ពីនេះ ពីនោះ
សុខភាព
ឧស្សាហ៍​ញ៊ាំ ប៉ុន្តែ​តិច​អត់​ដឹងថា “​តែ​បៃតង Matcha” អាច​យកមកប្រើ​រក្សា​សម្រស់​
07, Jun 2022 , 11:34 pm        
រូបភាព
​ទោះបីជា​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ញឹកញាប់​ក៏ដោយ ក៏​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា ក្រៅពី​ល្អ​ចំពោះ​សុខភាព​រាងកាយ តែ​បៃតង Matcha អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ចំពោះ​សម្រស់​។ ថា​តើ​តែ​បៃតង Matcha ល្អ​យ៉ាងណា​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ប្រើប្រាស់​តែ​បៃតង Matcha រក្សា​សម្រស់ ៖
 
១. សម្រាប់​ការបន្ថយ ឬ​ពន្យឺត​សញ្ញា​នៃ​ភាព​ចាស់​តាម​វ័យ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​តែ​បៃតង Matcha ជាមួយ​ទឹក​ប៉ុន្មាន​ដំណក់​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​តែ​បៃតង​លើ​ស្បែ​កមុខ និង​រងចាំ​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​។ វិធី​នេះ​នឹង​ជួយ​ការពារ​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ប្រសើរ ហើយ​ថែមទាំង​អាចធ្វើឱ្យ​ស្នាម​ជ្រីវជ្រួញ​ដែលមាន​ស្រាប់​ប្រែជា​មើល​លែង​សូវ​ឃើញ​ទៀតផង​។​
 
២. សម្រាប់​ព្យាបាល​ការ​រលាក​ស្បែក​ដោយសារ​កម្ដៅថ្ងៃ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​បៃតង Matcha មួយ​ពែង រួច​ទុក​រហូតដល់​ត្រជាក់ សឹម​ប្រើប្រាស់​បន្ទះ​សំឡី​ជ្រលក់​លាប​ផ្ដិតៗ​លើ​សហ​បែក​ដែល​ទទួលរង​ផលប៉ះពាល់​។​
 
៣. សម្រាប់​បង្រួម​រន្ធ​ញើស​និង​ព្យាបាល​ស្បែក​មុខខ្លាញ់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​បៃតង រួច​ចាក់​វា​ចូលក្នុង​ដប​មួយ​ដែលមាន​ក្បាល​បាញ់​។ នៅ​រាល់​ពេលដែល​មុខ​ហាក់ដូច​ឡើង​ខ្លាញ់ ចូរ​បាញ់​ទឹកតែ​បៃតង​លើ​មុខ និង​ជូត​ផ្ដិត​ថ្នមៗ​ឱ្យ​ស្ងួត​ដោយ​ប្រើប្រាស់​ក្រដាស​ទន់ៗ​។​
 
៤. សម្រាប់​ព្យាបាល​មុន​
 
​ក្រៅពី​ទទួលទាន​តែ​បៃតង Matcha ១ ពែង ជាប្រចាំ​ហើយ​នោះ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​តែ​បៃតង Matcha ជាមួយ​ទឹក​ធម្មតា​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​លាប​ម៉ាស្សា​លើ​ស្បែ​កមុខ​។ រងចាំ​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី មុនពេល​លាង​សម្អាត​ចេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com