ឡាច ផេងលី
  មីលីយ៉ា សុវត្ថិធី
  ទេសចរណ៍
  វប្បធម៌
  ThmeyThmey25
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com